ក្នុងអំឡុងពេលដែលតម្លៃប្រេងឡើងថ្លៃរាល់ថ្ងៃបែបនេះ មនុស្សជាច្រើនមិនអាចគ្រប់គ្រងតម្លៃប្រេងដែលកំពុងតែឡើងថ្លៃបានទេ ដែលវាកំពុងក្លាយជាបញ្ហាដ៏ធំបំផុតសម្រាប់អ្នកបើកបរ។ ដូច្នេះដើម្បីកាត់បន្ថយការចំណាយរបស់អ្នក មានរឿងសំខាន់ដែលយើងត្រូវដឹងពីល្បិចសន្សំសំចៃ និងបច្ចេកទេសបើកបរណាដែលអាចជួយសន្សំសំចៃប្រេងបាន។
១.ប្រើល្បឿនថេរ ៨០-៩០ គីឡូម៉ែត្រក្នុងមួយម៉ោង៖ ដោយសារតែល្បឿននេះគឺជារយៈពេលដែលម៉ាស៊ីននឹងស៊ីប្រេងតិចបំផុតបើធៀបនឹងចម្ងាយដែលបានធ្វើដំណើរ។ អ្នកគួរតែបើកបរក្នុងល្បឿនថេរ កាត់បន្ថយការជាន់ហ្វ្រាំងមិនចាំបាច់ វាអាចចំណាយពេលយូរបន្តិចដើម្បីទៅដល់គោលដៅរបស់អ្នក ប៉ុន្តែការធ្វើបែបពិតជានឹងសន្សំសំចៃប្រេងកាន់តែច្រើន ។
២.លៃតម្រូវម៉ាស៊ីនត្រជាក់ឱ្យខ្ពស់ជាងមុនបន្តិច៖ ជាទូទៅប្រព័ន្ធម៉ាស៊ីនត្រជាក់របស់រថយន្តរួមចំណែកដល់ការបង្កើនការប្រើប្រេងរបស់ម៉ាស៊ីន។ ព្យាយាមលៃតម្រូវសីតុណ្ហភាពខ្ពស់ជាងធម្មតាបន្តិច យ៉ាងហោចណាស់ ខ្ពស់ជាង ២ ទៅ ៣ ដឺក្រេ ដែលវាជួយទៅដល់ខ្យល់របស់ម៉ាស៊ីនធ្វើការតិច ក៏ដូចជាជួយសន្សំសំចៃប្រេងកាន់តែច្រើន។
៣.ការជាន់ហ្គាលបន្ថែមល្បឿនមួយៗ កុំប្រយាប់ ៖ ម៉ាស៊ីនស៊ីប្រេងច្រើនបំផុតពេលយើងកំពុងជាន់ហ្គាលបន្ថែមល្បឿន ដូច្នេះនៅពេលបញ្ឆេះម៉ាស៊ីនហើយ អ្នកគួរតែជាន់ហ្គាលយឺតៗកុំប្រយាប់ ។ ប្រសិនបើអ្នកចង់បន្ថែមល្បឿន អ្នកគួរតែដកជើងចេញពីហ្គាល បន្ទាប់មកជាន់ហ្គាលបន្ថែមល្បឿនម្តងទៀត ការធ្វើបែបនេះនឹងជួយកាត់បន្ថយកម្លាំងម៉ាស៊ីនធ្វើការខ្លាំងជាងមុន។
៤.ដាក់លេខ N នៅពេលឈប់ស្តុប៖ ការធ្វើបែបនេះវានឹងកាត់បន្ថយការប្រើប្រាស់យ៉ាងហោចណាស់ ៣០% បើធៀបនឹងការដាក់ឧបករណ៍ D និងការជាន់ហ្វ្រាំង។ ប៉ុន្តែវិធីល្អបំផុតគឺចាប់ហ្វ្រាំង ឬដាក់ហ្រ្វាំងដៃដើម្បីកុំឱ្យរថយន្តវិល។
៥.សម្ពាធខ្យល់កង់កុំធូរពេក៖ ការប្រើប្រាស់ជាមួយសម្ពាធសំបកកង់ធូរ ឬទាបពេក វានឹងបង្កើនការកកិតរវាងផ្ទៃសំបកកង់ និងផ្ទៃផ្លូវ ដែលជាហេតុធ្វើឱ្យម៉ាស៊ីនស៊ីប្រេងកាន់តែច្រើន។ ដូច្នេះសំបកកង់គួរតែមានសម្ពាធខ្យល់ដែលត្រឹមត្រូវដូចដែលបានបញ្ជាក់ដោយក្រុមហ៊ុនផលិត។ បន្ថែមពីនេះ សម្ពាធខ្យល់កង់ត្រូវតែលើសពីធម្មតានៅពេលដឹកអ្នកដំណើរពេញ និងដឹកឥវ៉ាន់ (Full Load) រួមទាំងការដករបស់របរមិនចាំបាច់ចេញពីរថយន្ត៕










