បរទេស៖ បើទោះបីជាមានឧបសគ្គជាច្រើនដែលរុស្ស៊ីកំពុងប្រឈមមុខទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចក៏ដោយ ក៏ប្រជាជនរុស្ស៊ីជិត ៩០% នៅតែជឿជាក់ និងគាំទ្រលោកពូទីនធ្វើជាប្រធានាធិបតីបន្តនាពេលខាងមុខ។
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ យោងតាម CNN បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ ពូទីន ទំនងនឹងឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទីប្រាំរបស់គាត់នៅក្នុងវិមានក្រឹមឡាំង និងគ្រប់គ្រងប្រទេសរុស្ស៊ីច្រើនជាងពេលណាទាំងអស់ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមក។ នេះបើតាមការស្ទង់មតិចុងក្រោយបង្អស់ដែលធ្វើឡើងដោយមជ្ឈមណ្ឌល Levada នៅទីក្រុងមូស្គូ បង្ហាញថា ៨៦% នៃប្រជាជនរុស្ស៊ីគាំទ្រប្រធានាធិបតីពូទីន នៅមុនការបោះឆ្នោតនៅសប្តាហ៍នេះ។
យោងតាមរបាយការណ៍ ៧៥% នៃអ្នកឆ្លើយសំណួរគិតថាប្រទេសនេះកំពុងដើរក្នុងទិសដៅត្រឹមត្រូវ ក៏ដូចជាគាំទ្រសកម្មភាពរបស់រដ្ឋាភិបាលរុស្ស៊ី និង ២១% ទៀតមិនយល់ស្រប។ លោក Dmitry ភ្នាក់ងារអចលនទ្រព្យអាយុ ៤១ ឆ្នាំមកពីសាធារណរដ្ឋកូមីនៅភាគខាងជើងឆ្ងាយរបស់រុស្ស៊ីបាននិយាយថា “យើងនឹងបោះឆ្នោតឱ្យប្រធានាធិបតីវ្ល៉ាឌីមៀពូទីនបន្តទៀត ដោយសារគាត់បានធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាប្រទេសកាន់តែប្រសើរឡើង” ។
គួរបញ្ជាក់ដែរថា លោកពូទីនត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីលើកដំបូងក្នុងឆ្នាំ ២០០០ ហើយបន្ទាប់មកបានជាប់ឆ្នោតបីដងទៀតគឺនៅឆ្នាំ ២០០៤, ២០១២ និង ២០១៨។ ប្រសិនបើគាត់ឈ្នះការបោះឆ្នោតនាពេលខាងមុខតាមការព្យាករណ៍ចុងក្រោយ លោកពូទីនអាយុ ៧១ ឆ្នាំនឹងបន្តដឹកនាំប្រទេសរុស្ស៊ីសម្រាប់អាណត្តិទី ៥ ដែលលើកនេះមានរយៈពេល ៦ ឆ្នាំគឺឆ្នាំ ២០២៤ ដល់ ២០៣០។
នេះបើយោងតាមវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបានអនុម័តដោយប្រទេសក្នុងឆ្នាំ ២០២០។ ការកំណត់អាណត្តិមានន័យថា លោកពូទីនក៏អាចឈរឈ្មោះជាអ្នកដឹកនាំវិមានក្រឹមឡាំងម្តងទៀតនៅឆ្នាំ ២០៣០ ផងដែរហើយប្រសិនបើជាប់ឆ្នោតម្តងទៀត លោកនឹងគ្រប់គ្រងរហូតដល់ឆ្នាំ ២០៣៦ ក្នុងអាយុ ៨៣ ឆ្នាំ៕










