ប្រទេសម៉ិកស៊ិក ៖ សារព័ត៌មានបរទេសបានចុះផ្សាយពីហេតុការណ៍គួរឱ្យភ័យខ្លាចមួយ គឺយុវជនមួយក្រុមបានបបួលគ្នាទៅបោះតង់សម្រាកនៅឆ្នេរសមុទ្រ ប៉ុន្តែនៅសុខៗ ស្រាប់តែមានរឿងនឹកស្មានពុំដល់កើតឡើង ។ យុវជនទាំងនេះបានបោះតង់សម្រាកនៅក្បែរៗគ្នា ក្រោយពីសម្រាកលក់បានបន្តិច យុវជនម្នាក់ក៏ភ្ញាក់ដឹងខ្លួន និងឃើញក្រពើដ៏ធំ១ក្បាលដេកនៅក្បែរមិត្ត ប៉ុន្តែរូបគេពុំហ៊ានដាស់មិត្តទេ ព្រោះខ្លាចក្រពើខាំ ។

ហេតុការណ៍នេះបានកើតឡើងនៅឆ្នេរសមុទ្រទីក្រុង Jalisco ប្រទេសម៉ិកស៊ិក ដោយក្នុងវីដេអូបង្ហាញថា យុវជនទាំងនេះបាននាំគ្នាមកដេកហាលថ្ងៃ និងបោះតង់សម្រាកនៅឆ្នេរសមុទ្រ ។ នៅពេលយុវជនម្នាក់ឃើញក្រពើ រូបគេពុំហ៊ានដាស់មិត្តឱ្យភ្ញាក់ទេ ពីព្រោះខ្លាចមិត្តភ្ញាក់ផ្អើល ហើយស្រែកខ្លាំងៗ ។ ដូច្នេះ វានឹងធ្វើឱ្យក្រពើងាកទៅស៊ីមិត្តរបស់ខ្លួន ប៉ុន្តែសំណាងល្អ គ្មានអ្នកណាម្នាក់មានគ្រោះថ្នាក់ដោយសារក្រពើខាំទេ ។

អាជ្ញាធរប្រចាំឆ្នេរសមុទ្រទីក្រុង Jalisco បានដាស់តឿនឱ្យភ្ញៀវទេសចរទាំងអស់ប្រុងប្រយ័ត្នខ្លួន នៅពេលពួកគេបោះតង់សម្រាកនៅឆ្នេរសមុទ្រនេះ ដោយសារអាជ្ញាធរព្រួយបារម្ភពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ហើយពួកគេអាចមិនជួបសំណាងល្អដូចហេតុការណ៍នេះទេ ។https://i.dailymail.co.uk/1s/2024/03/27/15/82956707-13244719-image-a-5_1711554864287.jpg

វីដេអូនេះត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម និងធ្វើឱ្យមហាជនភ្ញាក់ផ្អើលដោយសារឃើញរូបភាពនេះ ។ មនុស្សមួយចំនួននិយាយថា បើជួបហេតុការណ៍នេះវិញ
ពួកគេនឹងមិនរួចខ្លួនទេ ខណៈអ្នកខ្លះទៀតនិយាយថា អ្នកថតវីដេអូនេះកំពុងតែរង់ចាំឱ្យក្រពើខាំមិត្តរបស់ខ្លួន ។ រីឯអ្នកខ្លះទៀតថា អ្នកថតវីដេអូអាចលេងសើចជាមួយមិត្តភក្តិក៏ថាបាន ពីព្រោះមើលទៅក្រពើនោះ គ្មានជីវិតទេ ។

គេជឿថា សត្វក្រពើបានផ្លាស់ទីលំនៅមកកាន់ឆ្នេរសមុទ្រ Boca de Iguanas ដែលស្ថិតនៅភាគខាងលិចប្រទេសម៉ិកស៊ិក ដោយសារតែនៅទីនេះ សម្បូរចំណីអាហារ និងកាកសំណល់ផ្សេងៗ ដែលគេបោះចោលនៅក្បែរកន្លែងបោះតង់ ។

ក្រោយកើតហេតុការណ៍នេះ រដ្ឋាភិបាលម៉ិកស៊ិកបានប្រកាសទៅកាន់ភ្ញៀវទេសចរថា ពេលមកកម្សាន្តនៅឆ្នេរសមុទ្រ ភ្ញៀវទេសចរម្នាក់ៗត្រូវទុកដាក់កាកសំណល់អាហារឱ្យបានត្រឹមត្រូវ និងទុកឱ្យឆ្ងាយពីប្រភពទឹក ។ បើមិនធ្វើបែបនេះទេ សត្វសាហាវផ្សេងៗនឹងមករកកាកសំណល់ទាំងនេះ ហើយវាអាចបណ្តាលឱ្យភ្ញៀវទេសចរមានគ្រោះថ្នាក់ដល់ជីវិត ៕