នាពេលបច្ចុប្បន្នសន្ទុះនៃការគាំទ្រភាពយន្តក្នុងស្រុកកាន់តែកើនឡើងជាបន្តបន្ទាប់ គួបផ្សំធនធាននៃការដឹកនាំរឿងរួមទាំងមហិច្ឆតាកូនខ្មែរចង់ប្រកួតប្រជែងលើទីផ្សារចង់ឱ្យភាពយន្តខ្មែរមិនចាញ់ភាពយន្តប្រទេសទំនើបៗនោះទេ។ ជាក់ស្តែង ផលិតកម្មក្នុងស្រុកសាស្តា្រហ្វៀម ដែលកំពុងឆក់ប្រជាប្រិយភាពទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសកំពុងបោះពួយទៅមុខជាលំដាប់រហូតភាពយន្តមួយមិនទាន់ទាំងចាក់បញ្ចាំងក្នុងរោងកុនផងត្រូវបានប្រទេសហ្វីលីពីនទិញសិទ្ធិយកទៅចាក់បញ្ចាំងមុនទៅហើយ។
តាមការបញ្ជាក់ពីអគ្គនាយិកាសាស្រ្តាហ្វៀមលោកស្រី ប៊ុន ចាន់និមល នៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីកន្លងទៅនេះបានឱ្យដឹងថាលោកស្រីបានបញ្ចប់ការចចារជោគជ័យមួយថ្មី។ ភាពយន្តខ្មែរ «ឃើញក្បាលខ្ញុំទេ?» ដែលនឹងចាក់បញ្ចាំងក្នុងប្រទេសកម្ពុជា នាខែមេសា ខាងមុខនេះត្រូវបានប្រទេសហ្វីលីពីនទិញសិទ្ធិចាក់បញ្ចាំងដំបូងគេ ក្នុងចំណោមប្រទេសផ្សេងៗទៀត។
ដំណឹងជោគជ័យលើភាពយន្តខ្មែរនេះទស្សនិកជនជាច្រើនក៏បានចូលរួមអបអរសាទរទៅកាន់លោកស្រី ប៊ុន ចាន់និមល ផងដែរ។ «ឃើញក្បាលខ្ញុំទេ?»( Where Is My Head?) នឹងបញ្ចាំងគ្រប់រោងកុនក្នុងប្រទេសកម្ពុជានាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ វណ្ណកម្មថ្មីរបស់ផលិតកម្មសាស្រ្តាហ្វៀមមួយនេះគឺជាស្នាដៃសម្តែងរបស់កញ្ញា វណ្ណៈបូរមី លំដាប់រងទី២ Miss universe Cambodia 2023 ដែលនាងគឺជាតារាសម្តែងម្នាក់លេចមុខទាំងរឿងភាគទូរទស្សន៍ និងភាពយន្តជាច្រើនគួរឱ្យកត់សម្គាល់។
ទន្ទឹមនឹងភាពជោគជ័យម្តងមួយជំហានៗរបស់លោកស្រី ប៊ុន ចាន់និមល កាន់តែធ្វើឱ្យភាពយន្តខ្មែរឆ្ពោះទៅមុខស្របតាមពាក្យស្លោករបស់លោកស្រី «ភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក» ខណៈផលិតកម្មរបស់លោកស្រីក៏បានសម្រិតសម្រាំងជាពិសេសទៅលើភាពយន្តប្រភេទ Zombie ដែលមានចំណងជើងថា «អ្នកម្តាយ Zombie» ដែលសម្តែងដោយកញ្ញា រឿន ណាត Miss universe Cambodia 2018 និងលោក លាវ វេងហួរ ម្ចាស់ជ័យលាភី Mister Friendship International 2023។
មហិច្ឆតាដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ លោកស្រី ប៊ុន ចាន់និមល ក៏បាននិយាយបេ្តជ្ញាចិត្តថា៥ឆ្នាំទៀតនឹងធ្វើឱ្យភាពយន្តខ្មែរទទួលស្គាល់ល្បីល្បាញដូចកុនកូរ៉េ និងហូលីវូដ។ ភាពយន្ត «ម៉ែក្រឡាភ្លើង» របស់លោកស្រី ដ្បិតមិនជោគជ័យចាក់បញ្ចាំងនៅប្រទេសថៃ ប៉ុន្តែភាពយន្តដ៏ល្បីល្បាញមួយនេះបានចាក់បញ្ចាំងបណ្តាប្រទេសឯទៀតដូចជាឡាវ ម៉ាឡេស៊ី រួមទាំងប្រទេសឥណ្ឌូនេស៊ី ទិញទាំងសិទ្ធិចាក់បញ្ចាំងនិងផលិតឡើងវិញផងដែលជាសញ្ញាល្អប្រសើរស្របពេលរឿងនេះរកបានចំណូលច្រើនជាងគេក្នុងចំណោមភាពយន្តខ្មែរដទៃទៀត៕










