ប្រទេសជប៉ុន ៖ បើយើងទៅកម្សាន្តនៅប្រទេសជប៉ុន ហាមយករបស់ញ៉ាំទាំងពីរយ៉ាងនេះឡើងលើរថយន្តក្រុងនៅជប៉ុនជាដាច់ខាត ។ មគ្គុទ្ទេសក៍ទេសចរណ៍ជប៉ុនបានបញ្ជាក់ហើយបញ្ជាក់ទៀតពីបម្រាមនេះ ដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ជួយសហការជាមុន ។
ក្នុង១ឆ្នាំៗ ប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរច្រើនបំផុត ជាពិសេស ភ្ញៀវទេសចរមកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។ ភ្ញៀវទេសចរជាច្រើននាក់មានគម្រោងធ្វើដំណើរទៅប្រទេសជប៉ុន ប៉ុន្តែពួកគេពុំទាន់ជ្រាបថា រថយន្តក្រុងដែលផ្តល់សេវាកម្មដឹកភ្ញៀវនៅប្រទេសជប៉ុន បានចេញបម្រាមអ្វីខ្លះសម្រាប់អ្នកធ្វើដំណើរតាមរថយន្ត ។
ក្រៅពីការណាត់ជួបគ្នាគោរពតាមពេលវេលា ជនជាតិជប៉ុន ឬភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តនៅតំបន់ទេសចរណ៍ផ្សេងៗ នៅពេលឡើងជិះរថយន្តក្រុង ពួកគេមិនអាចយកការ៉េម (ប្រភេទ Soft Serve Ice Cream) និងកែវកាហ្វេដែលគ្មានគំរបបិទ ឡើងលើរថយន្តក្រុងបានទេ ។
នៅតំបន់ទេសចរណ៍របស់ជប៉ុន មានហាងលក់ការ៉េម និងនំចំណីផ្សេងៗ ដែលភ្ញៀវទេសចរភាគច្រើនចូលចិត្តបរិភោគ ។ បើភ្ញៀវទេសចរចង់ទិញការ៉េមនៅតាមតំបន់ទេសចរណ៍ទាំងនេះ គឺពួកគេត្រូវតែបរិភោគការ៉េមនោះឱ្យអស់ជាមុនសិន មុនពេលឡើងជិះរថយន្តក្រុង ។ រីឯកាហ្វេវិញ មិនថាទិញពីហាងណា ឬកាហ្វេម៉ាកអ្វីទេ បើភ្ញៀវទេសចរចង់យកកាហ្វេឡើងលើរថយន្តក្រុង គឺត្រូវតែមានគំរបបិទឱ្យជិត ។
ការហាមឃាត់បែបនេះ ដោយសារជនជាតិជប៉ុនផ្តោតខ្លាំង និងយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យជាចម្បង ។ បើកន្លែងណាមានភាពកខ្វក់ បុគ្គលិករបស់រថយន្តក្រុងអាចចំណាយពេលវេលាជូតសម្អាតរថយន្តក្រុងគ្រប់កន្លែងទាំងអស់ ។ ហេតុនេះហើយ ទើបពួកគេសុំការសហការពីអ្នកដំណើរជាមុន ៕










