រឿងនិទានខ្មែរបុរាណ «ព្រះនាងកែវណាម៉ាធីតាមុខសេះ» ដែលគ្រប់គ្នាបានស្គាល់និងចងចាំយ៉ាងច្បាស់អំពីសាច់រឿង ប៉ុន្តែស្ទើរតែមិនមានអ្នកដឹងទេថាចេតិយរបស់នាងគឺបាននឹងកំពុងមានវត្តមានលើទឹកដីនៃប្រទេសកម្ពុជាពិតមែន។
វត្តមួយកន្លែង ដែលត្រូវបានគេស្គាល់ថា «វត្តវិហារសំណ» មិនត្រឹមតែជាវត្តដ៏ចំណាស់មួយនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់របស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេជឿជាក់យ៉ាងមុតមាំថាវត្តនេះបានបន្សល់ទុកចេតិយបុរាណរបស់ «ព្រះនាងកែវណាម៉ាធីតាមុខសេះ» ដែលចេតិយដីមួយនេះគឺហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំនិងដើមជ្រៃរយឆ្នាំចាក់ឬសខ្វាត់ខ្វែងយ៉ាងខ្ពស់។ វត្តវិហារសំណនេះ គឺមានទីតាំងស្ថិតនៅ ភូមិវិហារហ្លួង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ចម្ងាយ ៣៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ កាត់តាមបណ្តោយផ្លូវជាតិលេខ៥ ឬវត្តនេះគឺស្ថិតនៅខាងជើងភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ចម្ងាយ ៣គីឡូម៉ែត្រ។
នាងកែវណាម៉ាក្បាលជាសត្វសេះ ក៏បានចងក្រងទុកក្នុងគម្ពីរព្រះពុទ្ធសាសនា ដែលចំណេរកាលក្រោយៗមក កម្ពុជាយើងបានបំប្លែងនិងសរសេរបានជាអត្ថបទអក្សរសិល្ប៍ខេមរភាសា។ ចំណែកប្រទេសថៃក៏បានបំប្លែងរឿងនេះនិងសរសេរតាមអត្តសញ្ញាតជាតិរបស់គេដែរ។
ទោះជាយ៉ាងណា ខ្សែភាពយន្ត«រឿងនាងកែវណាម៉ាធីតាមុខសេះ» របស់ផលិតកម្មសុវណ្ណគិរីភាពយន្ត ដឹកនាំរឿងដោយ លោក ហ៊ុយ គឹង និង លោកស្រី ឌី សាវ៉េត ដែលបានផលិតឡើងដំបូងក្នុងឆ្នាំ ១៩៦៨។ អំឡុងពេលនោះ ខ្សែភាពយន្តមួយនេះបានមានភាពល្បីល្បាញយ៉ាងខ្លាំង ដែលសន្ទុះនៃការគាំទ្រក៏បានរីកដុះដាលដល់ក្នុងសង្គមថៃនាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទៅមើលរឿងស្នាដៃខ្មែរនិពន្ធមួយនេះ ព្រោះកាលនោះវិស័យខ្សែភាពយន្តថៃមិនទាន់មានភាពរីកចម្រើននៅឡើយទេ ខណៈថៃក៏ពុំទាន់ផលិតរឿងនេះបានផងដែរ។ 
យ៉ាងណាមិញ អំឡុងទសវត្សឆ្នាំ៩០ជាង ប្រទេសថៃក៏បានចម្លងសាច់រឿងរបស់ខ្មែរមួយនេះទៅកែកុនឲ្យក្លាយជារបស់ខ្លួននិងផលិតឡើងវិញតាមបែបថៃប្រកបដោយភាពជោគជ័យ ហើយក៏យកទៅចាក់បញ្ចាំងតាមរយៈកញ្ចក់ទូរទស្សន៍បានយ៉ាងល្បីល្បាញបំផុត។ ខណៈបានធ្វើឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនខ្មែរមួយចំនួន ថារឿងនេះជារបស់ថៃទៅវិញផងដែរ៕










