ប្រទេសអាល្លឺម៉ង់ ៖ បុរសចំណាស់ម្នាក់ អាយុ៨០ឆ្នាំ រស់នៅប្រទេសអាល្លឺម៉ង់ ត្រូវបានគេដាក់ឈ្មោះថា ជាសេដ្ឋីសន្សំសំចៃបំផុតលើពិភពលោក ដោយសារគាត់មានផ្ទះរហូតដល់១០កន្លែង និងមានប្រាក់រាប់លានដុល្លារអាមេរិកក្នុងបញ្ជីធនាគារ ប៉ុន្តែបែរជាគាត់មកដើររើសអាហារ និងសម្ភារៈអេតចាយតាមធុងសំរាមដើម្បីរស់ ។
ជារៀងរាល់ថ្ងៃ គេតែងឃើញបុរសចំណាស់ម្នាក់ដើរនៅតាមផ្លូវនៅប្រទេសអាល្លឺម៉ង់ ហើយគាត់ស្លៀកសម្លៀកបំពាក់ចាស់ៗ និងស្ពាយកាបូបធំឈរនៅមុខធុងសំរាម ដើម្បីកាយរកសម្ភារៈអេតចាយ ម្ហូបអាហារ និងបន្លែបង្ការផ្សេងៗ ។
បុរសចំណាស់នេះឈ្មោះ Heinz b អាយុ៨០ឆ្នាំ ត្រូវបានគេដាក់ឈ្មោះថា ជាសេដ្ឋីសន្សំសំចៃបំផុតលើពិភពលោក ដោយសារគាត់ចិញ្ចឹមជីវិតដោយការរកអាហារ និងលក់សម្ភារៈអេតចាយក្នុងធុងសំរាម ។ បើទោះជាគាត់មានទ្រព្យសម្បត្តិរាប់លានដុល្លារអាមេរិកក្តី ក៏គាត់នៅតែធ្វើបែបនេះជាប្រចាំ ។
មើលទៅលោកតា Heinz b ពិតជាមានសភាពក្រីក្រលំបាក ប៉ុន្តែគាត់ទើបតែបានដកប្រាក់ពីធនាគារ ចំនួន៧សែនអឺរ៉ូ ដើម្បីទិញផ្ទះថ្មីមួយកន្លែងទៀត (ដែលជាផ្ទះទី១០ របស់គាត់) ។ រីឯប្រាក់នៅសល់ចំនួន១សែនអឺរ៉ូ គាត់បានដាក់ចូលក្នុងកុងធនាគារ ដើម្បីយកការប្រាក់ ។
លោកតានិយាយថា គាត់បានសន្សំសំចៃបែបនេះរហូតមក ហើយគាត់ពុំចាំបាច់ចំណាយប្រាក់ទិញអ្វីទេ ។ គាត់នឹងមានសេចក្តីសុខច្រើនជាងនេះ បើគាត់បានស្វែងរកអាហារក្នុងធុងសំរាម និងប្រមូលសម្ភារៈអេតចាយដែលអ្នកដទៃបោះចោល ។
ពេលខ្លះ គាត់បានទិញសម្ភារៈប្រើប្រាស់នៅតាមហាងទំនិញ ប៉ុន្តែភាគច្រើន គាត់បានឃើញបន្លែក្នុងធុងសំរាម ហើយគាត់ក៏ប្រមូលបន្លែទាំងនេះទុកធ្វើម្ហូប ។ គាត់យល់ថា មនុស្សសម័យនេះបានចាយវាយប្រាក់ខ្ជះខ្ជាយ ហើយពួកគេបោះចោលសម្ភារៈប្រើប្រាស់យ៉ាងច្រើន ខណៈសម្ភារៈទាំងនេះនៅតែអាចប្រើប្រាស់បាន ។
សារព័ត៌មានធ្លាប់ចុះផ្សាយពីរឿងរ៉ាវរបស់លោកតាម្តងហើយកាលពីឆ្នាំ២០២១ គឺសារព័ត៌មានចុះផ្សាយថា គាត់ជាម្ចាស់ផ្ទះចំនួន៧កន្លែង ហើយគាត់មានអាផាតមិន ចំនួន២ទៀត ។ ក្រៅពីនេះ គាត់មានប្រាក់ក្នុងកុងធនាគារ ប្រមាណ៤៦ម៉ឺនអឺរ៉ូ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងជាបន្តបន្ទាប់ ។ លោកតា Heinz b ចូលចិត្តទិញផ្ទះក្នុងតំបន់ដូចគ្នា ដើម្បីឱ្យគាត់ងាយស្រួលធាក់កង់ទៅកាន់ផ្ទះរបស់គាត់ ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងអាចជួសជុលផ្ទះដោយខ្លួនឯងទៀតផង ។
កាលពីមុន លោកតាធ្លាប់ធ្វើជាវិស្វករអគ្គិសនី ហើយពេលគាត់ចូលនិវត្តន៍ គាត់ទទួលបានប្រាក់ចំនួន៣.៦០០អឺរ៉ូក្នុង១ខែ ព្រមទាំងប្រាក់ឧបត្ថម្ភចំនួន១៥៦អឺរ៉ូទៀត ។ ភាគច្រើន គាត់យកប្រាក់ទាំងនេះទៅដាក់ក្នុងកុងធនាគារ ដោយសារគាត់មិនត្រូវការចំណាយលើអ្វីច្បាស់លាស់ ។ គាត់បានចំណាយប្រាក់ត្រឹមតែ៥អឺរ៉ូប៉ុណ្ណោះ សម្រាប់ការចាយវាយប្រចាំខែ ។ គាត់គ្មានទូរស័ព្ទដៃប្រើប្រាស់ឡើយ គឺមានតែកុំព្យូទ័រយួរដៃប៉ុណ្ណោះ ។
លោកតាបានចំណាយពេលភាគច្រើនក្នុងការប្រមូលសម្ភារៈចាស់ៗ ដែលអ្នកផ្សេងបោះចោល ។ ក្រៅពីនេះ គាត់បានជិះកង់នៅជុំវិញទីក្រុង ដើម្បីស្វែងរកអ្វីថ្មីៗថែមទៀត ដោយគ្មានពេលឈប់សម្រាក ។ គាត់បានលក់សម្ភារៈចាស់ៗទៅឱ្យអ្នកជិតខាង ឬប្តូរយកម្ហូបអាហារដែលពួកគេមិនបរិភោគ ។
លោកតាគ្មានក្រុមគ្រួសារ និងកូនចៅ ដើម្បីឱ្យគាត់អាចបែងចែកទ្រព្យសម្បត្តិឱ្យទេ ហើយគាត់មិនដឹងថា នៅពេលគាត់ស្លាប់ទៅ តើគាត់នឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ឱ្យអ្នកណា? គាត់មានសាច់ញាតិរស់នៅឆ្ងាយៗដែរ ប៉ុន្តែពួកគេគ្មានប្រាក់បង់ពន្ធទ្រព្យសម្បត្តិទេ ។ ហេតុនេះ គាត់នឹងបែងចែកទ្រព្យសម្បត្តិខ្លះទៅឱ្យអ្នកជួលផ្ទះ ៕










