បរទេស៖ ចង្កោមអគារ Lusail Tower កម្ពស់ជាង ៣០០ ម៉ែត្រ ប្រើកញ្ចក់ការពារកំដៅថ្ងៃអាលុយមីញ៉ូម ដែលមានសមត្ថភាពជួយកាត់បន្ថយកាំរស្មីព្រះអាទិត្យបានរហូតទៅដល់ ៧០% បើប្រៀបធៀបទៅនឹងអាគារផ្សេងៗដែលប្រើប្រាស់កញ្ចក់ធម្មតា។
យោងតាម CNN ដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា អគារ Lusail Tower ជិតបញ្ចប់ការសាងសង់ហើយជាមួយនឹងកម្ពស់ ៣០១ ម៉ែត្រ ដែលជាអាគារខ្ពស់បំផុតនៅក្នុងប្រទេសកាតា។ អគារអគារនេះបានចាប់ផ្តើមការសាងសង់នៅខែមករា ឆ្នាំ ២០២០ ដោយរំពឹងថានឹងបញ្ចប់ជាដំណាក់កាលក្នុងរយៈពេល ១២ ខែខាងមុខ។
គម្រោងនេះមានទីតាំងនៅទីក្រុង Lusail ជាផ្នែកមួយនៃគម្រោងដែលមានផ្ទៃដីសរុប ១.១ លានម៉ែត្រការ៉េ ដោយចង្កោមប៉មមាន ៤ ប្លុកដាច់ដោយឡែក ដែលពីរប្លុកមានកម្ពស់ ៧០ ជាន់ និងប្លុកពីរទៀតមានកម្ពស់ ៥០ ជាន់។ ប៉មនីមួយៗត្រូវបានគេរំពឹងថានឹងដំណើរការជាមជ្ឈមណ្ឌលសម្រាប់ស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសកាតា។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហាដែលបង្កឡើងដោយអាកាសធាតុក្តៅនៅក្នុងប្រទេសនេះ ក្រុមការងាររបស់ក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster + Partners បានលុបបំបាត់សម្ភារៈមួយចំនួនដែលប្រើជាទូទៅសម្រាប់អគារខ្ពស់ៗនៅក្នុងប្រទេសដែលមានអាកាសធាតុត្រជាក់។
ក៏ដូចជាការរចនានៃចង្កោមអគារ Lusail រួមបញ្ចូលនូវប្រព័ន្ធការពារកម្តៅថ្ងៃ និងប្រព័ន្ធខ្យល់ចេញចូលដ៏ទំនើប ខណៈពេលដែលផ្នែកខាងក្រៅនៃចង្កោមប៉មត្រូវបានហ៊ុព័ទ្ធដោយអាលុយមីញ៉ូម “ស្តង់ដារសមុទ្រ” ការពារកញ្ចក់ពីពន្លឺថ្ងៃដ៏អាក្រក់ ដែលនៅតែរក្សាទិដ្ឋភាពបែរមុខទៅខាងក្រៅ និងទទួលបានពន្លឺធម្មជាតិ។ ដូច្នេះ សម្រាប់ចំណុចពិសេស និងភាពអស្ចារ្យរបស់ចង្កោមអាគារនេះ គឺកញ្ចក់ការពារកំដៅថ្ងៃអាលុយមីញ៉ូម មានសមត្ថភាពជួយកាត់បន្ថយកាំរស្មីព្រះអាទិត្យបានរហូតទៅដល់ ៧០% ឯណោះ។
Foster បាននិយាយថា “អ្វីដែលយើងធ្វើគឺបង្កើតការយល់ដឹងដោយផ្អែកលើតម្រូវការពិតប្រាកដ ដែលវាមិនមែនជាការដាក់ម៉ូដទេ ប៉ុន្តែបានមកពីការពិតនៃអាកាសធាតុ”។ លោក Luke Fox ប្រធានគម្រោង និងជាដៃគូប្រតិបត្តិជាន់ខ្ពស់នៅ Foster + Partners បាននិយាយថា ប្រព័ន្ធដាក់ស្រមោលបានរួមចំណែកដល់ការកាត់បន្ថយ ៣៥% នៃតម្រូវការត្រជាក់ និងការប្រើប្រាស់ថាមពលទាំងមូល ហើយប៉មត្រូវបានដាក់ជាយុទ្ធសាស្ត្រដើម្បីបង្កើតម្លប់ជាអតិបរមា៕










