Home ព័ត៌មានអន្តរជាតិ អ្នកអាយុច្រើននៅតែមានឱកាស! រដ្ឋាភិបាលសិង្ហបុរីឧបត្ថម្ភប្រាក់ដល់ពលរដ្ឋវ័យចំណាស់រៀនបច្ចេកវិទ្យា

អ្នកអាយុច្រើននៅតែមានឱកាស! រដ្ឋាភិបាលសិង្ហបុរីឧបត្ថម្ភប្រាក់ដល់ពលរដ្ឋវ័យចំណាស់រៀនបច្ចេកវិទ្យា

41
0

ប្រទេសសិង្ហបុរី ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលសិង្ហបុរីបានបង្ហាញគម្រោង Skills Future Credit ជាគម្រោងឧបត្ថម្ភប្រាក់ដល់ពលរដ្ឋមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ដើម្បីឱ្យពួកគេចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្ររងផ្នែកបច្ចេកវិទ្យា និងពហុបច្ចេកទេសក្រៅម៉ោង ។ ការឧបត្ថម្ភប្រាក់របស់រដ្ឋាភិបាលសិង្ហបុរី គឺពលរដ្ឋម្នាក់នឹងទទួលបានប្រាក់ចំនួន៤.០០០ដុល្លារអាមេរិក ។

ឧបនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោក Lawrence Wong ថ្លែងថា ការឧបត្ថម្ភប្រាក់ចំនួន៤.០០០ដុល្លារអាមេរិកនេះ នឹងអាចជួយឱ្យពលរដ្ឋមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ អាចអភិវឌ្ឍន៍ជំនាញនានាសម្រាប់ប្រកបមុខរបរបាន ស្របពេលការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅកន្លែងការងារនាពេលបច្ចុប្បន្ន បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។https://static1.straitstimes.com.sg/s3fs-public/articles/2020/02/25/nz_ong_250220.jpg?VersionId=U4_cd39dwE4RevvfyPML8RBtdhuVneR7

ក្រៅពីនេះ ពលរដ្ឋមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ នឹងទទួលបានប្រាក់ច្រើនបំផុតរហូតដល់៣.០០០ដុល្លារអាមេរិកក្នុង១ខែ សម្រាប់រយៈពេល២ឆ្នាំ បើពួកគេចុះឈ្មោះចូលរៀនពេញម៉ោងក្នុងវគ្គសិក្សាមួយចំនួន នៅឆ្នាំ២០២៥ ។

បើតាមរបាយការណ៍របស់សាកលវិទ្យាល័យពហុបច្ចេកទេសនៅប្រទេសសិង្ហបុរី Ngee Ann Polytechnic (NP) បង្ហាញថា ការផ្តល់ប្រាក់ឧបត្ថម្ភផ្នែកអប់រំនេះ នឹងជួយលើកទឹកចិត្តដល់កូនសិស្សមានអាយុច្រើនចំនួន២នាក់ ក្នុងចំណោម៣នាក់ ដែលចង់អភិវឌ្ឍន៍ខ្លួនតាមឱ្យទាន់បច្ចេកវិទ្យាក្នុងការងារ មិនថាពួកគេមានអាយុប៉ុន្មានក៏ដោយ ។https://static1.straitstimes.com.sg/s3fs-public/styles/large30x20/public/articles/2017/12/10/skillsfuture.jpg?VersionId=6vgm49gpP9ZUnrBod3DGJRYVDX7VlqMS

គួរបញ្ជាក់ថា សាកលវិទ្យាល័យ Ngee Ann Polytechnic មានកូនសិស្សចូលរៀនដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ស្មើជាង១៥% ក្នុងចំណោមកូនសិស្សមានអាយុច្រើនទាំងអស់ ។ កាលពីចុងឆ្នាំ២០២៣ កូនសិស្សមានអាយុក្រោម៣០ឆ្នាំ មកចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យនេះ ក៏បានកើនឡើងផងដែរ ។

Christy Chung គឺជានាយកសាកលវិទ្យាល័យ Ngee Ann Polytechnic លើកឡើងថា ប្រាក់ឧបត្ថម្ភនេះនឹងផ្តល់ទៅឱ្យបុគ្គលិកធ្វើការនៅតាមក្រុមហ៊ុន ឬស្ថាប័ននានាគ្រប់កម្រិត ដូចជា ៖ បុគ្គលិកធម្មតា, បុគ្គលិកមានជំនាញ, នាយកគ្រប់គ្រង និងអ្នកបច្ចេកទេស ។https://static1.straitstimes.com.sg/s3fs-public/styles/large30x20/public/articles/2017/10/05/photo6246650978933778366.jpg?VersionId=M9HRml5Qxu68Mr7_JSqy3M.tIT.RyPA6

កាលពីចុងឆ្នាំ២០២៣ ភ្នាក់ងារ Skills Future Singapore បានបង្ហាញរបាយការណ៍ថា ក្រុមហ៊ុនភាគច្រើននៅប្រទេសសិង្ហបុរី ត្រូវការបុគ្គលិកមានជំនាញខ្ពស់ផ្នែកគ្រប់គ្រងប្រព័ន្ធស្វ័យប្រវត្តិ និងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កែលម្អប្រព័ន្ធការផលិត ។ ប៉ុន្តែក្រុមហ៊ុនមានទំហំតូច និងមធ្យម នៅតែប្រឈមនឹងការខ្វះខាតបុគ្គលិកមានជំនាញបច្ចេកវិទ្យា និងខ្វះខាតដើមទុនសម្រាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ ៕