នៅលើពិភពលោកយើងនេះគឺមានប្រទេសជាង ២០០ ក្នុងចំណោមនោះក៏មានប្រទេសខ្លះតូចខ្លះធំ ខ្លះជាប្រទេសអភិវឌ្ឍនិងកំពុងអភិវឌ្ឍ ដែលទាំងនេះនឹងជិះឥទ្ធិពលដល់មនុស្ស ជាពិសេសគឺទាក់ទងនឹងសុខមាលភាពសង្គម ទាំងការរស់នៅ របរចិញ្ចឹមជីវិត ចំណូលចំណាយ និងសេវាសាធារណៈផ្សេងៗ។ ទោះជាយ៉ាងណា ប្រាក់ឈ្នួលសមរម្យគឺជាកត្តាចម្បងមួយដើម្បីទទួលបានការរស់នៅមួយប្រកបដោយស្តង់ដារខ្ពស់។
យោងតាមទិន្នន័យចុងក្រោយបង្អស់ដែលបានចងក្រងដោយធនាគារពិភពលោក គឺបានបង្ហាញប្រទេសចំនួន១០ ដែលប្រជាពលរដ្ឋទទួលបានប្រាក់បៀវត្សឬប្រាក់ខែជាមធ្យមខ្ពស់បំផុតដូចខាងក្រោម(ដែលរាប់ចាប់ពីចំណាត់ថ្នាក់ពីធំទៅតូច)៖
១០ ប្រទេសអៀរឡង់៖ ប្រាក់ខែជាមធ្យមប្រចាំឆ្នាំ ៤១,៤៦៧ ដុល្លារ និងប្រមាណ ៣,៤៥៥ ដុល្លារជាមធ្យមក្នុងមួយខែសម្រាប់មនុស្សម្នាក់។ អៀរឡង់គឺស្ថិតនៅក្នុងចំណោមប្រទេសដែលមានថ្ងៃបុណ្យឈប់សម្រាកតិចតួចបំផុត។ ការងារអាទិភាពដែលរកប្រាក់ចំណូលបានកាន់ខ្ពស់នៅក្នុងប្រទេសនេះគឺ Software development managers (អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍កម្មវិធី), Sales director (នាយកផ្នែកលក់), និង Operatសional managers (អ្នកគ្រប់គ្រងប្រតិបត្តិការ)។
៩ ប្រទេសសិង្ហបុរី៖ ជាប្រទេសអាស៊ីតែមួយគត់ជាប់ចំណាត់ថ្នាក់ទី៩ ដែលប្រាក់ខែជាមធ្យមប្រចាំឆ្នាំ ៤២,០៤៩ ដុល្លារអាមេរិក។ ប្រាក់ឈ្នួលប្រចាំខែជាមធ្យមរបស់សិង្ហបុរីសម្រាប់បុគ្គលិកពេញម៉ោងមានចំនួន ៥,៨៤៧ដុល្លារសិង្ហបុរី (៤,៤៤៥ដុល្លារ) ។ បើទោះបីប្រទេសនេះមានអត្រាតម្លៃនៃការរស់នៅខ្ពស់ក៏ដោយ ក៏អត្រាអ្នកអត់ការងារធ្វើស្ថិតក្នុងតួលេខទាបបំផុតក្នុងប្រទេសត្រឹមតែ២.១%ប៉ុណ្ណោះ ថែមទាំងជាគោលដៅដ៏ពេញនិយមក្នុងចំណោមអ្នកជំនាញផ្នែកបច្ចេកវិទ្យា ហិរញ្ញវត្ថុ វិស្វកម្ម និងវេជ្ជសាស្ត្រ។ ជាពិសេស គ្រូពេទ្យផ្នែកវះកាត់នឹងទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅក្នុងប្រទេសសិង្ហបុរី ដែលជាមធ្យមទទួលបាន ១១២,៥០៥ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
៨ ប្រទេសហូឡង់៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៤២,២៩៦ ដុល្លារ និងប្រមាណ ៣,៥២៤ ដុល្លារជាមធ្យមក្នុងមួយខែសម្រាប់មនុស្សម្នាក់។ ហូឡង់ត្រូវបានគេស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសមានទីផ្សារការងារល្អ និងអត្រាគ្មានការងារធ្វើទាប។ យោងទៅតាម EURES នៅចុងឆ្នាំ ២០២១ ប្រទេសនេះគឺមានតម្រូវការខ្លាំងសម្រាប់ការងារក្នុងប្រព័ន្ធអប់រំ , eCommerce ,និងអ្នកជំនាញថែទាំសុខភាព។
៧ ប្រទេសស៊ុយអែត៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៤៤,៥៥២ ដុល្លារក្នុងម្នាក់។ ប្រាក់ខែជាមធ្យមប្រចាំខែសម្រាប់អ្នកធ្វើការក្នុងវិស័យឯកជនប្រទេសនេះគឺ ៣,៧១៩ដុល្លារ និង៣,៥២៣ដុល្លារ សម្រាប់អ្នកធ្វើការក្នុងស្ថាប័នរដ្ឋ។ ការងារដែលរកកម្រៃបានល្អបំផុតក្នុងប្រទេសស៊ុយអែត រួមមានមេធាវី អ្នកបើកយន្តហោះ និងគ្រូពេទ្យវះកាត់ជាដើម។
