សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាកំពុងបង្កើតគំរូមនុស្សយន្ត AI ដើម្បីជួយកិច្ចការងារផ្ទះរបស់មនុស្ស បន្ទាប់ពីគម្រោងផលិតរថយន្តបើកបរដោយខ្លួនឯងរយៈ ១០ ឆ្នាំត្រូវបានបរាជ័យ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Apple កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការបង្កើតមនុស្សយន្តប្រភេទថ្មី ដើម្បីបម្រើគ្រួសារ ដែលត្រូវបានគេចាត់ទុកថាជាគម្រោងទី ៣ របស់ក្រុមហ៊ុន បន្ទាប់ពីផលិតផលដែលបានបង្កើតឡើងដូចជា iPhone និង iPad ។ មនុស្សយន្តនេះត្រូវបានបំពាក់ដោយអេក្រង់ និងកាមេរ៉ា ហើយអាចតាមដានអ្នកប្រើប្រាស់នៅក្នុង និងជុំវិញផ្ទះ។
ប្រភពដដែលបាននិយាយទៀតថា មនុស្សយន្តនេះនឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ផ្តល់ព័ត៌មាន ឬផ្តល់ការព្រមាន ប្រសិនបើរកឃើញថាសមាជិកគ្រួសារស្ថិតក្នុងគ្រោះថ្នាក់។ អេក្រង់នៅលើឧបករណ៍អាចជំនួស iPhone ឬ iPad ដើម្បីធ្វើការហៅតាម FaceTime ប៉ុន្តែនឹងមានមុខងារជាច្រើនទៀត ដូចជាការពង្រីកលើមនុស្សជាក់លាក់នៅក្នុងហ្វូងមនុស្សជាដើម។ ដូច្នេះការបង្កើតមនុស្សយន្តធ្វើឡើងនៅក្នុងវិស្វកម្មផ្នែករឹង និងក្រុម AI ដែលគ្រប់គ្រងដោយនាយក John Giannandrea។
ព័ត៌មានអំពីក្រុមហ៊ុន Apple បង្កើតមនុស្សយន្តលេចឡើងក្នុងបរិបទដែលក្រុមហ៊ុនកំពុងប្រឈមមុខនឹងការលំបាកជាច្រើនចាប់តាំងពីដើមឆ្នាំមក នៅពេលដែលការលក់ iPhone ធ្លាក់ចុះនៅក្នុងប្រទេសចិន ក៏ដូចជាត្រូវបង់ប្រាក់ពិន័យជិតពីរពាន់លានដុល្លារនៅអឺរ៉ុប និងបណ្តឹងប្រឆាំងការទុកចិត្តពីនាយកដ្ឋានសហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនក៏បានបោះបង់ចោលនូវមហិច្ឆតារថយន្តបើកបរដោយខ្លួនឯងរយៈពេល ១០ ឆ្នាំ ដើម្បីផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើការកសាងផលិតផល AI វិញ។
យោងតាម Business Insider ការផលិតមនុស្សយន្តនៅផ្ទះត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងសម្រាប់ Apple ក្នុងការបង្កើនផលប័ត្រផលិតផលរបស់ខ្លួន។ ប្រភពខ្លះនិយាយថាក្រុមហ៊ុនបានចាប់ផ្តើមស្រាវជ្រាវមនុស្សយន្ត AI នេះតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ហើយក្រុមហ៊ុនក៏ត្រូវបានគេនិយាយថានឹងផ្តោតតែលើគំនិតមនុស្សយន្តមួយចំនួនដែលមានមុខងារកំណត់បន្ថែមទៀត ដូចជាការលាងចាន ឬការហៅជាវីដេអូជាដើម។
គួរបញ្ជាក់ដែរថា មនុស្សយន្តគ្រួសារមិនមែនជាផលិតផលថ្មីទេ ក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកបាននិងកំពុងអភិវឌ្ឍវាជាយូរមកហើយ។ ក្នុងឆ្នាំ ២០២១ Amazon ធ្លាប់បានណែនាំមនុស្សយន្តដែលមានឈ្មោះថា Astro ក្នុងតម្លៃ ១,៦០០ ដុល្លារ ប៉ុន្តែដំណើរការផលិតកម្មមានកម្រិត ហើយវាមិនទាន់ចេញលក់នៅលើទីផ្សារនៅឡើយទេ។ មនុស្សយន្តដែលពេញនិយមបំផុតសម្រាប់គេហដ្ឋានគឺ Roomba ដែលបានបង្ហាញខ្លួនកាលពី ២ ទសវត្សរ៍មុន៕










