លោក Jensen Huang ជា CEO របស់ Nvidia គឺជាក្រុមហ៊ុនបច្ចេកវិទ្យា និងផ្នែក Software ដែលមានទីតាំងនៅទីក្រុង Santa Clara រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចូលរួមក្នុងសិក្ខាសាលាមួយអំពីប្រធានបទ «Economic Policy Research Summit» ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Stanford ។ លោកបានឆ្លើយតបសំណួរទៅកាន់អ្នកចូលរួមថា លោកគិតថា រយៈពេលមិនយូរទៀតទេ បច្ចេកវិទ្យា AI នឹងអាចឆ្លើយតបគ្រប់សំណួរប្រឡងទាំងអស់ដូចមនុស្សយើងដែរ ។)
លោក Jensen Huang លើកឡើងថា សំណួរនេះទូលំទូលាយណាស់ ហើយវាស្ថិតនៅលើយើងសម្លឹងទៅមើលគោលដៅបានកម្រិតណា ប៉ុន្តែការសន្និដ្ឋានថា បច្ចេកវិទ្យា AI នឹងអាចឆ្លើយតបសំណួរគ្រប់យ៉ាងដូចមនុស្សទាំងអស់នោះ គឺមិនលើសពី៥ឆ្នាំទៀតទេ ។ បច្ចុប្បន្ន AI អាចឆ្លើយតបសំណួរប្រឡងបានច្រើនមុខវិជ្ជា ហើយនៅតែមុខវិជ្ជាមួយចំនួនប៉ុណ្ណោះ ដែល AI ពុំទាន់អាចឆ្លើយតបបាន ។
លោកបន្តថា បើនិយាយអំពីបច្ចេកវិទ្យា AI អាចធ្វើការងារគ្រប់យ៉ាងជំនួសមនុស្ស ឬហៅថា (AGI – Artificial General Intelligence) គឺយើងត្រូវចំណាយពេលយូរជាងនេះ ពីព្រោះមានការយល់ឃើញខុសគ្នាថា កុំព្យូទ័រមិនអាចធ្វើតាមការគិតរបស់ខួរក្បាលមនុស្សបានទេ ។
អ្នកចូលរួមបានសួរថា តើពិភពលោក ត្រូវមានរោងចក្រផលិតបន្ទះឈីប (Fabs) ច្រើនប៉ុនណា ទើបគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការផ្នែក AI ? ហើយអ្នកចូលរួមបានលើកឡើងពីករណីលោក Sam Altman គឺជា CEO របស់ក្រុមហ៊ុន OpenAI ដែលបានស្វែងរកដើមទុនសាងសង់រោងចក្រផលិតបន្ទះឈីប ។
លោក Jensen Huang ឆ្លើយតបថា ពិភពលោក ពិតជាត្រូវការបន្ទះឈីបកាន់តែច្រើនថែមទៀត ហើយការផលិតបន្ទះឈីបបានល្អឡើងជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការប្រើប្រាស់ ខណៈការវាយតម្លៃបច្ចេកវិទ្យា AI បានល្អប្រសើរឡើងផងដែរ ។ ចំណែកក្រុមហ៊ុន Nvidia របស់លោក ក៏បានរចនាបន្ទះឈីបឱ្យមានដំណើរការល្អជាងមុនច្រើន ក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះ ៕










