ប្រទេសចិន ៖ សារព័ត៌មានបរទេសរាយការណ៍ថា ក្នុងអំឡុងពេលភ្ញៀវទេសចរដើរកម្សាន្តនៅឆ្នេរសមុទ្រសុខៗ ស្រាប់តែនារីៗបះសក់ត្រង់ឡើងលើដោយពុំដឹងមូលហេតុ ។ នៅពេលឃើញស្ថានការណ៍មិនស្រួល ពួកគេក៏ប្រញាប់នាំគ្នាឡើងជិះរថយន្តចេញពីឆ្នេរសមុទ្រនេះភ្លាមៗ ព្រោះខ្លាចមានហេតុការណ៍ អាក្រ.ក់ កើតឡើង ។ ប៉ុន្តែអ្នកជំនាញនិយាយថា បើជួបហេតុការណ៍បែបនេះ កុំអាលប្រញាប់រត់ ។
គេហទំព័រ Sohu រាយការណ៍ថា កាលពីឆ្នាំ២០២៣ មានភ្ញៀវទេសចរប្រុស-ស្រីមួយក្រុមបានជិះរថយន្តមកលេងនៅឆ្នេរសមុទ្រទីក្រុង Turpan តំបន់ស្វយ័ត Xinjiang Uyghur ប្រទេសចិន ។ ពេលមកដល់ឆ្នេរនេះ ស្រាប់តែនារីៗបះសក់ឡើងលើ ហើយពួកគេក៏ថតរូបភាពបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចែកចាយរូបភាពទាំងនេះជាច្រើន ។

អ្វីដែលគួរឱ្យចម្លែកចិត្តនោះ គឺពួកនាងៗបានបះសក់ឡើងលើក្នុងពេលដំណាលគ្នាពេលឈរនៅទីវាល ។ ហេតុនេះ ពួកនាងក៏សម្រេចចិត្តជិះរថយន្តចេញពីឆ្នេរនេះយ៉ាងប្រញាប់ ប៉ុន្តែបន្ទាប់ពីរថយន្តបើកចេញពីឆ្នេរប្រមាណ៣គីឡូម៉ែត្រ សក់របស់ពួកនាងក៏មានសភាពធម្មតាវិញ ។
ពេលឃើញរូបទាំងនេះ មហាជនណែនាំថា បើកើតហេតុការណ៍បែបនេះ ត្រូវតែប្រញាប់រត់ចេញពីកន្លែងនោះឱ្យបានឆាប់បំផុត ពីព្រោះវាអាចជាសញ្ញាគ្រោះថ្នាក់ប្រាប់ថា នឹងមានរន្ទះបាញ់កើតឡើង ។ ប៉ុន្តែអ្នកជំនាញនិយាយថា ពេលខ្លះ ការរត់គេចមិនមែនជាជម្រើសល្អសម្រាប់អ្នកដែលស្ថិតក្នុងហេតុការណ៍ខាងលើទេ ។
លោក Feng Minxue នាយកមជ្ឈមណ្ឌលការពាររន្ទះបាញ់ប្រចាំខេត្ត Jiangsu លើកឡើងថា ល្បឿនរបស់រន្ទះបាញ់លឿនខ្លាំងណាស់ ហើយការរត់គេច មិនមែនជាវិធីល្អបំផុតទេ ។ ផ្ទុយទៅវិញ វាអាចនឹងជំរុញចរន្តអគ្គិសនីឱ្យកាន់តែខ្លាំងថែមទៀត រហូតដល់មានគ្រោះថ្នាក់បាន ។
ចំណែកវិធីការពារខ្លួនពីរន្ទះបាញ់ រួមមាន ៖ បម្លាស់ទីពីកន្លែងខ្ពស់ភ្លាមៗ ដូចជា ៖ កំពូលភ្នំ, ជម្រាលភ្នំ ឬដំបូលអគារ ។ ក្រៅពីនេះ ត្រូវនៅឆ្ងាយពីកន្លែងល្ហល្ហេវ, កុំដេកលើឥដ្ឋ, កុំជ្រកក្រោមដើមឈើ និងកុំនៅក្នុងរណ្តៅរាក់ ៕