ប្រទេសវៀតណាម ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Jing បានបញ្ជាឱ្យពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh (Long Thanh International Airport) នៅខេត្តដងណាយ ឱ្យរួចរាល់ក្នុងឆ មាសទី១ ឆ្នាំ២០២៦ ព្រមទាំងពន្លឿនការសាងសង់អគារអ្នកដំណើរ ទី៣ របស់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (Tan Son Nhat International Airport) នៅទីក្រុងហូជីមិញ ឱ្យរួចរាល់នៅចុងខែមេសា ឆ្នាំ២០២៥ ។
មេដឹកនាំវៀតណាមបានបញ្ជាទៅកាន់ក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម ដែលគ្រប់គ្រង និងដំណើរការអាកាសយានដ្ឋានស៊ីវិលទាំងអស់នៅក្នុងប្រទេស ដើម្បីជំរុញឱ្យពន្លឿនការសាងសង់ និងប្រាកដចិត្តថា ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដូចជា ៖ មន្ត្រី, វិស្វករ និងកម្មករ ខិតខំបំពេញការងាររបស់ខ្លួននៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដើម្បីឱ្យអាកាសយានដ្ឋានអន្តរជាតិ Long Thanh រួចរាល់ និងអាចប្រើប្រាស់នៅឆមាសទី១ ឆ្នាំ២០២៦ ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Jing បានបញ្ជាឱ្យក្រុមការងារពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិ ក្រោយពីលោកបានចុះត្រួតពិនិត្យគម្រោងការដ្ឋានអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅខេត្តដងណាយ និងគម្រោងការដ្ឋានសាងសង់អគារអ្នកដំណើរ ទី៣ របស់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ ។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្នុងគោលបំណងប្រើប្រាស់ជំនួសអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ដែលជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ប្រទេសវៀតណាម ។ អាកាសយានដ្ឋានអន្តរជាតិ Long Thanh បានដំណើរការសាងសង់ពេញលេញ តាំងពីចុងឆ្នាំ២០២២ មកម្ល៉េះ ។
គេរំពឹងថា អាកាសយានដ្ឋានអន្តរជាតិ Long Thanh នឹងចំណាយប្រាក់ប្រមាណ១៣.៨០០លានដុល្លារអាមេរិក ហើយរចនាម៉ូដការសាងសង់ឡើង ដើម្បីឱ្យអាកាសយានដ្ឋាននេះអាចទទួលអ្នកដំណើរ រហូតដល់១០០លាននាក់ និងទំនិញ៥លានតោនក្នុង១ឆ្នាំ ។ នៅដំណាក់កាលដំបូង អាកាសយានដ្ឋាននេះនឹងអាចទទួលអ្នកដំណើរ ចំនួន២៥លាននាក់ ។
ចំណែកគម្រោងសាងសង់អគារអ្នកដំណើរ ទី៣ របស់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ បើទោះជាក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាមបានដំណើរការសាងសង់យ៉ាងពេញលេញ និងរំពឹងថា ការសាងសង់នឹងបញ្ចប់រួចរាល់តាមពេលកំណត់ ប៉ុន្តែមេដឹកនាំវៀតណាមចង់ឱ្យការសាងសង់អគារអ្នកដំណើរថ្មីនេះរួចរាល់លឿនបំផុត ដើម្បីសម្រួលបន្ទុកអគារអ្នកដំណើរក្នុងស្រុក T1 ។ 
ហេតុនេះ មេដឹកនាំវៀតណាមបានកំណត់គោលដៅឱ្យអគារ T3 អាចប្រើប្រាស់បាននៅចុងខែមេសា ឆ្នាំ២០២៥ ។ នៅពេលសាងសង់រួចហើយ អគារអ្នកដំណើរ T3 នឹងអាចទទួលអ្នកដំណើរចំនួន៧.០០០នាក់ក្នុង១ម៉ោងក្នុងអំឡុងពេលប្រញាប់ ព្រមទាំងទទួលឱ្យយន្តហោះចុះចតបានគ្រប់ប្រភេទ ។
អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat គឺជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់វៀតណាម ដែលអាចទទួលអ្នកដំណើរ ចាប់ពី៦ម៉ឺន ទៅ៧ម៉ឺននាក់ក្នុង១ថ្ងៃ ។ កាលពីឆ្នាំ២០២៣ អាកាសយានដ្ឋាននេះបានទទួលដំណើរចំនួន៤០លាន៧សែននាក់ ខណៈអាកាសយានដ្ឋាននេះបានរចនាម៉ូដឡើងដើម្បីទទួលអ្នកដំណើរចំនួន២៨លាននាក់ ៕










