ជឿជាក់ថាមហាជនប្រើបណ្តាញសង្គមជ្រាបមកហើយថាកន្លងមកនេះតារាកំប្លែង ផេន ខេក ជាប់បំណុលគេរាប់ម៉ឺនដុល្លារថែមទាំងត្រូវបានម្ចាស់បំណុលផុសរូបនៅលើបណ្តាញសង្គមទៀត។ បន្ទាប់ពីខិតខំធ្វើការទាំងថ្ងៃទាំងយប់ជាង១ឆ្នាំ ផេន ខេក បានប្រាប់នៅក្នុងកិច្ចសម្ភាសថាបំណុលរបស់នាងចំនួន៣៥ម៉ឺនដុល្លារ មកទល់ពេលនេះនៅសល់តែ៧ម៉ឺនដុល្លារ។ ផេន ខេក ថាដំបូងឡើងការជំពាក់បំណុលតែ១៦ ០០០ដុល្លារប៉ុណ្ណោះប៉ុន្តែយកពីអ្នកនេះដោះអ្នកនោះទើបធ្វើឱ្យបំណុលកើនឡើង។
នៅក្នុងបទសម្ភាស «តាម Trend » នាថ្ងៃទី១៥ ខែមីនា ផេន ខេក បាននិយាយពីការជាប់បំណុលរបស់ខ្លួនថា កាលពីឆ្នាំ២០២៣ នាងជំពាក់បំណុលសរុបចំនួន៣៥ម៉ឺនដុល្លារគិតមកទល់ពេលនេះជាង១ឆ្នាំហើយ ខណៈតួលេខបំណុលនៅសល់តែ៧ម៉ឺនដុល្លារទៀតប៉ុណ្ណោះ។ 
ជាមួយគ្នានេះ ផេន ខេក បានទម្លាយពីដើមហេតុនាំឱ្យជំពាក់នេះដោយបានលើកឡើងថាដំបូងឡើយរូបនាងមិនមែនជាប់បំណុលទាំងអស់ចំនួន៣៥ម៉ឺនដុល្លារតែម្តងនោះទេ គឺកម្ចីតែ១៦០០០ដុល្លារប៉ុណ្ណោះនិងមានការជួយជ្រោមជ្រែងពីអ្នកនាង គង់ ស្រីមុំ ចំនួន៤ម៉ឺនដុល្លារ ដើម្បីយកមកបង្កើតប្រ៊េនផ្ទាល់ខ្លួនថ្នាំធ្វើឱ្យសាច់ស្អាត ដែលបូកសរុបទាំងអស់ក្នុងការបណ្តក់ទុនជាង៥ម៉ឺនដុល្លារ។
ផេន ខេក បានរៀបរាប់ទៀតថា ដើមឡើយការលក់ដូរ១ខែទៅ២ខែដំបូងលក់ដាច់លុះចូលដល់ខែទី៣ ទី៤ កូវីដវាយលុកលក់លែងដាច់ មានការទុកអីវ៉ាន់ដល់តែហួសដឺឡេយកបោះចោលតែម្តង និងបានក្លាយទៅជាការកើនបំណុលលុយដែលខ្ចីគេចំនួន១៦០០០ដុល្លារការឡើងដើម ដើមឡើងការ ខ្ចីពីអ្នកនេះទៅដាក់អ្នកនោះដោយសារខ្លាចម្ចាស់បំណុលអារម្មណ៍អត់សប្បាយចិត្តជាមួយខ្លួនតែទីបំផុតនាងក៏ធ្វើឱ្យគេល្អក់ចិត្តជានាងទាល់តែបាន ចុះឡើយៗទៅជាគរបំណុលហើយរយៈពេលជាច្រើនឆ្នាំទើបមានការបែកធ្លាយដែលមានទឹកលុយសរុបទាំងអស់៣៥ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា ផេន ខេក កំពុងបោះជំហ៊ានទៅកាន់វិស័យបវរកញ្ញា ជាបេក្ខភាពមួយរូបក្នុងការប្រកួត Miss Universe Cambodia ហើយរូបនាងក៏ជាប់វគ្គជម្រុះដំបូងផងដែរ។ ការងាកមកចាប់អារម្មណ៍ខាងវិស័យបវរកញ្ញានេះ ផេន ខេក បានតាំងចិត្តយ៉ាងមុតមាំដើម្បីចូលរួមបំបាត់ការរើសអើងភេទ និងរូបរាងផ្នែកខាងក្រៅរបស់មនុស្ស៕.png)










