ភាពចម្រូងចម្រាស់កើតឡើងម្តងហើយម្តងទៀត ពាក់ព័ន្ធនឹងវប្បធម៌-អរិយធម៌ខ្មែរនិងថៃ ដែលកាលពីពេលថ្មីៗ មហាជនផ្ទុះប្រតិកម្មចំពោះពាក្យ«សង្ក្រាន្ត» របស់ខ្មែរថា អាចនឹងប្តូរឈ្មោះឬក៏យ៉ាងណា ខណៈដែលថៃបានចុះ Songkran នេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចទៅហើយកាលពីចុងឆ្នាំ ២០២៣។
យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួន ណាត ពាក្យថា «សង្ក្រាន្ត» គឺមានន័យថា ការឈានចូលដល់; ជាដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី, ជាពិធីចូលឆ្នាំថ្មី (ដែលសង្ក្រាន្តមានរយៈពេល៣ថ្ងៃគឺ ថ្ងៃទី ១ជាថ្ងៃចូលឆ្នាំខ្មែរ, ថ្ងៃទី ២ ជាថ្ងៃវ័នបត, ថ្ងៃទី ៣ ជាថ្ងៃឡើងស័ក)។
លើសពីនេះ ពាក្យ «សង្រ្កាន្ត» ក៏មានចែងនៅតាមសាលាចារឹកនានា នៃប្រាសាទអាយុកាលរាប់ពាន់ឆ្នាំរបស់កម្ពុជា ជាពិសេសនៅលើសាលាចារឹកប្រាសាទទេពប្រណម K.290 ,ប្រាសាទភិមានអាកាស K.291 ,សិលាចារឹក ប្រាសាទបឹងមាលា K.989 ,និងសិលាចារឹក ភ្នំសណ្តែក ខេត្តព្រះវិហារ K.195 ។
ប៉ុន្តែបើក្រឡេកមកមើលប្រទេសថៃវិញ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ គឺបានចុះ «Songkran» ជាមរតកវប្បធម៌អរូបី Intangible Culture Heritage ដោយអង្គការយូណេស្កូ។ និយមន័យ «មរតកវប្បធម៌» គឺជាការរាប់បញ្ចូលទាំងប្រពៃណី សិល្បៈ ឬការសម្តែងនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ដូច្នេះហើយ «មរតកវប្បធម៌អរូបី ឬ សម្បត្តិបេតិកភណ្ឌអរូបី» អាចនឹងស្រដៀងគ្នារវាងសហគមន៍ ឬប្រទេសក្បែរខាងនានា ព្រោះតែការផ្លាស់ប្តូរទីលំនៅឬការធ្វើអន្តប្រវេសន៍ផ្សេងៗ។ សរុបជារួម វាមិនសំដៅលើថា «សង្រ្កាន្តដែលថៃបានចុះជាសម្បត្តិបេតិកភណ្ឌអរូបី គឺជារបស់ថៃផ្តាច់មុខតែឯងនោះទេ» ប៉ុន្តែ វាគ្រាន់តែជាការចូលរួមចំណែកធ្វើឱ្យមានសមាហរន្តកម្ម ជាការលើកតម្កើង និងការយល់ដឹងពីអត្តសញ្ញាណជាតិខ្លួន។
ជាមួយគ្នានេះ យោងតាមការគូសបញ្ជាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៥ ខែមីនាបានឲ្យដឹងថា «សង្ក្រាន្ត» ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹក នានា តាមប្រាសាទនៅតំបន់អង្គរ។ យ៉ាងណាក្តីពិធីសង្ក្រាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធ រៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។ ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេស មួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី នឹងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗ នោះឡើយ៕










