បុណ្យទន្លេលើកទី៨ ឆ្នាំនេះនឹងប្រារព្ធឡើងរយៈពេល២ថ្ងៃជាប់ៗគ្នាគឺនៅថ្ងៃសៅរ៍និងអាទិត្យ ទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនៅលើទឹកដីនៃខេត្តសៀមរាប។
យោងតាមការបង្ហោះកាលពីពេលថ្មីៗនេះដោយរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ក្រសួងទេសចរណ៍នឹងរួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ“។
នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើនដែលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិអាចរីករាយ កម្សាន្តបានដូចជា៖ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនា សៀមរាប ២០២៤។ ជាមួយគ្នានេះ ក៏មានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង សកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street។
រីឯគោលបំណងនៅក្នុងការរៀបចំនៃ«ពិធីបុណ្យទន្លេ»វិញនេះគឺដើម្បីរួមចំណែកជម្រុញកំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាបនិងបណ្តាខេត្តនានាតាមដងទន្លេនៃប្រទេសកម្ពុជា លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញផ្សព្វផ្សាយនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមបណ្តាខេត្តនានាចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ តែបានផ្អាករយៈពេល២ឆ្នាំគឺឆ្នាំ២០២១និង២០២២ដោយសារតែជំងឺឆ្លងរាតត្បាតកូវីត១៩។ ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៨ហើយនៃពិធីបុណ្យទន្លេ ដែលនឹងប្រារព្ធឡើងក្នុងខេត្តសៀមរាប។ ខណៈកាលពីឆ្នាំ ២០២៣ បុណ្យនេះគឺបានរៀបចំនៅខេត្តកំពង់ធំ, ២០២០ នៅខេត្តបាត់ដំបង, ២០១៩ នៅខេត្តកំពង់ឆ្នាំង, ២០១៨ នៅខេត្តកណ្តាល, ២០១៧ នៅកំពង់ចាមនិងត្បូងឃ្មុំ, ឆ្នាំ២០១៦ នៅស្ទឹងត្រែង ,និងកាលពីឆ្នាំ២០១៥ នៅខេត្តក្រចេះផងដែរ៕










