បន្ទាប់ពីផលិតកម្មរស្មីហង្សមាសបានទម្លាក់បទថ្មីរបស់ លឹម សេរីហាន់នីកា មានចំណងជើងថា «បងភ្លេចអស់ហើយ» ធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់ទៅលើម្ចាស់ពានរូបនេះថាមានទឹកដមសំឡេងពីរោះទៅលើបទប្រភេទមនោសញ្ចេតនា។ អ្វីដែលកាន់តែចាប់អារម្មណ៍បទនេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយផ្ទាល់ពី លីម តិចម៉េង និងលោក ឈិត តេងរិទ្ធ ផងដែរ។
គេចាំបានថាកាលពីខែកក្កដា ឆ្នាំ២០២៣ ផលិតកម្មរស្មីហង្សមាសបានទម្លាក់បទចម្រៀងមួយបទមានចំណងជើងថា «គេភ្លេចអស់ហើយ» ដែលបកស្រាយដោយ លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ។ ជាពិសេស បទនេះផ្ទាល់ លីម តិចម៉េង បានចូលរួមបញ្ចេញស្នាដៃនិពន្ធទំនុកច្រៀងជាមួយ លោក ឈិត តេងរិទ្ធ ទៀតផងខណៈមកទល់ពេលនេះ ស្នាដៃរួចចំណែកនិពន្ធរបស់ លីម តិចម៉េង មានការចូលស្តាប់ដល់ទៅជាង៧លានដង។
អស់រយៈពេលជិត៧ខែ បន្ទាប់ពី version ប្រុសទទួលបានភាពជោគជ័យនាយប់ថ្ងៃទី២៧ ខែកុម្ភៈ ខាងផលិតកម្មបានទម្លាក់ version ស្រីម្តងមានចំណងជើងថា «បងភ្លេចអស់ហើយ» បកស្រាយដោយ លឹម សេរីហាន់នីកា ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣។
ទឹកដមសំឡេងរបស់ នីកា ទៅលើប្រភេទបទមនោសញ្ចេតនាឈឺចាប់នេះធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់ទោះបីជាបានស្តាប់version ប្រុសហើយក្តី ប៉ុន្តែបានស្តាប់ version ស្រីម្តងវិញកាន់តែពីរោះប្លែក។ ចំណុចពិសេសនោះ បទដ៏ពីរោះនេះជាចំណែកស្នាដៃរបស់ លីម តិចម៉េង ផងដែរ។
គួរបញ្ជាក់ថា លីម តិចម៉េង និង លឹម សេរីហាន់នីកា ជាម្ចាស់ពានលំដាប់ពិភពលោកដូចគ្នាហើយអ្នកទាំងពីរក៏បានចេញបទចម្រៀងរួមគ្នាមួយបទផងដែរមានចំណងជើងថា «កុំឌឺអូនពេក» កាលពីថ្ងៃទី១៦ កុម្ភៈ ហើយមួយនេះទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជន៕










