នៅក្នុងឱកាសចូលឆ្នាំថ្មីជំនាន់ដើម ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបនឹងឈប់សម្រាកពីការងារឬការសិក្សា ដើម្បីអបអរដល់ថ្ងៃដ៏មហាឡារិកនេះ ដូចជាមានការរៀបចំសម្ភារៈត្រៀមទទួលទេវតាឆ្នាំថ្មី ទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃ ស្រង់ទឹកព្រះពុទ្ធបដិមារ និងលាងជម្រះចាស់ព្រឹទ្ធិចារ្យជាដើម។ ជាពិសេសគេសង្កេតឃើញថា តែងនិយមលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រជាដើម និងមិនដែលភ្លេចរាំលេងកម្សាន្តជាមួយនឹងចង្វាក់ប្រពៃណីខ្មែរ ដូចជារាំវង់ សារ៉ាវាន់ ឡាំលាវ។ល។

ជាមួយគ្នានេះ វប្បធម៌នៃការលេងជះទឹកក្នុងប្រទេសកម្ពុជា មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ជាពិសេសទទួលបានការពេញនិយមខ្លាំងតាំងពីសម័យរាស្រ្តនិយមមកម្លេះ។ ការលេងជះទឹកពីសម័យដើម គឺប្រកបដោយសេចក្ដីថ្លៃថ្នូរ “ជះ” ការជះនៅភាពមិនល្អចេញទៅក្រៅ ឬ ជះភាពមិនល្អនៃឆ្នាំចាស់ចេញពីខ្លួនរបស់យើង ហើយពាក្យជះទឹកមិនដូចគ្នា និង ពាក្យបាញ់ទឹកនោះទេ ។ ការលេងជះទឹក ប្រកបដោយអត្ថន័យយ៉ាងស៊ីជម្រៅ ទឹកជាគ្រឿងមង្គល នៃសិរីទាំង៣ប្រការផងដែរ ពោលគឺ “ពេលព្រឹក លាងមុខ” “ពេលថ្ងៃ លាងទ្រូង” និង “ពេលល្ងាច លាងជើង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtNGYtTx6UJfztnoNXo9miNEK81aDioIWys6jdWag4gnxmcTgwy3Tu9hQG6WFuDSndO5RZEm-AhvRDCQQ4YrTfxj9DvA2viGr_Hh9RBUvd6omH3yt1ea625DSdDZrhWHr4k3-vG6elf6fE_EvIhXOdwyJMfAycAKyNordeEfDeIXQB0MmnA_Kx3vlMDSU/s1076/Screenshot%202024-04-03%20132046.png

ការលេងជះទឹកតាមប្រពៃណីខ្មែរបុរាណមានដូចជា ទឹកមួយធុងមានផ្កា មានទឹកអប់ មានផ្ទឹល ឬ បោយទឹក ឬ ត្រឡោកដូង ដួសជះលើអ្នកដំណើរនៅតាមផ្លូវតូចៗ ក្នុងភូមិស្រុក ឬ សហគមន៍ ឬលេងតាមតំបន់ដែលកំណត់ឱ្យលេង ហើយការលេងជះទឹកនេះទៀតសោត គឺមិនគួរលេងតាមផ្លូវជាតិធំៗនោះទេ ព្រោះនាំឱ្យមានគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkbhIlC4IrFyvIyF8i6cZ-evYfvWRmwDwkNToC8Ew57n9Ay9unSmIuMKGzrAyt_tKQfJR3YdHv3Y-_Cd9c8hG1uZpk6dw4JWkhk6IzYaeFu892BFBVV_xX88rUGzcenkTToSw7GO9l-qbxLgQVpLoi0Mz5w4frVa29KYnrj2tyJAnvCkWlTYqStYeTmzc/s1073/Screenshot%202024-04-03%20132202.png

ការលេងជះទឹក ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិកម្ពុជា ទំនងត្រូវបានបង្កើតចេញពីពិធីស្រង់ព្រះ របស់អ្នកស្រុកតំបន់អង្គរ ដែលកើតមានក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីលាងជំរះស្រោចស្របលើព្រះពុទ្ធបដិមារដែលមានចំនួន ២៥អង្គ ដែលយោងតាមសាលាចារឹកដែលបានចារទុកលើប្រាសាទព្រះខ័ន និងតាមកំណត់ត្រាចិនរបស់លោកចូវ តាក្វាន់ ក៏បានចងក្រងទុកដំណាលនេះ។

ចំណែក ការលេងប៉ាតម៉្សៅក្នុងថ្ងៃចូលឆ្នាំខ្មែរ ទំនងជាទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា នៃពិធីប៉ាតម៉្សៅពណ៌ ឬ ប៉ាតល័ក្ស ក្នុងពិធីបុណ្យ “ហូលី” (Holi) គឺជាពិធីបុណ្យមួយនៅក្នុងសាសនាហិណ្ឌូ ដែលគេស្គាល់ថាជាពិធីបុណ្យពណ៌ (Festival of Colors) ។ នៅឥណ្ឌា គេប្រារព្ធ ពិធីបុណ្យនេះឡើងដើម្បីបញ្ជាក់ពីសេចក្តីស្រឡាញ់ដ៏អស់កល្ប និងដ៏ទេវភាពរបស់ ព្រះគ្រឹស្នា វាក៏បង្ហាញពីជ័យជំនះដែលអំពើល្អយកឈ្នះទៅលើអំពើអាក្រក់ផងដែរ តាមរយៈព្រេងកថានៃ អវតារ ព្រះវិស្ណុ។ ភាពល្បីល្បាញនៃពិធីបុណ្យនេះបានហូរចូលមកតំបន់អាស៊ីអាគ្នេយ៍ ព្រោះតែបុណ្យនេះប្រារព្ធនៅខែមីនា ហើយក៏កៀកនឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរនិងប្រទេសជិតខាងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXEiTl2z4dINcxqaoji5bVnHADl7qaHJV053x7KH-N6mlrEOV9DeGax-FUFREe-NLFFw6Ng1RkWo_BmVEL1ry1ELAzPefg_vnJeVpkpFJ_4Jjina1z1ADo2XiwYWMdMYp7uinq_OhegQi-qPgIBc7kWdgg8qr8sRJ-4uhS6rotMLBZLbd8DJG2-wp8hEU/s1070/Screenshot%202024-04-03%20132115.png

ជាមួយគ្នានេះ កាលដែលគេមិនប៉ាតម៉្សៅពណ៌ទំនងជាអាចប៉ះពាល់ដល់សុខភាព ទើបពលរដ្ឋខ្មែរពីមុនៗមក លេងត្រឹមការប៉ាតម្ស៉ៅស។ ការលេងប៉ាតម្ស៉ៅក្នុងថ្ងៃចូលឆ្នាំខ្មែរ របស់កម្ពុជាមានការពេញនិយមលេងខ្លាំងអំឡុងឆ្នាំ ២០០០ មកម៉្លេះបើគិតមកដល់ពេលនេះមានរយៈពេលជាង ២០ ឆ្នាំហើយ ដោយចាស់ពីដើមលោកយល់ថា មនុស្សមិនស្គាល់គ្នាសោះ ពួកគេអាចលេងប៉ាតម្សៅជាមួយគ្នា បង្កើតភាពស្និតស្នាល និង ក្ដីស្រលាញ់ ហើយអាចនាំពួកគេចាកឆ្ងាយពីល្បែងពាលាមួយចំនួន ក្នុងថ្ងៃចូលឆ្នាំខ្មែរនេះផងដែរ៕