ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រីប្រទេសថៃ បានប្រកាសអំពីចក្ខុវិស័យ «Thailand Vision “IGNITE THAILAND» ដែលបង្ហាញពីកម្លាំងថាមពលរួមគ្នា ។ ចំណុច១ ក្នុងចំណោម៨ចំណុចក្នុងចក្ខុវិស័យ គឺជំរុញឱ្យថៃក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺ និងថែទាំសុខភាព ។
លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានបង្ហោះសារក្នុងបណ្តាញសង្គម X ថា ប្រទេសថៃនឹងក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺ និងថែទាំសុខភាព (Medical Hub) ដោយសារប្រព័ន្ធថែទាំសុខភាពរបស់ថៃ គឺជាចំណុចទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ឱ្យធ្វើដំណើរមកកាន់ប្រទេសថៃ ។ កាលពីឆ្នាំ២០២៣ ការធ្វើដំណើរកម្សាន្ត និងការថែទាំជំងឺរបស់ភ្ញៀវទេសចរ បានបង្កើតប្រាក់ចំណូលចូលប្រទេសថៃ ស្មើជាង៤ម៉ឺនលានបាត ។
មូលហេតុចម្បង៣ចំណុច ដែលធ្វើឱ្យថៃក្លាយជាគោលដៅផ្នែកវេជ្ជសាស្ត្រសម្រាប់មនុស្សនៅទូទាំងពិភពលោក រួមមាន ៖
១-មន្ទីរពេទ្យថៃមានការទទួលស្គាល់ពីអន្តរជាតិ ក្នុងនោះមានមន្ទីរពេទ្យឯកជននៅទីក្រុងបាងកក និងតាមបណ្តាខេត្ត
២-បុគ្គលិកពេទ្យ រួមមាន វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា សុទ្ធតែមានជំនាញឯកជន រួមទាំងជនជាតិថៃមានលក្ខណៈសម្បត្តិធ្វើឱ្យអ្នកជំងឺសប្បាយចិត្ត
៣-ការព្យាបាលនៅថៃមានតម្លៃសមរម្យ ហើយចាត់ទុកថា វាមានតម្លៃថោក បើធៀបនឹងតម្លៃព្យាបាលនៅប្រទេសជាច្រើន ។
លោកនាយករដ្ឋមន្ត្រីបន្តថា យើងអាចរកប្រាក់ចំណូលចូលប្រទេសបាន តាមរយៈការផ្សព្វផ្សាយពីវិស័យទេសចរណ៍វេជ្ជសាស្ត្រ ដោយរដ្ឋាភិបាលថៃនឹងបង្កើត Roadshow ដើម្បីទាក់ទាញជនបរទេសឱ្យមកព្យាបាលជំងឺនៅប្រទេសថៃ ។
ក្រៅពីផ្នែកពេទ្យ ប្រទេសថៃក៏មានឈ្មោះបោះសំឡេងផ្នែកការថែទាំសុខភាព ដូចជា ៖ ស្ប៉ាថៃ, ម៉ាស្សាបែបថៃ និងឱសថបុរាណថៃ សុទ្ធតែល្បីល្បាញក្នុងកម្រិត World Class ។ នៅរដ្ឋ Los Angeles និង San Francisco សហរដ្ឋអាមេរិក មានសមាគមម៉ាស្សាថៃ ដែលទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ ។ ហេតុនេះ យើងនឹងជំរុញស្ប៉ាថៃ, ឱសថបុរាណថៃ និងម៉ាស្សាថៃ ឱ្យក្លាយជាផលិតផលនាំចេញទៅកាន់ទូទាំងពិភពលោក តាមរយៈការប្រើប្រាស់វិធានការផ្សេងៗ ។
ក្រៅពីវិធានការបង្កើតប្រាក់ចំណូលហើយ ពលរដ្ឋថៃត្រូវតែទទួលបាននូវសេវាព្យាបាលជំងឺដ៏ល្អ ហើយពលរដ្ឋថៃគ្រប់រូបនឹងទទួលបានការព្យាបាលជំងឺស្មើៗគ្នា ។ ពួកគេគ្រាន់តែចំណាយប្រាក់ត្រឹមតែ៣០បាតប៉ុណ្ណោះ (ឬស្មើប្រមាណ៣.០០០រៀល) នៅគ្រប់ទីកន្លែងទាំងអស់ ។
លើសពីនេះ យើងនឹងប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់តភ្ជាប់ទិន្នន័យមូលដ្ឋាន និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធវេជ្ជសាស្ត្រសម្រាប់ពលរដ្ឋថៃ ពេលទៅរកគ្រូពេទ្យ ។ ចាប់ពីពេលនេះទៅ អ្នកជំងឺអាចមិនស្គាល់គ្រូពេទ្យ ប៉ុន្តែគ្រូពេទ្យស្គាល់អ្នកជំងឺ តាមរយៈទិន្នន័យការប្រើប្រាស់សេវាវេជ្ជសាស្ត្រអស់មួយជីវិត ។![Eng-Thai] Advancing rural healthcare in Thailand through technology - HMA](https://www.hospitalmanagementasia.com/wp-content/uploads/2022/12/IMG_7487.jpg)
លោកនាយករដ្ឋមន្ត្រីបន្ថែមថា យើងនឹងបង្កើនចំនួនបុគ្គលិកពេទ្យ និងគិលានុបដ្ឋាយិកាឱ្យគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់ពលរដ្ឋ ។ ក្រៅពីនេះ យើងនឹងថែទាំសុខុមាលភាពរបស់វេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងអស់ឱ្យមានជីវិតល្អប្រសើរ ក៏ដូចជាជួយសម្រាលបន្ទុកពួកគេផងដែរ ។
វិធានការទាំងអស់នេះនឹងធ្វើឱ្យប្រទេសថៃក្លាយជា Medical Hub របស់ Southeast Asia តាមរយៈប្រព័ន្ធថែទាំសុខភាពយ៉ាងល្អសម្រាប់ពលរដ្ឋថៃ ដើម្បីកុំឱ្យពលរដ្ឋថៃមានបញ្ហាក្នុងការទទួលបានសេវាព្យាបាល ។ ដូច្នេះ វានឹងធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺ និងថែទាំសុខភាព ដើម្បីប្រមូលប្រាក់ចំណូលចូលជាតិ ៕










