យោងតាមលទ្ធផលការស្រាវជ្រាវចុងក្រោយកាលពីឆ្នាំ២០២៣ របស់សាកលវិទ្យាល័យនៅប្រទេសបង់ក្លាដែស បានបង្ហាញថា អាកាសធាតុក្តៅខ្លាំងនឹងបណ្តាលឱ្យយើងប្រឈមនឹងរោគសញ្ញាខុសប្រក្រតីផ្សេងៗ ជាពិសេស វានឹងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ។
អាកាសធាតុកាន់តែក្តៅនឹងធ្វើឱ្យយើងមានអារម្មណ៍ថាមិនស្រួលខ្លួន និងអាចប៉ះពាល់ដល់រាងកាយ ដូចជា ៖ មាត់ស្ងួត, ខ្វះជាតិទឹក, អស់កម្លាំង, ឈាមរត់ខុសធម្មតា រហូតដល់កើតជំងឺដាច់សរសៃឈាមខួរក្បាល ។ មិនត្រឹមតែប៉ុណ្ណឹងទេ រោគសញ្ញាទាំងនេះក៏ប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរ ដូចជា ៖ វាធ្វើឱ្យយើងមានភាពតានតឹងផ្លូវចិត្ត, អស់កម្លាំងល្ហិតល្ហៃ, ឆាប់ខឹងមួម៉ៅ និងខ្វះការផ្តោតអារម្មណ៍លើការងារ ។ លើសពីនេះ អាកាសធាតុកាន់តែក្តៅខ្លាំង វានឹងប៉ះពាល់ដល់ប្រព័ន្ធប្រសាទថែមទៀត ។
លទ្ធផលការស្រាវជ្រាវនេះ គឺគេបានសិក្សាឡើងវិញទៅលើលទ្ធផលស្រាវជ្រាវចាស់ៗជាច្រើននាពេលកន្លងមក និងបញ្ជាក់បន្ថែមថា អាកាសធាតុក្តៅពិតជាធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តប្រាកដមែន ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញទិន្នន័យគួរឱ្យចាប់អារម្មណ៍ដូចខាងក្រោមនេះ ៖
១-ចំនួនអ្នកជំងឺ Bipolar (គឺអ្នកជំងឺមានអារម្មណ៍ខុសធម្មតា) បានទទួលការព្យាបាលកាន់តែខ្ពស់ ដោយសារពួកគេទទួលកំដៅព្រះអាទិត្យ និងសីតុណ្ហភាពខ្ពស់ ។ ក្រៅពីនេះ ក៏មានអ្នកជំងឺធ្លាក់ទឹកចិត្តផងដែរ និងការបង្ហាញអារម្មណ៍ឆេវឆាវខ្លាំងពេក រហូតមិនអាចគ្រប់គ្រងខ្លួនឯងបាន គឺកើនឡើងប្រមាណ៤០% ក្នុងអំឡុងពេលមានកំដៅខ្លាំង ។
២-សីតុណ្ហភាពកើនឡើងខ្ពស់នឹងធ្វើឱ្យការធ្វើអត្តឃាតកើនឡើង ។ គេរកឃើញថា អត្រាការធ្វើអត្តឃាតនឹងកើនឡើង១% សម្រាប់សីតុណ្ហភាពជាមធ្យមប្រចាំខែ ដែលបានកើនឡើង១អង្សាសេ ។
៣-បង្កើនហានិភ័យនៃការកើតជម្លោះរវាងបុគ្គល ដូចជា ៖ ការរំលោភបំពាន និងការប្រើអំពើហិង្សានៅក្នុងក្រុមគ្រួសារ ឬចាប់ផ្តើមមានសង្គ្រាមពាក្យសម្តី ជាដើម ។
ចំណែកក្រុមមនុស្សគួរឱ្យព្រួយបារម្ភបំផុត រួមមាន ៖ យុវជន និងមនុស្សចាស់ ជាពិសេស ទារក ពីព្រោះរាងកាយរបស់ពួកគេអាចគ្រប់គ្រងសីតុណ្ហភាពតិចជាងមនុស្សទូទៅ ។ ហេតុនេះ ធ្វើឱ្យពួកគេទទួលយកផលប៉ះពាល់ដោយសារកំដៅយ៉ាងឆាប់រហ័ស ឬមនុស្សចាស់អាចបញ្ចេញកំដៅពីរាងកាយបានតិច ៕










