ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Mark Zuckerberg ជា CEO របស់ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook និង Instagram បានចូលជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហការផ្នែកបច្ចេកវិទ្យា AI និង Extended Reality (XR) ។
មន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូងលើកឡើងថា លោកប្រធានាធិបតី Yoon Suk Yeol បានថ្លែងទៅកាន់លោក Mark Zuckerberg ថា ប្រទេសកូរ៉េខាងត្បូងមានឈ្មោះបោះសំឡេងផ្នែកផលិតសម្ភារៈប្រើប្រាស់ក្នុងលំនៅឋាន, ឧបករណ៍អេឡិចត្រូនិក និងរថយន្ត ។ ហេតុនេះ វានឹងក្លាយជាលក្ខខណ្ឌដ៏ល្អសម្រាប់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Meta ។
មេដឹកនាំកូរ៉េខាងត្បូងក៏បានសន្យាដែរថា ប្រទេសកូរ៉េខាងត្បូងនឹងគាំទ្រកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាជីវកម្មផងដែរ ហើយមេដឹកនាំកូរ៉េខាងត្បូងសង្ឃឹមថា នឹងមានកិច្ចសហការគ្នាបន្ថែមទៀតក្នុងផ្នែកផ្សេងៗ ដូចជា ៖ Metaverse និង XR Headsets ។
ក្រៅពីនេះ មេដឹកនាំកូរ៉េខាងត្បូង ក៏បានស្នើឱ្យក្រុមហ៊ុន Meta មានតួនាទីបន្ថែមទៀតក្នុងការតាមដាន និងប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ឬ Fake News ព្រមទាំងការប្រព្រឹត្តទង្វើមិនល្អផ្សេងៗនៅលើកម្មវិធីរបស់ក្រុមហ៊ុន Meta ខណៈប្រទេសជាច្រើននឹងរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៤ ។
ក្នុងការធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង រយៈពេល៣ថ្ងៃ លោក Mark Zuckerberg បានជួបជាមួយនាយកគ្រប់គ្រងក្រុមហ៊ុន Samsung LG Electronics និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាផ្សេងៗ ដើម្បីពិភាក្សាអំពីកិច្ចសហការផ្នែកឧស្សាហកម្មទំនើប ។
មុននេះ លោក Mark Zuckerberg ទើបតែបានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida អំពីប្រធានបទពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI និងបច្ចេកវិទ្យានាថ្ងៃអនាគត ។ រីឯរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យានាំមុខនៅប្រទេសជប៉ុន បានសម្របខ្លួនស្របតាមការអភិវឌ្ឍរបស់បច្ចេកវិទ្យា AI ៕










