ប្រទេសឥណ្ឌា៖ គ្រូបង្រៀន AI ដំបូងបង្អស់របស់ឥណ្ឌា Iris បានធ្វើឱ្យសិស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាងបានបង្ហាញខ្លួននៅក្នុងសាលារៀន KTCT នៃទីក្រុង Thiruvananthapuram រដ្ឋ Kerala ប្រទេសឥណ្ឌា។
កាលពីពេលថ្មីៗនេះ យោងតាម Hindustan Times បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានដាក់ដំណើរការគ្រូបង្រៀន AI នៅសាលារៀនជាផ្លូវការហើយ ដោយគ្រូបង្រៀនសិប្បនិម្មិតឈ្មោះ Iris គឺជាមនុស្សយន្ត AI ដំបូងបង្អស់នៅក្នុងរដ្ឋ Kerala និងជាមនុស្សយន្តដំបូងបង្អស់នៅក្នុងសាលារៀន KTCT ផងដែរ។
Iris អាចនិយាយបាន ៣ ភាសាគឺអង់គ្លេស ហិណ្ឌូ និងម៉ាឡាយ៉ាឡា ក៏ដូចជាមានសមត្ថភាពបង្រៀនមុខវិជ្ជាចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ រួមទាំងអាចឆ្លើយសំណួរដ៏ស្មុគស្មាញលើប្រធានបទជាច្រើន ហើយអាចទប់ស្កាត់ខ្លឹមសារមិនសមរម្យដូចជាគ្រឿងញៀន និងអំពើហិង្សាជាដើម។ នាងមានភាពរហ័សរហួន ឆ្លាតវ័យ និងអាចសម្របខ្លួនតាមតម្រូវការ ចំណូលចិត្តរបស់សិស្សម្នាក់ៗបានទៀតផង។ លើសពីនេះ Iris ក៏មានសមត្ថភាពផ្តល់អំណាចដល់អ្នកអប់រំក្នុងការផ្តល់នូវមេរៀនដែលទាក់ទាញ និងមានប្រសិទ្ធភាពមិនធ្លាប់មានពីមុនមកផងដែរ។
មនុស្សយន្តនេះគឺជាផ្នែកមួយនៃគម្រោង Atal Tinkering Lab (ATL) ដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Makerlabs ដើម្បីលើកកម្ពស់សកម្មភាពក្រៅកម្មវិធីសិក្សានៅក្នុងសាលារៀន។ លោកនាយក Meera MN បាននិយាយថា មនុស្សយន្ត AI នឹងរុញច្រានព្រំដែននៃ ‘អ្វីដែលអាចធ្វើទៅបាន’ នៅក្នុងវិស័យអប់រំ។ ដូច្នេះសិស្សានុសិស្សនឹងអាចអភិវឌ្ឍជំនាញជាច្រើនតាមរយៈការអនុវត្តន៍នៅក្នុងមន្ទីរពិសោធន៍ដូចជា មនុស្សយន្ត និងបញ្ញាសិប្បនិម្មិតជាដើម។ អ្នកតំណាងសាលាក៏បាននិយាយដែរថា “បទពិសោធន៍ទាំងនោះនឹងជួយឱ្យយើងដឹងពីសក្តានុពលនៃ AI” ។
គួរបញ្ជាក់ដែរថា Iris គឺជាគ្រូបង្រៀន AI ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ដែលនាងបានបង្ហាញខ្លួនដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារៀន KTCT នៃទីក្រុង Thiruvananthapuram ក្នុងរដ្ឋ Kerala។ ការប្រើប្រាស់ “គ្រូបង្រៀន AI” គឺជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការងារអប់រំរបស់រដ្ឋ Kerala ។ បន្ទាប់ពីមានមតិវិជ្ជមានជាច្រើន សាលារៀននេះមានសិស្សជាង ៣,០០០ នាក់ត្រូវបានគេនិយាយថាគ្រោងនឹងដាក់ពង្រាយបន្ថែមទៀតនៅឆ្នាំសិក្សាបន្ទាប់៕










