ប្រទេសថៃ ៖ ក.ញ្ឆា សេរីបានក្លាយជាប្រធានបទមួយដែលប្រទេសថៃលើកយកមកជជែកគ្នាឡើងវិញ ក្រោយពីលោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ផ្តល់បទសម្ភាសន៍ពិសេសទៅកាន់សារព័ត៌មាន FRANCE 24 របស់បារាំង ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងអំពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីយក ក.ញ្ឆា ដាក់ក្នុងបញ្ជី ថ្នាំញៀ.ន ផងដែរ ។
*សារព័ត៌មាន FRANCE 24 សួរថា បានទទួលព័ត៌មានថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ថៃនឹងប្រកាសឱ្យកញ្ឆាត្រឡប់មកខុសច្បាប់ម្តងទៀត ប៉ុន្តែវាអាចប៉ះពាល់ដល់សេដកិច្ច តើលោកនាយករដ្ឋមន្ត្រីនឹងកំណត់គោលនយោបាយនេះបែបណា ដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច?
លោក Srettha Thavisin នាយករដ្ឋមន្ត្រីឆ្លើយតបថា លោកនឹងយកកញ្ឆាដាក់ក្នុងបញ្ជី ថ្នាំញៀ.ន ព្រោះលោកមិនឯកភាពនឹងការប្រើប្រាស់កញ្ឆាសេរីនាពេលបច្ចុប្បន្នទេ ។ រីឯពាក្យថា ធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចនោះ ស្តាប់ទៅ គឺជាពាក្យធ្ងន់ធ្ងរ ហើយលោកមិនគិតថា វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទេ ។ ប៉ុន្តែការប្រកាសឱ្យកញ្ឆាស្របច្បាប់ទៅវិញទេ គឺជាការធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃប្រកាសបែបនេះត្រឹមត្រូវហើយ ។
*សារព័ត៌មាន FRANCE 24 សួរបន្តថា តើលោកគិតថា អ្នកគ្រប់គ្រងកញ្ឆាគួរតែទទួលទោសតាមច្បាប់ដែរឬទេ? តើប្រទេសថៃមានទោសដាក់ពន្ធនាគារដែរទេ?
លោក Srettha Thavisin ឆ្លើយថា វាអាស្រ័យនៅលើបរិមាណ និងពេលវេលាផ្លាស់ប្តូរ ពីព្រោះនឹងមានពេលវេលាកញ្ឆាខុសច្បាប់, កញ្ឆាស្របច្បាប់ និងកញ្ឆាត្រឡប់មកខុសច្បាប់ ។ ដូច្នេះ យើងត្រូវតែផ្តល់ភាពយុត្តិធម៌ដល់អ្នកគ្រប់គ្រងកញ្ឆាផងដែរ ។
*សារព័ត៌មាន FRANCE 24 សួរបន្តទៀតថា បើកញ្ឆាត្រឡប់ទៅខុសច្បាប់វិញ តើលោកមិនគិតថា វានឹងប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មកញ្ឆាធំៗទេឬ?
លោក Srettha Thavisin ឆ្លើយថា លោកមិនគិតថា វាជាអាជីវកម្មធំទេ ហើយលោកគិតថា ផលប៉ះពាល់យ៉ាងខ្លាំង គឺដោយសារធ្វើឱ្យកញ្ឆាស្របច្បាប់ច្រើនជាង ។ វានឹងប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋថៃ ។
លោកនាយករដ្ឋមន្ត្រីបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានបរទេសពាក់ព័ន្ធនឹងគោលនយោបាយបន្ទាន់ និងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ។ លោកបានថ្លែងពីគោលនយោបាយយកកញ្ឆាដាក់ក្នុងបញ្ជីថ្នាំញៀនថា កន្លងមក ការប្រកាសឱ្យកញ្ឆាស្របច្បាប់នៅប្រទេសថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ និងច្រើនជាងផ្តល់លទ្ធផលល្អដល់សេដ្ឋកិច្ច ។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រធានបទពាក់ព័ន្ធនឹងនយោបាយនៅប្រទេសថៃផងដែរ ពីព្រោះលោកមកពីគណបក្សភឿថៃ តែងតែរងនូវការរិះគន់មួយចំនួន ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកមិនបារម្ភពីអ្វីដែលមិនអាចគ្រប់គ្រងបានទេ ប៉ុន្តែលោកនឹងផ្តល់ភាពសំខាន់ទៅលើអ្វីដែលអាចគ្រប់គ្រងបាន ព្រមទាំងរៀនសូត្រពីកំហុសឆ្គងរបស់រដ្ឋាភិបាលអាណត្តិមុន ។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា រដ្ឋាភិបាលអាណត្តិថ្មីមានគោលដៅច្បាស់លាស់ថា យើងនឹងធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋថៃល្អប្រសើរឡើង និងមានទំនុកចិត្តថា អនាគតរបស់ប្រទេសថៃនឹងមានប្រជាធិបតេយ្យកាន់តែខ្លាំង ។ បើមិនដូច្នេះទេ លោកប្រហែលជាមិនមកអង្គុយនៅចំណុចនេះទេ ៕










