ជាការពិត ប្រទេសនីមួយៗសុទ្ធតែមានរូបីយប័ណ្ណ ពោលគឺលុយតំណាងជាតិខ្លួន ដើម្បីចរាចរនៅទូទាំងប្រទេស។ ជាក់ស្តែង រូបីយប័ណ្ណរបស់ប្រទេសកម្ពុជា គឺ ប្រាក់«រៀល» ដែលប្រាក់រៀលខ្មែរបានបង្កើតជាលើកជាលើកដំបូងដោយធនាគារជាតិកម្ពុជា ចន្លោះឆ្នាំ១៩៥៤ ដល់ ១៩៦៤ បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង។ ![]()
ខណៈ ធនាគារជាតិកម្ពុជាគឺបានបិទទ្វារវិញក្នុងរបបខ្មែរក្រហម ១៩៧៥-១៩៧៩។ បន្ទាប់ពីបានផ្តួលរលំរបបខ្មែរក្រហមរួចមក ចន្លោះឆ្នាំ ១៩៧៥-១៩៩៣ ធនាគារជាតិកម្ពុជាក៏បានកសាងនិងចាប់ផ្តើមផលិតរូបីយប័ណ្ណខ្មែរឡើងវិញ ដោយគ្រានោះកម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារសេរី។ រីឯចាប់តាំងពី ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ននេះ ប្រព័ន្ធធនាគារត្រូវបានពង្រឹងនិងធ្វើទំនើបភាវូបនីយកម្មជាលំដាប់។
ទោះជាយ៉ាងណា បច្ចុប្បន្ន រូបីយប័ណ្ណខ្មែរត្រូវបានផលិតឡើងនិងកែសម្រួលជាបន្តបន្ទាប់។ ជាមួយគ្នានោះ រូបីយប័ណ្ណឬក្រដាសប្រាក់ខ្មែរនីមួយៗសុទ្ធតែបានរចនាឡើងដោយបង្ហាញពីភាពលេចធ្លោរបស់ខ្លួនយ៉ាងមានឥទ្ធិពលនិងស្រស់ស្អាត តាមរយៈការផ្សារភ្ជាប់រូបីយប័ណ្ណជាមួយនឹងវប្បធម៌អរិយធម៌ខ្មែរដ៏រុងរឿងពីអតីតកាល។
ខាងក្រោមនេះ គឺជាការបង្ហាញក្រដាសប្រាក់ខ្មែរ ដែលបានរចនាឡើង និងមិនភ្លេចបង្ហាញពីកិត្យានុភាពរបស់ខ្លួន តាមរយៈការដាក់តាំងប្រាសាទល្បីៗនិងតំបន់ប្រវត្តសាស្រ្តមួយចំនួននៃប្រទេសកម្ពុជា ៖
-ក្រដាសប្រាក់ ៥០០រៀល សេរ៊ីចាស់ មានរូបប្រាសាទអង្គវត្តខ្មែរ
-ក្រដាសប្រាក់ ១០០០រៀល សេរ៊ីចាស់ មានភ្ជាប់ជាមួយនឹងប្រាសាទបាយ័ន
-ក្រដាសប្រាក់ ១០០០រៀល សេរ៊ីថ្មី មានរូបក្លោងទ្វារជ័យនៃប្រាសាទបាយ័ន
-ក្រដាសប្រាក់ ២០០០រៀល សេរ៊ីថ្មី មានរូបប្រាសាទតោនៅតំបន់ប្រាសាទសម្បូរព្រៃគុក
-ក្រដាសប្រាក់ ២០០០រៀល សេរ៊ីចាស់ មានរូបប្រាសាទព្រះវិហារ
-ក្រដាសប្រាក់ ៥០០០រៀល មានរូបចម្លាក់លើជញ្ជាំងប្រាសាទបាយ័ន
-ក្រដាសប្រាក់ ១០,០០០រៀល មានរូបប្រាសាទនាគព័ន្ធ
-ក្រដាសប្រាក់ ២០,០០០រៀល មានរូបបណ្ណាល័យនៃប្រាសាទបន្ទាយស្រី
-ក្រដាសប្រាក់ ៥០,០០០រៀល មានរូបប្រាសាទបាគង
-ក្រដាសប្រាក់ ១០០,០០០រៀល មានរូបគ្រុដនៅលើកំពែងនៃប្រាសាទព្រះខ័ណ្ឌ៕










