នាពិធីសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖”មន្ទីរពេទ្យថ្មីចំនួន២ នឹងលេចរូបរាងឡើងនៅខេត្តកំពង់ចាម និងសៀមរាប ដើម្បីសម្រួលការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់ថវិការកម្ចីពីជប៉ុន”។
សម្តេចបវរធិបតី បានមានប្រសាសន៍ថា៖”រាជរដ្ឋាភិបាល ក្រៅពីពង្រឹងគុណភាពពេទ្យថ្នាក់ជាតិ គឺត្រូវពង្រឹងពេទ្យថ្នាក់ក្រោមជាតិផងដែរ ក្នុងនោះគឺត្រូវចាប់ផ្តើមពីពេទ្យថ្នាក់តំបន់ ដោយពង្រឹងទៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ ដើម្បីបិទគម្លាតរវាងខេត្ត និងរាជធានីតែម្តង”។
ចំពោះគម្រោងបង្កើតមន្ទីរពេទ្យតំបន់នេះ សម្តេចបានបញ្ជាក់ថានឹងប្រើប្រាស់កញ្ចប់ថវិកាកម្ចីពីជប៉ុន ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយ JICA កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ។
ក្នុងកិច្ចព្រមព្រៀងនោះ ជប៉ុនបានផ្តល់កម្ចីជាប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន ស្មើប្រមាណ ១៥៤លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នៅក្នុងប្រទេសកម្ពុជា៕










