នៅពេលដែលអាកាសធាតុក្ដៅហួតហែងខ្លាំងពេក មានតែម៉ាស៊ីនត្រជាក់ប៉ុណ្ណោះដែលអាចជួយបាន ប៉ុន្តែការប្រើម៉ាស៊ីនត្រជាក់ច្រើនច្បាស់ជាធ្វើឱ្យថ្លៃភ្លើងប្រចាំខែអស់ច្រើនលើសពីធម្មតាដោយសារវាប្រើប្រាស់ថាមពលភ្លើងច្រើន។ ទោះជាយ៉ាងណា វិធី ៤ យ៉ាងខាងក្រោមនេះនឹងជួយសន្សំសំចៃថវិកាបានមួយកម្រិតពេលប្រើម៉ាស៊ីនត្រជាក់នារដូវក្ដៅបែបនេះ៖
១.កុំកំណត់សីតុណ្ហភាពទាបពេក៖ បើយោងតាមវិទ្យាស្ថានស្រាវជា្រវ The Energy and Resources Institute របស់ឥណ្ឌាបានបង្ហាញថាបើសិនជាប្ដូរពីការកំណត់សីតុណ្ហភាព ១៨-២១ អង្សាសេ មកដល់ ២៤ អង្សាសេ អាចជួយសន្សំសំចៃថវិកាបានជិត ៥៣ដុល្លារក្នុងមួយឆ្នាំ ហើយការប្ដូរពី ១៨-២១ អង្សាសេ មកដល់ ២៧ អង្សាសេ អាចសន្សំសំចៃបាន ៨៦ដុល្លារ។ នេះបង្ហាញថាការកំណត់កម្រិតសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់គឺអាចឱ្យអ្នកសន្សំសំចៃថវិកាបាន។ 
២.កំណត់ឱ្យបិទស្វ័យប្រវត្តិ៖ តាមរយៈតេឡេម៉ាស៊ីនត្រជាក់ អ្នកអាចកំណត់ឱ្យម៉ាស៊ីនត្រជាក់បិទស្វ័យប្រវត្តិនៅពេលទៀបភ្លឺ ដែលជាពេលសីតុណ្ហភាពខាងក្រៅចាប់ផ្ដើមចុះត្រជាក់ ហើយអ្នកអាចពឹងផ្អែកលើកង្ហារតែឯងបាន។
៣.ប្រើកង្ហារបន្ថែម៖ ម៉ាស៊ីនត្រជាក់ និងកង្ហារអាចផ្ដល់នូវប្រសិទ្ធភាពខ្ពស់បំផុតពេលដំណើរការជាមួយគ្នា។ កង្ហារអាចបាញ់ខ្យល់ត្រជាក់ដែលចេញពីម៉ាស៊ីនត្រជាក់ចំទីតាំងដែលអ្នកចង់បាន ហើយវាអាចជួយឱ្យញើសលើខ្លួនឆាប់ស្ងួត បង្កើតជាភាពត្រជាក់លើស្បែកបានយ៉ាងមានប្រសិទ្ធភាព និងលឿនបំផុត។
៤.សម្អាតតម្រងម៉ាស៊ីនត្រជាក់៖ ប្រសិនបើចង់សន្សំសំចៃឱ្យបានច្រើនមែននោះ ការលាងសម្អាតតម្រងម៉ាស៊ីនត្រជាក់ជាប្រចាំនឹងអាចជួយបាន។ តម្រងម៉ាស៊ីនត្រជាក់ដែលមានកកស្ទះដោយកម្ទេចធូលីច្រើន នឹងធ្វើឱ្យម៉ាស៊ីនត្រជាក់ខំធ្វើការរឹតតែខ្លាំងដើម្បីបញ្ចេញខ្យល់ត្រជាក់ ដែលចំណាយថាមពលច្រើន។ ការសម្អាតតម្រងខ្យល់នេះដែរគឺងាយស្រួលបំផុត ដែលអ្នកអាចធ្វើបានដោយខ្លួនឯង និងមិនពឹងពាក់អ្នកសម្អាតនោះទេ៕