៦ ប្រទេសអ៊ីស្លង់៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៤៨,០៤៧ដុល្លារ និងប្រមាណ ៤,០០០ ដុល្លារជាមធ្យមប្រចាំខែក្នុងម្នាក់។ អ៊ីស្លង់គឺជាកន្លែងដ៏ល្អមួយសម្រាប់អ្នកចង់ផ្លាស់ទីលំនៅ អមជាមួយនឹងលក្ខខណ្ឌនៃប្រាក់បៀវត្សខ្ពស់ ថែមទាំងមានអត្រាឧក្រិដ្ឋកម្មទាប។ កាលពីឆ្នាំ២០២២ វាក៏បានជាប់ជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោកផងដែរ។
៥ ប្រទេសដាណឺម៉ាក៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៥២,៦៦៦ដុល្លារ។ ប្រាក់ខែជាមធ្យមប្រចាំខែសម្រាប់ម្នាក់ប្រមាណនឹង ៤,៤០០ដុល្លារ។ រីឯទីផ្សារការងារដែលមានអាទិភាពបំផុតក្នុងប្រទេសនេះគឺមានតម្រូវការខ្ពស់សម្រាប់កម្មករក្នុងវិស័យពាណិជ្ជកម្ម, វិទ្យាសាស្ត្រ, អាហារនិងភេសជ្ជៈ, ផ្នែកច្បាប់ ,និងវិស័យសំណង់។
៤ សហរដ្ឋអាមេរិក៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យមប្រមាណ ៥៣,៣២៩ដុល្លារ និង៤,៤០០ដុល្លារជាមធ្យមប្រចាំខែសម្រាប់មនុស្សម្នាក់។ មនុស្សទូទាំងពិភពលោកភាគច្រើនតែងមានក្តីស្រមៃចង់ផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកដើម្បីអាជីពការងារនិងសេវាថែទាំដ៏ប្រសើរ។ ជាមួយគ្នានេះក្រុមហ៊ុនកំពូលៗរបស់ពិភពលោកជាច្រើនកំពុងមានទីស្នាក់ការនៅអាមេរិក រួមទាំង Google និង Amazon ព្រមទាំងមានតម្រូវការអ្នកស្វែងរកការងារជាបន្តបន្ទាប់ ជាពិសេសនៅក្នុងផ្នែកបច្ចេកវិទ្យា ការថែទាំសុខភាព និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនោះ ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក ព្យាករថាសេដ្ឋកិច្ចអាមេរិកនឹងបន្ថែមការងារចំនួន ៨,៣ លាននៅឆ្នាំ ២០៣១។
៣ ប្រទេសន័រវេស៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៥៣,៥១៤ ដុល្លារ។ យោងតាមរបាយការណ៍អភិវឌ្ឍន៍មនុស្សរបស់អង្គការសហប្រជាជាតិ ន័រវេសគឺជាប្រទេសដ៏ល្អបំផុតមួយក្នុងការរស់នៅ ហើយកាន់តែពិសេសប្រទេសនេះក៏ផ្តល់នូវកម្មវិធីទិដ្ឋាការការងារពីចម្ងាយផងដែរ។
២ ប្រទេសស្វីស៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៦៣,៧៨២ ដុល្លារ និងប្រមាណ ៥,៣១៥ ដុល្លារជាមធ្យមប្រចាំខែ។ ប្រទេសនេះត្រូវបានគេស្គាល់ដោយសារទេសភាពភ្នំអាល់ផែន សូកូឡាឆ្ងាញ់ ឈីស និងនាឡិកាប្រណីត។ ស្វីសក៏ល្បីល្បាញដោយសារប្រាក់ខែខ្ពស់ ប៉ុន្តែតម្លៃនៃការរស់នៅក៏ខ្ពស់ផងដែរ។ ការចំណាយប្រចាំខែរបស់មនុស្សម្នាក់ជាមធ្យមគឺ ១,៥៦០ដុល្លារ ខណៈអាផាតមិនមួយបន្ទប់ក្រៅក្រុងមានតម្លៃរហូតដល់ ១,៣៥០ដុល្លារក្នុងមួយខែ។
១ ប្រទេសលុចសំបួរ៖ ប្រាក់ខែប្រចាំឆ្នាំជាមធ្យម ៦៧,៩៦៧ ដុល្លារ។ លុចសំបួគឺជាប្រទេសតូចមួយ ប៉ុន្តែគឺមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ៗ ជាពិសេសគឺ គ្រូពេទ្យ , ទន្តពេទ្យ, អ្នកវិទ្យាសាស្ត្រទិន្នន័យ (Data scientist) , និងនាយកប្រតិបត្តិកម្រិត C ជាដើម។ ជាមធ្យម មនុស្សដែលធ្វើការនៅប្រទេសលុចសំបួរគឺរកចំណូលបានចន្លោះពី ២,៧៩៧ ដល់ ៨,៨២៨ ដុល្លារក្នុងមួយខែ។ ទន្ទឹមនឹងនោះ ទីក្រុងរបស់ប្រទេសនេះ ជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលគួរចង់ឱ្យរស់នៅបំផុតក្នុងពិភពលោក ដោយសារកម្រិតជីវភាពរស់នៅខ្ពស់ផងដែរ៕










