ប្រទេសចិន៖ ប្រទេសចិន បច្ចុប្បន្នបានប្រើប្រាស់ AI ដើម្បីគ្រប់គ្រងប្រព័ន្ធរថភ្លើងល្បឿនលឿនដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែវាមានសមត្ថភាពអាចទស្សន៍ទាយកំហុសបានយ៉ាងត្រឹមត្រូវ ដោយផ្តល់ការប្រកាសមុនពេលមានបញ្ហាកើតឡើងនៅលើផ្លូវរថភ្លើងល្បឿនលឿនដ៏ធំបំផុតនេះ។
បើយោងតាមសារព័ត៌មានបរទេស ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មុនពេលចិនចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់ពិភពលោកកាលពី ១៥ ឆ្នាំមុន បញ្ហាប្រឈមចម្បងដែលអ្នករិះគន់បានព្យាករណ៍នោះគឺការថែទាំ។ ក្រុមអ្នករិះគន់និយាយថា ការថែទាំនឹងក្លាយជាបន្ទុកមួយ ដោយសារប្រព័ន្ធផ្លូវដែកនៅទីបំផុតនឹងចាស់ទៅតាមពេលវេលា ហើយវានឹងបង្កើតបញ្ហាដែលត្រូវដោះស្រាយ។
ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះប្រទេសចិនកំពុងប្រើប្រាស់ AI (Artificial Intelligence) ដើម្បីគ្រប់គ្រងប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនធំបំផុតរបស់ពិភពលោក ក្នុងប្រតិបត្តិការ និងថែទាំបណ្តាញផ្លូវដែករបស់ខ្លួន។ ប្រព័ន្ធ AI ពិសេសនេះមានសមត្ថភាពទស្សន៍ទាយកំហុសបានត្រឹមត្រូវ និងចេញការព្រមានមុនពេលមានបញ្ហា ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាទាន់ពេលវេលានៃខ្សែរថភ្លើងល្បឿនលឿន។
បណ្តាញផ្លូវដែកល្បឿនលឿន ៤៥,០០០ គីឡូម៉ែត្រនេះគឺជាបណ្តាញផ្លូវដែកល្បឿនលឿនដ៏ធំបំផុតនៅលើផែនដី ហើយត្រូវបានគ្រប់គ្រងដោយប្រព័ន្ធ AI នៅក្នុងទីក្រុងប៉េកាំង។ យោងតាមវិស្វករដែលចូលរួមក្នុងគម្រោងនេះ ប្រព័ន្ធ AI នេះមានភាពត្រឹមត្រូវខ្ពស់ប្រហែល ៨៩% ហើយសម្រេចបាននូវចំណុចសំខាន់ៗមួយចំនួនក្នុងអំឡុងពេលប្រតិបត្តិការរបស់វា។
នៅក្នុងការអនុវត្តជាក់ស្តែង ប្រព័ន្ធ AI នេះដំណើរការទិន្នន័យយ៉ាងច្រើនក្នុងពេលវេលាជាក់ស្តែងទូទាំងប្រទេស។ វាក៏មានសមត្ថភាពក្នុងការជូនដំណឹងដល់ក្រុមថែទាំអំពីស្ថានភាពមិនធម្មតាក្នុងរយៈពេល ៤០ នាទីផងដែរ។ ជាមួយនឹង AI ចំនួននៃបញ្ហាផ្លូវតូចដែលលេចឡើងនៅក្នុងផ្លូវរថភ្លើងល្បឿនលឿនដែលកំពុងដំណើរការរបស់ប្រទេសចិនបានថយចុះ ៨០% ក្នុងរយៈពេលមួយឆ្នាំកន្លងមក។
លោក Liu Daoan ដែលជាវិស្វករជាន់ខ្ពស់នៅមជ្ឈមណ្ឌលត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៃសាជីវកម្មផ្លូវដែករដ្ឋចិនបានកត់សម្គាល់ថាប្រព័ន្ធ AI នេះពិតជាដំណើរការបានយ៉ាងល្អ។ លោកបានបន្តទៀតថា « ប្រព័ន្ធ AI នេះនឹងជួយក្រុមក្នុងកាត្រួតពិនិត្យ ក៏ដូចជាជួសជុលឡើងវិញបានលឿនតាមដែលអាចធ្វើទៅបាន »។
គួរបញ្ជាក់ដែរថា ផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសចិនគឺជាខ្សែបណ្តាញដែលដំណើរការលឿនបំផុតនៅក្នុងពិភពលោក។ ដោយបច្ចុប្បន្ននេះ វាបម្រើដល់រថភ្លើងដែលដំណើរការក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគ្រោងនឹងបង្កើនវាដល់ល្បឿន ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅឆ្នាំក្រោយ។ រដ្ឋាភិបាលក្រុងប៉េកាំងក៏មានគម្រោងបន្តពង្រីកផ្លូវនេះរហូតដល់វាតភ្ជាប់ទីក្រុងទាំងអស់ដែលមានប្រជាជនជាង ៥០ ម៉ឺននាក់ផងដែរ៕










