អ្នកស្រី នួន សារី ហៅ យាយយ៉យ ជាសិល្បការិនីជើងចាស់ល្បីឈ្មោះមួយរូបហើយមហាជននិយមចូលចិត្តស្តាប់ការច្រៀងអាយ៉ៃឆ្លើយឆ្លងរបស់អ្នកស្រីជាមួយដៃគូល្អឥតខ្ចោះគឺលោក ព្រហ្ម ម៉ាញ។ ផ្តល់បទសម្ភាសក្នុងកម្មវិធីមួយនាពេលថ្មីៗនេះ យាយយ៉យ បាននិយាយទាំងអួលដើមកសោកស្តាយដែលសិល្បៈអាយ៉ៃចាប៉ីរបស់ខ្មែរដែលមិនមានប្រទេសណាធ្វើដូចអាចនឹងបាត់បង់ ខណៈបច្ចុប្បន្នសិល្បៈមួយនេះស្ទើរតែបាត់មុខទៅហើយ។
ក្នុងកម្មវិធី «និយាយរឿងក្នុងចិត្ត» (v talk confession) តារាកំប្លែងយាយយ៉យ បាននិយាយទាំងអួលដើមកនៅពេលរំលឹកពីសិល្បៈអាយ៉ៃដែលបច្ចុប្បន្នស្ងប់ស្ងាត់។ ការអួលដើមកនេះ អ្នកស្រីថាស្តាយណាស់បើសិនជាអត់ពីខ្លួន បើមានអ្នកបន្តជាបន្តបន្ទាប់ពេលអត់ពីអ្នកស្រីគឺសប្បាយចិត្ត ព្រោះមិនចង់ធ្វើអ្វីមួយអត់ពីខ្លួននាំចំណេះវិជ្ជាយើងទៅជាមួយទេ គឺចង់មានការចែករំលែក។ កាលពីមុនអ្នកស្រីថាឃើញលោក ដួង សុខគា គឺល្អ បើនិយាយពីទីផ្សារក៏ថាបាន។ យាយយ៉យ ថាលោក ដួង សុខគា លេងល្អជួនរណ្តំល្អ ពាក្យពេចន៍របស់គាត់ខ្ពស់ តែស៊ីសងសំខាន់ទៅលើដៃគូ។ បើដៃគូអ្នកនេះតិច អ្នកនោះតិចទៅមិនរួចនោះទេ ដៃគូឱ្យច្បាស់ហើយដៃគូនោះប្រៀបដូចជាអ្នកលេងបាល់ចឹង បើមិនចេះ បោះឱ្យគ្នា អត់ចេះគប់ឱ្យគ្នាគឺចាញ់គេហើយ។ បើដៃគូល្អពូកែឆ្គឹះ បើខាងប្រុសភ្លេច ដៃគូខាងស្រីឈ្លិចបន្តិច បើខាងប្រុសទ្រង់ភាំងខាងស្រីឆ្កឹះភ្លាម។
នៅពេលឮថាអាយៃអាចនឹងបាត់មុខ យាយយ៉យ គឺអួលដើមកតែម្តងដោយសារតែស្តាយ សិល្បៈមួយនេះអ្នកស្រីតស៊ូច្រៀងតាំងពីតូចប៉ុន្តែពេលនេះប្រៀបដូចជាភ្លើងទៅបន្តិចម្តងៗ ។ សិល្បៈអាយ៉ៃ ចាប៉ី ប្រទេសណាក៏ធ្វើមិនបានដែរ តែបើសិល្បៈផ្សេងៗដូចជា យីកេជាដើមគេអាចធ្វើបានប៉ុន្តែមិនដូច១០០ភាគរយ តែបើអាយ៉ៃគេធ្វើមិនបាននោះទេ ព្រោះសិល្បៈប្រភេទនេះបើអ្នកមិនឆ្លាត វាងវៃ ច្រៀងអត់បាន។ យាយយ៉យ ថាទីមួយចម្រៀងសម័យគេមានបារ៉ូលទៅរោងណា ឬកន្លែងណាក៏ច្រៀងបទហ្នឹងបានដែរ បើអាយ៉ៃ ត្រូវបន់បែនតាមកាលៈទេសៈទៅតាមកម្មវិធីនីមួយៗដូចជាពិធីមង្គលការច្រៀងផ្សេង កថិន បុណ្យផ្កាគឺច្រៀងផ្សេង។ ទី២ អ្នកស្រី ថាអ្នកច្រៀងអាយ៉ៃត្រូវចំណាំមើលប៉ារ៉ូលអត់ទៅមុខនោះទេបើខុសពីដៃគូដែលដឹងបារ៉ូល និងត្រូវការរហ័សរហួន។
អ្នកស្រី នួន សារី ហៅយាយយ៉យ គឺជាសិល្បការិនីមានដើមកំណើតនៅខេត្តកណ្តាល។ អ្នកស្រី មានកូនប្រុសម្នាក់ដែលជាអ្នកសិល្បៈដែរនោះគឺនាយព្រែក។ ក្រៅពីទេពកោសល្យផ្នែកចម្រៀងអាយ៉ៃអ្នកស្រីក៏ជាអ្នកចម្រៀងផ្នែកបុរាណ សម្តែង និងជាតារាកំប្លែងមួយរូបដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា៕










