ប្រទេសចិន៖ តាមការសិក្សាថ្មីមួយបានបង្ហាញថា ការចំណាយលើផលិតផលថែទាំកុមារ ឬសម្ភារៈប្រើប្រាស់មួយចំនួនជាមធ្យមនៃការចិញ្ចឹមកូនក្នុងប្រទេសចិនគឺជិត ៧៨,០០០ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ ដែលជាតម្លៃខ្ពស់បំផុតទីពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង។
កាលពីទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវប្រជាជន Yuwa ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានឱ្យដឹងថា ការចំណាយលើការចិញ្ចឹមកូនក្នុងប្រទេសចិនតាំងពីកុមារភាពរហូតដល់អាយុ ១៨ ឆ្នាំគឺ ៥៣៨,០០០ យន់ (ប្រមាណ ៧៨,០០០ ដុល្លារអាមេរិក) ខ្ពស់ជាងតម្លៃចិញ្ចឹមកូនក្នុងប្រទេសអូស្ត្រាលីរហូតដល់ ២.០៨ដង និង ២.២៤ដងក្នុងប្រទេសបារាំង រួមទាំង ៤.១១ដងនៅសហរដ្ឋអាមេរិក ក៏ដូចជា ៤.២៦ដង នៅក្នុងប្រទេសជប៉ុន។
ការចិញ្ចឹមកូនក៏នាំទៅរកការកាត់បន្ថយម៉ោងការងារ និងអត្រាប្រាក់ឈ្នួលរបស់ស្ត្រីផងដែរ ខណៈដែលជីវភាពរបស់បុរសនៅតែមិនផ្លាស់ប្តូរច្រើនទេ។ របាយការណ៍បានលើកឡើងថា ម្តាយនិងឪពុកបាត់បង់តែពេលទំនេរប៉ុណ្ណោះ ខណៈដែលម្តាយបាត់បង់ការងារចំនួន ២,០១៦ ម៉ោង អំឡុងពេលថែទាំកូនតាំងពីកំណើតដល់អាយុ ៤ ឆ្នាំ និងបាត់បង់ប្រាក់ចំណូលចំនួន ៦៣,០០០ យន់ (ប្រមាណ ៨,៧០០ ដុល្លារ) យោងតាមប្រាក់ខែជាមធ្យម ៣០ យន់ក្នុងមួយថ្ងៃរបស់រដ្ឋាភិបាល ហើយប្រាក់ចំណូលឬប្រាក់ឈ្នួលរបស់ស្ត្រីក៏ធ្លាក់ចុះ ១២-១៧% ផងដែរ។
ហេតុនេះហើយ ដោយសារតែបរិយាកាសសង្គមបច្ចុប្បន្ននៅក្នុងប្រទេសចិនមិនមានភាពរួសរាយរាក់ទាក់ចំពោះការមានកូនរបស់ស្ត្រី ដូចជាការចំណាយខ្ពស់ក្នុងការបង្កើតកូន ការចំណាយពេលវេលាច្រើន និងការលំបាកសម្រាប់ស្ត្រីក្នុងការធ្វើឱ្យមានតុល្យភាពគ្រួសារ ការងារ និងឱកាសសម្រាប់ស្ត្រីក្នុងការមានកូនគឺខ្ពស់ពេក ទើបស្ត្រីជនជាតិចិនភាគច្រើនក៏សម្រេចចិត្តនៅលីវ មិនរៀបការ មិនយកកូន។
របាយការណ៍នេះកើតឡើងបន្ទាប់ពីចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ ២០២៣ ជាមួយនឹងចំនួននៃការកើតថ្មីបានធ្លាក់ចុះមកនៅត្រឹមពាក់កណ្តាលនៃឆ្នាំ ២០១៦។ ស្ត្រីកាន់តែមានទំនោរពន្យារពេល ឬបដិសេធមិនធ្វើជាម្តាយ ដោយសារតែភ័យខ្លាចផលប៉ះពាល់អវិជ្ជមានលើអាជីព និងហិរញ្ញវត្ថុរបស់ពួកគេ។
ទោះជាយ៉ាងណា នៅឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការជំរុញអត្រាកំណើត ដើម្បីកាត់បន្ថយការចំណាយលើការចិញ្ចឹមកូន ចាប់ពីប្រាក់ឧបត្ថម្ភជាសាច់ប្រាក់សម្រាប់កុមារបន្ថែម ការបន្ធូរបន្ថយពន្ធ ដល់ការបញ្ចុះតម្លៃលើសេវាកម្មបង្កើតកូនសិប្បនិម្មិត និងការទទួលបានសេវាមេដោះបរទេសឥតគិតថ្លៃ ដោយគេជឿថាគោលនយោបាយនេះនឹងជួយឱ្យស្ត្រីមានទឹកចិត្តឡើងវិញ៕










