កាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបណ្តាលឱ្យបុរសវ័យ ២៨ឆ្នាំម្នាក់ បានស្លាប់ភ្លាម ដោយសាត្រូវរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកទៅបុកទាំងកំរោល នៅមហាវិថីសហព័ន្ធរុស្សី រួចព្យាយាមបើករត់គេចជាច្រើនគីឡូម៉ែត្រ តែគេចមិនផុត។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា បានឃើញរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកបរក្នុងល្បឿនលឿន បោះពួយមួយទំហឹងទៅបុកម៉ូតូពីក្រោយទាំងកំរោល បណ្តាលឱ្យមនុស្ស និងម៉ូតូខ្ទាតចេញពីគ្នាជាច្រើនម៉ែត្រ។
បន្ទាប់ពីបុករួច រថយន្តបង្កមិនបានឈប់នោះទេ គឺបន្ថែមល្បឿនព្យាយាមបើករត់គេច ពីមហាវិថីសហព័ន្ធរុស្សី ទៅដល់ផ្លូវ២០០៤ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកទាំង៣ និងរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំ ស្វែងរកមុខអ្នកបើកបររថយន្តពិតប្រាកដ ព្រោះក្នុងរថយន្តមានគ្នាដល់ទៅ៣នាក់៕










