ល្បែងប្រជាប្រិយខ្មែរ ដែលភាគច្រើនគេតែងនិយមលេងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីជាការកម្សាន្ត ក៏ដូចជាអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មី ដែលក្នុងនោះ គេសង្កេតឃើញថា មានទាំងក្មេង ចាស់ ប្រុស ស្រី កំឡោះ ក្រមុំ ចូលរួមលេងសប្បាយយ៉ាងច្រើនកុះករ ក្នុងឱកាសដ៏មហាឡារិកនេះ។
១ ល្បែងទាញព្រ័ត្រ៖ ល្បែងទាញព្រ័ត្រ ដែលឆ្លាក់នៅតាមប្រាង្គប្រាសាទបុរាណនានានៃប្រទេសកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីរឿងកូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹតរវាងយក្សនិងទេវតា។ ល្បែងទាញព្រ័ត្រគឺត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥។ ល្បែងនេះ ត្រូវបានគេយកមកលេងដើម្បីសបញ្ជាក់អំពីសាមគ្គីភាពជាធ្លុងមួយដើម្បីសម្រេចបាននូវការងាររួម ជាពិសេសគឺត្រូវចេះស្រឡាញ់ យកអាសារគ្នាទៅវិញទៅមកក្នុងចំណោមអ្នកភូមិ។
២ ល្បែងស្តេចចង់៖ ល្បែងប្រពៃណីខ្មែរមួយបែបទៀត គឺស្តេចចង់ ដែលរបៀបនៃការលេងមិនកំណត់ចំនួនមនុស្សទេដោយដាក់ឲ្យឈរតោងគ្នាមួយជួរ បន្ទាប់មកគេរើសម្នាក់ទៀតសម្រាប់អង្គុយតំណាងធ្វើជាស្តេច។ ល្បែងនេះ គឺមានតំណាលថា នៅក្នុងឱកាសព្រះរាជពិធីមួយនោះ ព្រះបាទឥទ្រ្ទបត្តបុរី បានប្រឌិតល្បែងនេះឡើង ដើម្បីលេងកម្សាន្តជាមួយនឹងមហាមន្រ្តី បន្ទាប់ពីនោះមក ប្រជារាស្រ្តក៏បាននាំគ្នាលេងតាម និងបន្តរហូតមកដល់បច្ចុប្បន្ន។ ខណៈ គោលបំណងនៃល្បែងនេះ គឺបង្រៀនមនុស្សឲ្យចេះជ្រើសរើសមេដឹកនាំឲ្យបានត្រឹមត្រូវ ទើបនាំឲ្យមានសុខចម្រើនដល់ប្រទេសជាតិ។
៣ ល្បែងចាប់កូនខ្លែង ប្រឡែងកូនមាន់៖ ល្បែងនេះ គេលេងដោយជ្រើសយកម្នាក់មានមាឌធំ ដើម្បីធ្វើជាមេមាន់ ហើយអ្នកផ្សេងគឺធ្វើជាកូន ខណៈក៏ត្រូវជ្រើសម្នាក់ទៀតធ្វើជាខ្លែង ចាំចាប់កូនមាន់ផងដែរ។ អត្ថន័យនៃល្បែងនេះ គឺបង្រៀនមនុស្សឲ្យចេះប្រុងប្រយ័ត្ន ក៏ដូចជាចាំការពារមនុស្សក្នុងក្រុមគ្រួសារខ្លួនឲ្យបានល្អ។
៤ ល្បែងលាក់កន្សែង៖ ជាប្រភេទល្បែងប្រជាប្រិយខ្មែរមួយប្រភេទទៀត ដែលតម្រូវឲ្យមានគ្នាចាប់ពី៦នាក់ឡើងទៅ ឲ្យអង្គុយជារង្វង់ ហើយក៏មានម្នាក់ដើរជុំវិញនោះ ព្រមជាមួយនឹងកន្សែងឬក្រម៉ារុំឲ្យណែន ដើម្បីយកទៅលាក់ពីក្រោយខ្នង បញ្ឆោតអ្នកអង្គុយនោះ។ អត្ថន័យនៃល្បែងនេះ គឺដាស់តឿនឲ្យយើងមានស្មារតីរឹងមាំ រហ័សរហួន និងតែងត្រៀមខ្លួនជាមួយនឹងបញ្ហាជានិច្ច។
៥ ល្បែងចោលឈូង ៖ ល្បែងដែលគេនិយមលេងជាងគេក្នុងរដូវកាលចូលឆ្នាំខ្មែរ គឺល្បែងចោលឈូង ដែលល្បែងនេះត្រូវតម្រូវឲ្យឈរជា២ជួរទល់មុខគ្នា ប្រវែងចម្ងាយ១០ម៉ែត្រពីគ្នា ភាគច្រើនគឺ ស្រីមួយជួរ ប្រុសមួយជួរ។ បន្ទាប់មកគេយកកន្សែងឬក្រម៉ាឲ្យមូលតឹង ដើម្បីធ្វើជា«ឈូង» បោះទៅបោះមក។
៦ ល្បែងបោះអង្គញ់៖ សម្រាប់ល្បែងនេះ គេត្រូវចែកមនុស្សជា២ក្រុម មួយក្រុមចាប់ពី២នាក់ឡើងទៅ ហើយយកផ្លែអង្គញ់មក មកដាំកោយ ៣ -៥ និងចែកវេនគ្នា បោះម្ខាងៗទាល់តែអង្គញ់ទាំងនោះដួលអស់ផងដែរ។
ល្បែងប្រជាប្រិយខ្មែរមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្រៅពីល្បែងដែលបានរៀបរាប់ខាងលើនេះហើយ ក៏មានល្បែងមួយចំនួនទៀតដូចជា រុញអង្រែ វាយក្អម ឡើងសសរខ្លាញ់ លោតបាវ ដណ្តើមស្លឹកឈើ បោកចំបាប់ គុនដំបង លាក់មាន់ ល្បែងឱបត្រឡាច និងពាំពងទាដើម៕










