កម្មវិធី The Thomith Show ដែលមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយតារាចម្រៀង សាយ បានចូលរួមចែករំលែកបទពិសោធន៍ផ្សេងៗហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ទោះយ៉ាងណាកិច្ចសន្ទនា នេះបានធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់ច្រើនដោយសារតែការនិយាយភាសាខ្មែរលាយភាសាអង់គ្លេសច្រើន។ អ្នកខ្លះក៏បានលើកឡើងថា កម្មវិធីនេះល្អតែសំណូមពរកុំនិយាយលាយភាសាអង់គ្លេសច្រើនពេកប្រយោគខ្មែរឱ្យចំប្រយោគខ្មែរ ប្រយោគអង់គ្លេសឱ្យចំប្រយោគអង់គ្លេស។.png)
តាមរយៈការចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The Thomith Show លោក អ៊ួន បឋម ហៅ សាយ បានចែករំលែកនូវចំណេះដឹង ការមានទំនុកចិត្តលើខ្លួនឯង ការលើកទឹកចិត្ត ចំណង់ចំណូលចិត្តនិងបទពិសោធន៍ផ្សេងៗ។ ការចែករំលែកនេះសាធារណជនបានចាប់អារម្មណ៍ច្រើនពីចំណុចមួយដែល សាយ បានទម្លាយរឿងឈឺចាប់របស់ខ្លួនកាលពី១៤ឆ្នាំ ពេលបានទៅចូលរួមក្នុងកម្មវិធី Exchange មួយក្នុងន័យការទូតកាលពីឆ្នាំ២០១០ហើយត្រូវបានប្រទេសជិតខាងសួរបែបឌឺដងថា «ខ្មែរមានវប្បធម៌ផូរផង់ តើសិល្បករចេះតែងចម្រៀងឬនៅ?»។ អំឡុងពេលនោះលោកឈឺចាប់ណាស់ប៉ុន្តែមិនអាចឈ្លោះទាស់ទែងជាមួយគេបាននោះទេព្រោះត្រូវរក្សាឥរិយាបថទំនាក់ទំនង។.png)
ជាមួយការចាប់អារម្មណ៍ប្រធានបទនេះ សាយ រួមទាំងអ្នកនៅក្នុងកម្មវិធីត្រូវរងនូវមតិរិះគន់ពីសាធារណជនដូចគ្នាដោយសារតែការសន្ទនាក្នុងកម្មវិធីបាននិយាយភាសាខ្មែរលាយអង់គ្លេសច្រើន។
អ្នកលេងបណ្តាញសង្គមបានលើកឡើងជាច្រើន អ្នកខ្លះក៏បានរិះគន់ អ្នកខ្លះលើកឡើងថាកម្មវិធីល្អប៉ុន្តែគួរកាត់បន្ថយការប្រើប្រាស់ភាសាអង់គ្លេសលាយបញ្ចូលភាសាខ្មែរ ឬនិយាយភាសាអង់គ្លេសជាប្រយោគពេញតែម្តង។ មួយទៀតក៏មានការលើកឡើងថា ការចែករំលែកបទពិសោធន៍ក្នុងកម្មវិធីតើស្ថិតក្នុងគោលបំណងចង់ឱ្យអ្នកក្នុងស្រុកស្តាប់ឬក្រៅស្រុកស្តាប់ព្រោះបើធ្វើឱ្យអ្នកក្នុងស្រុកស្តាប់គួរប្រើភាសាខ្មែរឱ្យបានច្រើន។
ទន្ទឹមនឹងមតិសាធារណជនរិះគន់រឿងការនិយាយភាសាអង់គ្លេសលាយភាសាខ្មែរនេះដែរ សាយ បាននិយាយនៅលើបណ្តាញសង្គមថ្ងៃទី១៨ ខែមីនា ថា «OHHHH! ពេលព្រឹកដ៏ស្រស់ស្រាយជាមួយ Facebook ថាមែនៗ GenZ អើយជួយមើលៗបងផង»៕










