ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌាបានចាប់ផ្តើមប្រារព្ធពិធីបុណ្យហូលី ដែលមានជនជាតិឥណ្ឌា និងហិណ្ឌូ បានមកចូលរួមពិធីបុណ្យនេះយ៉ាងច្រើនកុះករ ដើម្បីបញ្ចប់រដូវរងា និងឈានចូលនិទាឃរដូវ ។ គេបានឃើញហ្វូងមនុស្សម្នារាប់ពាន់នាក់មកប្រមូលផ្តុំគ្នានៅតាមដងទន្លេគង្គា ក្នុងរដ្ឋអ៊ុដ្រារ៉ាប្រាថេត ដើម្បីយកផេះបានពីការដុតសា.កស.ព និងម្សៅពណ៌ មកបាចដាក់គ្នាយ៉ាងសប្បាយរីករាយ ។
អ្នកមកចូលរួមក្នុងពិធីបុណ្យហូលី មានជំនឿថា ការយកផេះបានពីការដុតសាកសព និងម្សៅពណ៌ មកបាចដាក់គ្នាទៅវិញទៅមកបែបនេះ ដោយសារវាអាចបណ្តេញនូវរឿងរ៉ាវអាក្រក់ៗឱ្យចេញពីជីវិតរបស់ពួកគេ ។ ដូច្នេះ ការដុតភ្លើងនៅកណ្តាលពិធីដើម្បីយកផេះមកបាចដាក់គ្នានេះ គឺក្នុងគោលបំណងលាងជម្រះនូវរឿងមិនល្អឱ្យចេញពីក្នុងខ្លួន ។
លើសពីនេះ អ្នកមកចូលរួមពិធីបុណ្យទាំងអស់បានស្រែកហ៊ោខ្លាំងៗ និងរាំរែកយ៉ាងសប្បាយរីករាយ ដោយពួកគេបានឈរប្រជ្រៀតគ្នាយ៉ាងណែន ។ គេចាត់ទុកថា វាគឺជាពិធីបុណ្យមួយដែលបង្ហាញអំពីចំណងមិត្តភាពរវាងគ្នា និងធ្វើឱ្យពួកគេចេះអត់ឱនឱ្យគ្នាផងដែរ ។
បើទោះជាពិធីបុណ្យហូលី ត្រូវបានរៀបចំឡើងនៅប្រទេសឥណ្ឌា និងនេប៉ាល់ក្តី ប៉ុន្តែជនជាតិភាគតិចហិណ្ឌូ ក៏បានរៀបចំពិធីបុណ្យនេះនៅប្រទេសបង់ក្លាដែស និងប៉ាគីស្ថានផងដែរ ។
ក្រៅពីនេះ នៅតំបន់ខ្លះក្នុងប្រទេសមួយចំនួន ដែលមានពលរដ្ឋឥណ្ឌាកាន់សាសនាហិណ្ឌូរស់នៅ ក៏បានប្រារព្ធពិធីបុណ្យនេះដូចគ្នាដែរ ដូចជា ៖ ប្រទេសម៉ាឡេស៊ី, អាហ្វ្រិកខាងត្បូង, អង់គ្លេស, សហរដ្ឋអាមេរិក និងថៃ ជាដើម ៕










