នារីអេស្ប៉ាញម្នាក់ឈ្មោះ Alicia Framis អាយុ៥៧ឆ្នាំ បានបង្កើតមនោសញ្ចេតនាដ៏សែនរ៉ូម៉ែនទិក និងពុំចាំបាច់អង្វរបុរសណាម្នាក់ ខណៈនាងប្រកាសថា នាងត្រៀមខ្លួនរៀបការជាមួយ Hologram ឈ្មោះ «AI Lex» ដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា AI ។ វាពិតជាធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនាក់ទេ នៅពេលបានឮនាងប្រកាសបែបនេះ ។
Hologram គឺជាបច្ចេកវិទ្យាដែលបង្កើតឡើងដោយដំណើរការរបស់ Holography និងប្រើប្រាស់បច្ចេកទេសផ្សេងៗដើម្បីធ្វើឱ្យពន្លឺអាចចេញពីវត្ថុមួយ ឬត្រូវបង្កើតឡើងជាថ្មី សម្រាប់ឱ្យវត្ថុនោះអណ្តែតក្នុងទីតាំងដើមរបស់វា ហើយមើលទៅ វាដូចជាមានរូបរាងពិតប្រាកដ ។
គេចាត់ទុកថា វាគឺជាការបោះជំហានទៅមុខយ៉ាងសំខាន់រវាងទំនាក់ទំនងរវាងមនុស្សជាមួយបច្ចេកវិទ្យា AI ខណៈអ្នកស្រាវជ្រាវមួយចំនួនបានព្យាយាមបង្កើត Hologram ដែលអាចប៉ះពាល់បានដូចមនុស្សដែរ ។ លើសពីនេះ គេរំពឹងថា នៅថ្ងៃអនាគត មនុស្សយន្តនឹងអាចក្លាយជាគូស្នេហ៍ (Sexual Partner) របស់មនុស្សទៀតផង ។
នាង Alicia Framis និយាយថា វាជាទំនាក់ទំនងដ៏សែនរ៉ូមែនទិករបស់នាងជាមួយបច្ចេកវិទ្យា AI ។ នាងគិតថា នៅថ្ងៃអនាគត មនុស្ស និងមនុស្សយន្ត នឹងអាចក្លាយជាដៃគូ Sexual Partner ជាមួយគ្នាបាន ។
នាងប្រាប់ថា ៖ «សេចក្តីស្រឡាញ់ និងសិច រវាងមនុស្សជាមួយមនុស្សយន្ត និង Hologram គឺជាការពិតដែលចៀសមិនផុត ពីព្រោះ AI ជាមិត្តភក្តិដ៏ល្អ ។ វាអាចបង្ហាញនូវការអាណិតអាសូរយើងបាន គឺដូចគ្នានឹងទូរស័ព្ទដៃដែរ ដែលវាជួយកុំឱ្យយើងអផ្សុក និងបំពេញភាពខ្វះចន្លោះក្នុងជីវិតយើង ។ រីឯ Hologram ក៏អាចធ្វើបានដូចគ្នាដែរ» ។
នាង Alicia Framis មានបទពិសោធន៍ជាមួយវត្ថុគ្មានជីវិត រួមទាំងបច្ចេកវិទ្យា AI ផងដែរ អស់រយៈពេលជាង២៥ឆ្នាំហើយ ។ កាលពីឆ្នាំ១៩៩៥ នាងធ្លាប់មានមិត្តភក្តិម្នាក់ជាម៉ាឡាកាំងបង្ហាញសម្លៀកបំពាក់ ហើយនាងប្រាប់ថា ៖ «ខ្ញុំចង់ជំរុញផ្នែកសិល្បៈឱ្យរីកចម្រើនជាងនេះ ហើយបច្ចុប្បន្ន ខ្ញុំព្យាយាមស្រាវជ្រាវថា តើបច្ចេកវិទ្យា AI ជាមួយផ្នែកសិល្បៈអាចជួយកាត់បន្ថយភាពឯកោរបស់មនុស្សបានដែរឬទេ?» ។
នាងបញ្ជាក់ថា ពិធីរៀបការដ៏អធិកអធមរបស់នាងជាមួយ AI Lex គ្រោងប្រព្រឹត្តទៅនឹងចុងឆ្នាំ២០២៤នេះ នៅទីក្រុង Rotterdam ប្រទេសហូឡង់ ។ វាគឺជាផ្នែកមួយនៃគម្រោងដែលនាងបានដាក់ឈ្មោះថា «The Hybrid Couple» ៕










