សហរដ្ឋអាមេរិក ៖ វាជាដំណឹងដ៏រីករាយមួយសម្រាប់មហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោយពីលោកយាយ Ruth Gottsman គឺជាអតីតសាស្ត្រាចារ្យ និងនាយកគ្រប់គ្រងម្នាក់ក្នុងមហាវិទ្យាល័យនេះ ប្រកាសថា គាត់នឹងបរិច្ចាគប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក សម្រាប់ជាថ្លៃសិក្សារបស់និស្សិតពេទ្យ នាឆ្នាំ២០២៤ និងនិស្សិតជំនាន់ក្រោយៗទៀត ។ រីឯនិស្សិតដែលបានបង់ថ្លៃសិក្សារួចហើយ ពួកគេនឹងទទួលបានប្រាក់វិញគ្រប់ចំនួន ។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានអាមេរិករាយការណ៍ថា ការប្រកាសបរិច្ចាគប្រាក់របស់លោកយាយ Ruth Gottsman អាយុ៩៣ឆ្នាំ លើកនេះ បានក្លាយជាដំណឹងមួយដ៏សែនរីករាយសម្រាប់និស្សិតពេទ្យជាច្រើននាក់ ។ ក្រោយពីទទួលដំណឹងនេះ ពួកគេនាំគ្នាទះដៃយ៉ាងសប្បាយរីករាយ និងនិយាយពាក្យថា «សូមអរគុណ» ទៅកាន់អតីតសាស្ត្រារ្យនៃមហាវិទ្យាល័យវេជ្ជសាស្ត្ររូបនេះ ។
សារព័ត៌មានអាមេរិករាយការណ៍បន្ថែមថា ទឹកប្រាក់បរិច្ចាគដ៏ច្រើននេះ គឺទទួលបានពីមរតករបស់ស្វាមីលោកយាយ ឈ្មោះ Sandy Gottsman ដែលធ្វើការជាមន្ត្រីហិរញ្ញវត្ថុនៅស្ថាប័ន Wall Street ហើយលោកបានទទួលមរណភាព ។ លោក Sandy Gottsman គឺជាវិនិយោគិនដំបូងក្នុងភាគហ៊ុន Berkshire Hathaway របស់លោក Warren Buffett ផងដែរ ។ គេចាត់ទុកថា វាជាទឹកប្រាក់បរិច្ចាគមានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក ។
ចំណែកបុគ្គលិកតំណាងមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លើកឡើងថា ទឹកប្រាក់បរិច្ចាគដ៏ពិសេសនេះ នឹងអាចជួយទាក់ទាញនិស្សិតពូកែៗដែលមានបំណងក្លាយជាគ្រូពេទ្យ ហើយពួកគេគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ចូលរៀននៅមហាវិទ្យាល័យ ។ ហេតុនេះ វាជាឱកាសល្អមួយសម្រាប់ពួកគេអាចសម្រេចតាមគោលដៅក្នុងជីវិតបាន ៕










