សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន China Xinhua News រាយការណ៍ថា ក្រុមហ៊ុនអាមេរិកឈ្មោះ Intuitive Machines បានបញ្ជូនយានអវកាសទៅចុះចតនៅឋានព្រះច័ន្ទដោយជោគជ័យ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះចាត់ទុកថា វាជាយានអវកាសដំបូងគេរបស់អាមេរិក ដែលបានចុះចតនៅឋានព្រះច័ន្ទ ក្នុងរយៈពេលជាង៥០ឆ្នាំ ។
អង្គការ NASA លើកឡើងថា យានអវកាសចុះចតនៅឋានព្រះច័ន្ទ ដែលគ្មានការបញ្ជាពីមនុស្សនេះ ឈ្មោះ «Odysseus» ។ វាផ្ទុកទៅដោយសម្ភារៈផ្នែកវិទ្យាសាស្ត្រ និងសម្ភារៈពាណិជ្ជកម្មផ្សេងទៀត ហើយវាបានចុះចតនៅបរិវេណអឌ្ឍគោលខាងត្បូងនៃឋានព្រះច័ន្ទ ។
យានអវកាស Odysseus ត្រូវបានដឹកជញ្ជូនដោយរ៉ុក្កែត Falcon 9 របស់ SpaceX ។ វាបានចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រោមលេខកូដបេសកកម្ម IM-1 ។ ហេតុនេះ វាជាលើកទី១ហើយ ដែលមានការបញ្ជូនយានអវកាសទៅចុះចតនៅឋានព្រះចន្ទលើកដំបូងរបស់ក្រុមហ៊ុនអាមេរិកឈ្មោះ Intuitive Machines ។គោលបំណងវិទ្យាសាស្ត្រនៃបេសកកម្មលើកនេះ រួមមាន ៖ ការសិក្សាស្រាវជ្រាវពីអន្តរកម្មរវាងចង្កោម Magma និងផ្ទៃព្រះចន្ទ, វិទ្យុតារាសាស្ត្រ និងអន្តរកម្មនៃលក្ខខណ្ឌអវកាសជាមួយផ្ទៃព្រះច័ន្ទ ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវនឹងបង្ហាញអំពីបច្ចេកវិទ្យាចុះចតយ៉ាងជាក់លាក់ រួមទាំងសមត្ថភាពក្នុងការទំនាក់ទំនង និងទីតាំងផងដែរ ។

បច្ចុប្បន្ននេះ អង្គការ NASA បានសហការជាមួយក្រុមហ៊ុនអាមេរិកជាច្រើនទៀតដើម្បីបញ្ជូនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅកាន់ឋានព្រះច័ន្ទ តាមរយៈគំនិតផ្តួចផ្តើមសេវាកម្មដឹកជញ្ជូនឧបករណ៍ទៅកាន់ឋានព្រះចន្ទ ។
គួរបញ្ជាក់ថា ភារកិច្ចចុះចតនៅលើឋានព្រះច័ន្ទលើកចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក គឺយានអវកាសឈ្មោះ Apollo 17 ។ យានអវកាសនេះបានចុះចតនៅឋានព្រះច័ន្ទ កាលពីខែធ្នូ ឆ្នាំ១៩៧២ ដើម្បីបំពេញភារកិច្ចចុងក្រោយរបស់គម្រោង Apollo ហើយបើគិតរហូតមកដល់ឆ្នាំ២០២៤នេះ វាកន្លងផុតទៅអស់ជាង៥០ឆ្នាំហើយ ៕










