បើយោងតាម Statista ដែលជាវេទិកាអនឡាញរបស់ប្រទេសអាល្លឺម៉ង់មានជំនាញក្នុងការស្រាវជ្រាវប្រមូលទិន្នន័យផ្ទាល់តាមរយៈការស្ទង់មតិ និងការវិភាគពិត បានឱ្យដឹងថា ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ ប្រទេសសិង្ហបុរីមានអាយុកាលជាមធ្យមខ្ពស់បំផុត ពោលគឺប្រជាជនមានអាយុវែងបំផុត ដោយស្ថិតនៅចំណាត់ថ្នាក់ទី ១ ដោយសារផែនការថែទាំសុខភាពជាសកលប្រកបដោយជោគជ័យ ជាមួយនឹងការចាក់ថ្នាំបង្ការកុមារដ៏ល្អឥតខ្ចោះ ដែលផ្តល់ជូនប្រជាពលរដ្ឋរបស់ខ្លួននូវការថែទាំសុខភាពកាន់តែប្រសើរឡើងតាំងពីកំណើត រួមទាំងភាពប្រសើរឡើងនៃអនាម័យក្នុងសង្គម ធ្វើឱ្យប្រជាជនក្នុងប្រទេសនេះមានអាយុវែងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។
ទោះជាយ៉ាងណាក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ នេះប្រទេសដែលមានប្រជាជនអាយុខ្លីបំផុតគឺប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់លេខ ១១ ដោយសារកង្វះខាតអនាម័យ គ្មានប្រព័ន្ធថែទាំសុខភាពត្រឹមត្រូវ និងជាប្រទេសដែលកំពុងមានភាពចលាចលក្នុងសង្គម ដូច្នេះមិនមានផែនការថែទាំសុខភាពប្រជាជនឱ្យបានត្រឹមត្រូវតាមស្តង់ដារនោះទេ។ រីឯប្រទេសទីម័រវិញក៏ស្ថិតក្នុងចំណោមប្រទេសដែលមានប្រជាជនអាយុខ្លីបំផុតផងដែរ ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ១០ នៅអាស៊ីអាគ្នេយ៍ និងលេខ ៩ ប្រទេសឡាវ, លេខ ៨ ប្រទេសឥណ្ឌូនេស៊ី, លេខ ៧ ប្រទេសកម្ពុជា, លេខ ៦ ប្រទេសភីលីពីន, លេខ ៥ ប្រទេសប្រ៊ុយណេ, លេខ ៤ ប្រទេសវៀតណាម , និងលេខ ៣ ប្រទេសម៉ាឡេស៊ី, ក៏ដូចជាលេខ ២ បានទៅលើប្រទេសថៃ។
ដូច្នេះហើយខាងក្រោមនេះគឺជាអាយុសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជននៅតាមបណ្តាប្រទេសនីមួយៗនៃអាស៊ីអាគ្នេយ៍៖
១.ប្រទេសសិង្ហបុរី មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៨៤.៣ ឆ្នាំ ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ីអាគ្នេយ៍ និងទី ៥ នៅលើពិភពលោក
២.ប្រទេសថៃ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៩.៩ ឆ្នាំ
៣ .ប្រទេសម៉ាឡេស៊ី មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៦.៤ ឆ្នាំ
៤.ប្រទេសវៀតណាម មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៤.៧ ឆ្នាំ
៥.ប្រទេសប្រ៊ុយណេ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៤.៥ ឆ្នាំ
៦.ប្រទេសភីលីពីន មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧២.៣ ឆ្នាំ
៧.ប្រទេសកម្ពុជា មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧១.៥ ឆ្នាំ
៨.ប្រទេសឥណ្ឌូនេស៊ី មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧១.១ ឆ្នាំ
៩.ប្រទេសឡាវ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៦៩.៣ ឆ្នាំ
១០.ប្រទេសទីម័រ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៦៩.៣ ឆ្នាំ
១១.ប្រទេសមីយ៉ាន់ម៉ា មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៦៧.៥ ឆ្នាំ៕










