ប្រទេសអង់គ្លេស ៖ ស្ត្រីម្នាក់ពិបាកចិត្តយ៉ាងខ្លាំង ដោយសារតែប្តីរបស់នាងចូលចិត្តបរិច្ចាគប្រាក់ឱ្យអ្នកដទៃ រហូតដល់អស់ពីខ្លួន ។ នាងបានរៀបរាប់នៅក្នុងបណ្តាញសង្គមថា ប្តីនាងបានបរិច្ចាគប្រាក់យ៉ាងច្រើនក្នុង១ឆ្នាំៗ ហើយនាងមិនយល់សោះថា ហេតុអ្វីបានជាគាត់មិនព្រមសន្សំប្រាក់ទាំងនេះទុកឱ្យកូនៗសម្រាប់ថ្ងៃអនាគត?
ចំពោះពាក្យមួយលើកឡើងថា «បើយើងមានទឹកចិត្តផ្តល់ទ្រព្យសម្បត្តិឱ្យអ្នកដទៃកាន់តែច្រើន យើងនឹងទទួលបានទ្រព្យសម្បត្តិច្រើនមកវិញ» វាអាចមិនត្រឹមត្រូវគ្រប់រឿងទាំងអស់ទេ ពីព្រោះពេលខ្លះ ការមានទឹកចិត្តជ្រុលពេក ដោយពុំបានគិតពីលទ្ធភាពរបស់ខ្លួននោះ វាអាចធ្វើឱ្យយើងពិបាកខ្លួនឯង នាថ្ងៃអនាគត ។
ស្ត្រីម្នាក់រស់នៅប្រទេសអង់គ្លេស បានរៀបរាប់ពីការតានតឹងផ្លូវចិត្តរបស់នាងចំពោះប្តី ដោយសារនាងគិតថា គាត់បានបង្ហាញពីទឹកចិត្តទៅកាន់អ្នកដទៃខ្លាំងពេក ។ នាងនិយាយថា ប្តីរបស់នាង គឺជាជនភៀសខ្លួនមកពីប្រទេសកំពុងអភិវឌ្ឍន៍ ហើយគ្រួសារនាងមានកូនតូចៗចំនួន២នាក់ នៅក្នុងបន្ទុក ។ ប្តីនាងមានប្រាក់ចំណូលច្រើនជាងនាង ហើយបើទោះជាប្រាក់ចំណូលក្នុងគ្រួសារមិនអាចធ្វើឱ្យពួកនាងក្លាយជាអ្នកមានបាន ប៉ុន្តែពួកនាងមិនពិបាកអ្វីទេ ។
ទោះយ៉ាងណា ការរស់នៅប្រចាំថ្ងៃត្រូវចំណាយខ្ពស់សព្វបែបយ៉ាង ហើយគ្រួសារនាងក៏ត្រូវសន្សំសំចៃប្រាក់ដូចគ្រួសារដទៃទៀតដែរ ដោយត្រូវកាត់បន្ថយការចំណាយណាមិនចាំបាច់ ។ រីឯប្តីនាងវិញអាចសន្សំសំចៃប្រាក់បានច្រើន ពីព្រោះគាត់ធ្វើការនៅផ្ទះ និងពុំសូវចំណាយអ្វីទេ ។ ប៉ុន្តែគាត់ចូលចិត្តបរិច្ចាគប្រាក់យ៉ាងច្រើនដល់អង្គការសប្បុរសធម៌នៅប្រទេសកំណើតរបស់គាត់ ។
នាងប្រាប់ថា ប្តីនាងបានបរិច្ចាគប្រាក់ ចាប់ពី២.០០០ផោន ទៅ២៥.០០០ផោនឯណោះ ក្នុង១ឆ្នាំៗ ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានបរិច្ចាគប្រាក់ជួយសាលារៀននៅប្រទេសអង់គ្លេសទៀតផង ។ នាងបន្តថា ៖ «ខ្ញុំមិនបារម្ភពីការអស់ប្រាក់ក្នុងហោប៉ៅទេ តែកូនៗរបស់ខ្ញុំ ចំនួន២នាក់កំពុងតែធំពេញវ័យ ហើយខ្ញុំដឹងថា សេដ្ឋកិច្ចគ្រួសារនឹងមានស្ថានភាពបែបណា ។ ហេតុនេះ យើងគួរតែសន្សំប្រាក់ខ្លះទុកឱ្យកូនៗ ករណីពួកគេត្រូវការជំនួយពីឪពុក-ម្តាយ នៅថ្ងៃអនាគត» ។
រឿងរ៉ាវរបស់នាងបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិខុសៗគ្នា ដោយមតិខ្លះយល់ឃើញថា ទង្វើរបស់ស្វាមីនាងនោះមិនខុសឆ្គងអ្វីទេ ហើយថែមទាំងគួរឱ្យសរសើរគាត់ទៀតផង ។ ប៉ុន្តែមតិខ្លះទៀតនិយាយថា វាមិនខុសទេ ដែលភរិយាព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារ និងអនាគតកូនៗ ហើយពួកគេណែនាំថា ប្តីនាង គួរតែបរិច្ចាគប្រាក់តែពាក់កណ្តាលបានហើយ ចំណែកប្រាក់ពាក់កណ្តាលទៀតត្រូវសន្សំទុកឱ្យកូនៗ ៕










