ក្រោយពីការរិះគន់ជាខ្លាំងទៅលើតារាងចម្រៀងលោក ម៉ៅហាជី ក្រោយបញ្ចេញបទចម្រៀងក្រោមចំណងជើងថា Team ទឹកត្នោតជូរ ដែលមានអ្នកនិពន្ធទំនុកច្រៀងដោយ លោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយលើប្រព័ន្ធ YouTube នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រោមការផលិតរបស់ផលិតកម្មថោន។
ជុំវិញករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា៖”ការផលិតបទចម្រៀងខាងលើ ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ (សម្តេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជន ទៅបំភ្លៃដោយមិនមានខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម”។
ក្រសួងវប្បធម៌ តម្រូវឱ្យផលិតកម្ម ថោន លុបចោលជាបន្ទាន់នូវការបង្ហោះផ្សព្វផ្សាយបទ ចម្រៀងខាងលើ តាមគ្រប់មធ្យោបាយ និងត្រូវបញ្ឈប់នូវរាល់ការផលិតបទចម្រៀងដែលរំលោភច្បាប់ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងត្រូវធ្វើលិខិតសុំទោសសាធារណជន ចំពោះកំហុសដែលបានកើតឡើងនេះ៕











