ខ្ទឹមសនិងខ្ទឹមបារាំង គឺស្ទើរតែមិនអាចខ្វះបាននៅគ្រប់មុខម្ហូប ព្រោះវាមានរសជាតិឆ្ងាញ់ ជាពិសេសការទទួលទាន ផ្ទាប់ជាមួយសាច់អាំងជាដើម។ ប៉ុន្តែការបរិភោគខ្ទឹមទាំងនេះដោយផ្ទាល់ អាចបណ្តាលឱ្យយើងមានក្លិនមាត់មិនល្អ ដែលធ្វើឱ្យបាត់បង់ភាពជឿជាក់និងភាពអាម៉ាស់ផងដែរ ប្រសិនបើអ្នកនិយាយទៅកាន់អ្នកដទៃ។ ដូច្នេះដើម្បីបំបាត់ក្លិនមាត់មិនល្អ ក្រោយទទួលទានខ្ទឹមសនិងខ្ទឹមបារាំង អ្នកគួរអនុវត្តវិធីដូចខាងក្រោម៖
១.ទំពាស្ករកៅស៊ូ៖ ជ្រើសរើសប្រភេទស្ករកៅស៊ូដែលមានក្លិនជីអង្កាម ជាធម្មតាជួយកម្ចាត់ក្លិនមាត់យ៉ាងឆាប់រហ័សបំផុត។
២.ទំពាផ្លែប៉ោម៖ ទំពាផ្លែប៉ោង ២ ទៅ ៣ ចំណិត ក្រោយទទួលទានខ្ទឹមរួច ដោយសារផ្លែប៉ោមអាចបន្សាបសារធាតុស្ពាន់ធ័រ ដែលមាននៅក្នុងខ្ទឹមស និងខ្ទឹមបារាំងយ៉ាងមានប្រសិទ្ធភាព។
៣.សម្អាតអណ្តាត៖ អ្នកអាចប្រើឧបករណ៍កោសសម្អាតអណ្តាត ដើម្បីជួយក្នុងការកាត់បន្ថយសមាសធាតុស្ពាន់ធ័រ ដែលងាយនឹងបង្កជាក្លិននៅក្នុងមាត់របស់អ្នក។
៤.ទឹកក្រូចឆ្មារ៖ អ្នកអាចយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ ដាក់ក្នុងទឹកក្តៅឧណ្ហៗមួយពែង ហើយកូរវាបន្តិច រួចយកទឹកនេះមកខ្ពុរលាងសម្អាតមាត់រយៈពេល ២ ទៅ ៣ វិនាទី។ អ្នកអាចធ្វើបែបនេះ ១ ទៅ ២ ដងក្នុងមួយថ្ងៃ តាមដែលអាចធ្វើបាន ដ្បិតទឹកក្រូចឆ្មារមាន pH ទាប។ វាធ្វើឱ្យអសកម្មអង់ស៊ីម alliinase ដែលទទួលខុសត្រូវចំពោះការបំបែកសមាសធាតុស្ពាន់ធ័រ នៅក្នុងមាត់ដែលបណ្តាលឱ្យមានក្លិនមាត់មិនល្អ។
៥.លាងសម្អាតមាត់ដោយទឹកខ្ពុរមាត់៖ ការធ្វើតាមទម្លាប់នៃការដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញ ការសម្អាតអណ្តាត និងការលាងជម្រះមាត់របស់អ្នកជាមួយនឹងទឹកខ្ពុរមាត់ គឺជាវិធីដ៏ប្រាកដមួយ ក្នុងការធ្វើឱ្យដង្ហើមរបស់អ្នកស្រស់ស្រាយ។ ការអនុវត្តទាំងនេះត្រូវបានគេរកឃើញថាផ្តល់លទ្ធផលល្អបំផុតប្រឆាំងនឹងក្លិនមាត់អាក្រក់ ឬក្លិនមាត់មិនល្អ ហើយក៏ជាជម្រើសដោះស្រាយក្លិនបន្សល់ទុកពីការទទួលទានខ្ទឹមផងដែរ។ ដូច្នេះទឹកខ្ពុរមាត់ដែលមានសារធាតុ chlorine dioxide គឺជាជម្រើសដ៏ល្អបំផុតសម្រាប់កម្ចាត់ក្លិនមាត់មិនល្អ៕










