យុវជន វ៉ាត វ៉ាន់ ត្រូវបានមហាជនស្គាល់តាមរយៈក្នុងការបង្ហាញស្នាដៃរបស់ខ្លួនលើការតុបតែងមុខពីសិល្បៈផ្សេងៗដូចជាប្រាសាទខ្មែរជាដើម។ ថ្មីៗនេះលោកបានលើកឡើងពីទស្សនៈផ្ទាល់ខ្លួននូវហេតុការណ៍ក្តៅគគុកមួយដែលមានជនបរទេសម្នាក់ចោទប៉ូលិសចរាចរណ៍ខ្មែរថាបានផាកលុយចំនួន២៥០ដុល្លារដោយសារអត់មួកសុវត្ថិភាព។ វ៉ាត វ៉ាន់ ថា ការចោទរបស់ជនបរទេសនេះហួសហេតុពេកដោយសង្ឃឹមថាប្រជាជនខ្មែរគិតមុនវិភាគ និងវាយតម្លៃកុំគិតថាខ្មែរយើង ឬជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។
នៅយប់ថ្ងៃទី១ មីនា តាមរយៈគណនីហ្វេកប៊ុកជនបរទេសមួយឈ្មោះថា franco du toit (ហ្វ្រង់កូ ឌូតូ) បានចែកចាយព័ត៌មានបង្ហាញថាខ្លួនលោកត្រូវបានប៉ូលិសចរាចរណ៍ខ្មែរចាប់ផាកពិន័យចំនួន២៥០ដុល្លារដោយសារតែអត់ពាក់មួកសុវត្ថិភាព ព្រមទាំងបង្ហាញថាប៉ូលិសបានចាប់កលោក និងហាមឃាត់មិនឱ្យមានការថតរូប វីដេអូផ្សេងៗ។ ជនបរទេសនោះបញ្ជាក់ទៀតថាផ្លូវដែលប៉ូលិសស្ទាក់ចាប់នេះគឺលោកបើកបរស្ទើរតែរាល់យប់ពេលចេញពីធ្វើការ។
ទោះយ៉ាងណា ការបង្ហាញថាប៉ូលិសចរាចរណ៍ខ្មែរចាប់ផាកពិន័យជនបរទេសចំនួន២៥០ដុល្លារដោយសារតែអត់ពាក់មួកសុវត្ថិភាពនេះបានធ្វើឱ្យមានមតិសាធារណជនរិះគន់យ៉ាងច្រើនទៅលើប៉ូលិសចរាចរណ៍នោះ។ ដ្បិតតែសាធារណជនមួយចំនួនបញ្ចេញមតិមិនសំចៃងាកទៅកាន់យុវជន វ៉ាត វ៉ាន់ បានបង្ហាញមតិយោបល់របស់ខ្លួនស្នើឱ្យមហាជនគិតមុនវិភាគ និងវាយតម្លៃកុំគិតថាខ្មែរយើង ឬជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។
នៅថ្ងៃទី២ មីនា វ៉ាត វ៉ាន់ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា«ឃើញផុសនេះហើយ ចង់បង្ហាញបន្តិច។ បរទេសម្នាក់បង្ហោះសារ អាចចូលអានបាន។ ប៉ូលិសវាស់គាត់មានជាតិអាកុលចឹងអាចនឹងផាកថ្លៃចឹងហើយ។ មួយទៀត កុំជាន់ជាតិសាសន៍ខ្លួនឯងពេក មើលហេតុផលសិន។ គាត់ជនជាតិបរទេស តែដូចជាធ្វើការនៅក្លឹបខ្មែរដូចគ្នា ហើយការផុសរបស់គាត់ដែលអះអាងថាមិនបានផឹក គ្រាន់តែអត់មួកសុវត្ថិភាពផាកគាត់ 250$ នេះដូចជាចោទហួសពេក។ មួយទៀត ទទួលស្គាល់ថាជាសិទ្ធិប្រជាជនដែលមានសិទ្ធិថតទុកការពារខ្លួន ប៉ូលិសមិនអាចចេះតែលើកដៃប៉ះពាល់គេ រឺទាញទូរស័ព្ទឡើយ។ តែសរុបសេចក្ដីមក គឺសំណេរជនបរទេសនេះក៏អាចធ្វើឱ្យខូចឈ្មោះសណ្ដាប់ធ្នាប់ប្រទេសកម្ពុជាផងដែរ(គាត់ដាក់ទង់ជាតិខ្មែរច្បាស់ៗចឹងម៉ង បើបរទេសផ្សេងៗមិនដឹងមូលហេតុគេអាចគិតអាក្រក់លើប្រទេសយើងទាំងមូលបាន)»។.png)
លោកបន្តថា «បើទោះបីយើងដឹងថាពេលខ្លះមានករណីចឹងមែន តែក៏សូមបង្ហាញព័ត៌មានដែលពិតដូចគ្នា។ តែគាត់ក៏ត្រូវទទួលស្គាល់ថាមិនមែនតែអត់មួកទេ តែគឺមានជាតិអាកុលទើបប៉ូលិសផាកបែបនេះ (ដូចគេផ្សេងៗចូលcommentបញ្ជាក់ គាត់មានជាតិអាកុល គាត់ហាក់ជាមិនទទួលស្គាល់ ហើយថាមិនបានផឹក)។ សង្ឃឹមថាប្រជាជនខ្មែរគិតមុនវិភាគ និងវាយតម្លៃ។ កុំគិតថាខ្មែរយើង រឺជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។ ទទួលស្គាល់លុយពិបាករកណាស់ តែបើយើងអោយគ្រួសារដទៃបាត់បង់ជីវិតដោយសារយើងព្រោះតែស្រា តើលុយនឹងថ្លៃជាងអាយុជីវិតអ្នកដទៃដែរមែនទេ? ជួនកាលមានហេតុ ទើបមានផល។
ហើយក៏សង្ឃឹមថាការរិតបណ្ដឹងបន្តអនុវត្ត តែសូមអនុវត្តដោយស្មើរភាព ក្រមសីលធម៌ និងត្រឹមត្រូវ»៕.png)










