ប្រទេសម៉ាឡេស៊ី ៖ យោងតាមសារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា នារីម៉ាឡេស៊ីម្នាក់បានផឹកកាហ្វេសម្រកទម្ងន់ ហើយជាលទ្ធផល ទម្ងន់របស់នាងក៏បានស្រកចុះចាប់ពី១០គីឡូក្រាម ទៅ២០គីឡូក្រាម ។ ប៉ុន្តែនាងមានអារម្មណ៍សោកស្តាយអស់មួយជីវិត ពីព្រោះអ្វីដែលនាងទទួលបាន គឺមិនមែនគ្រាន់តែធ្វើឱ្យនាងស្គមជាងមុននោះទេ ប៉ុន្តែនាងបានកើតជំងឺកាចសាហាវផងដែរ ។
មនុស្សភាគច្រើនអាចធ្លាប់ឮពាក្យថា ការផឹកកាហ្វេនឹងអាចជួយសម្រកទម្ងន់បាន ដោយសារវាអាចធ្វើឱ្យអ្នកផឹកស្រកទម្ងន់ក្នុងរយៈពេលខ្លី ។ ប៉ុន្តែសម្រាប់មនុស្សចំនួនទៀតដែលសម្រកទម្ងន់ដោយការផឹកកាហ្វេខុសក្បួននោះ គឺអាចនឹងធ្វើឱ្យអ្នកនោះកើតជំងឺកាចសាហាវទៅវិញ ។ ជាក់ស្តែង នារីម្នាក់ឈ្មោះ Jazira Julaili អាយុ៣០ឆ្នាំ រស់នៅប្រទេសម៉ាឡេស៊ី បានលើកឡើងពីការសម្រកទម្ងន់ខុសក្បួនរបស់ខ្លួន រហូតដល់ក្លាយជាប្រធានបទដែលមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ។
នារីរូបនេះបានប្រឈមជាមួយបញ្ហាសុខភាពយ៉ាងខ្លាំងក្លា ក្រោយពីនាងជ្រើសរើសយកការផឹកកាហ្វេដើម្បីសម្រកទម្ងន់អស់រយៈពេលយូរ ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសឱ្យដឹងថា នារីនេះបានផឹកកាហ្វេសម្រកទម្ងន់ តាំងពីឆ្នាំ២០២២ មកម៉្លេះ ។ នាងយល់ថា នាងនឹងទទួលបានលទ្ធផលគួរឱ្យពេញចិត្ត គឺទម្ងន់របស់នាងនឹងស្រកចុះ ចាប់ពី១០គីឡូក្រាម ទៅ២០គីឡូក្រាម ដោយគ្រាន់តែនាងផឹកកាហ្វេឱ្យបានរាល់ថ្ងៃ ។
ការយល់ឃើញបែបនេះ ទើបនាងសម្រេចចិត្តផឹកកាហ្វេរហូតមក ហើយនាងពុំបានគិតពីផលប៉ះពាល់របស់វាទេ ។ ប៉ុន្តែតើដឹងឬទេថា ពេលវេលាបានកន្លងផុតទៅ ស្រាប់តែសុខភាពរបស់នាងចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ រហូតដល់នាងដួលងងឹតមុខលែងដឹងខ្លួន និងត្រូវបានគេបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ គ្រូពេទ្យលើកឡើងថា តម្រងនោមរបស់នាងដំណើរការខុសប្រក្រតី ឬដំណើរការតិចជាងមុន ។ ចុងក្រោយ នាងត្រូវព្យាបាលតម្រងនោមអស់រយៈពេលជាច្រើនឆ្នាំ និងចំណាយប្រាក់យ៉ាងច្រើន ។
នាង Jazira Julaili ប្រាប់ថា នាងបានអនុញ្ញាតឱ្យគេយករឿងរ៉ាវរបស់ខ្លួនមកចុះផ្សាយក្នុងបណ្តាញសង្គម ដោយសារនាងចង់ដាស់តឿនទៅកាន់មនុស្សផ្សេងទៀតឱ្យគិតពីផលប៉ះពាល់នៃការសម្រកទម្ងន់ខុសវិធី ព្រោះតែចង់ឱ្យរូបរាងខាងក្រៅរបស់ខ្លួនមើលទៅស្រស់ស្អាត ប៉ុន្តែវាបានបំផ្លាញរាងកាយដោយមិនដឹងខ្លួន ។ បច្ចុប្បន្ន ជំងឺរបស់នាងបានឈានទៅដល់ចំណុចធ្ងន់ធ្ងរ និងពុំអាចដោះស្រាយអ្វីបានឡើយ ។
ចុងក្រោយ នាងនិយាយថា ៖ «តម្លៃព្យាបាលតម្រងនោមរបស់ខ្ញុំខ្ពស់ណាស់ ហើយបើអ្នកពុំបានទិញធានារ៉ាប់រងសុខភាព ឬគ្មានប្រាក់សម្រាប់ព្យាបាលតម្រងនោមទេនោះ ចូរអ្នកកុំបរិភោគអាហារបំប៉នដែលមិនចាំបាច់បែបនេះ ។ បើអ្នកចង់សម្រកទម្ងន់ ចូរព្យាយាមហាត់ប្រាណ និងបរិភោគអាហារប្រចាំថ្ងៃឱ្យមានតុល្យភាព ហើយបណ្តោយឱ្យរាងកាយរបស់អ្នកស្រកទម្ងន់បន្តិចម្តងៗ តែមានសុវត្ថិភាព ។ ចូរចាំថា កុំប្រើប្រាស់ផ្លូវកាត់ដើម្បីសម្រកទម្ងន់ឱ្យសោះ» ៕










