បរទេស៖ នៅឆ្នាំ ២០២៣ ក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់រុស្ស៊ី និងឧស្ម័នយក្ស Rosneft បានកត់ត្រាការកើនឡើងប្រាក់ចំណេញសុទ្ធមិនធ្លាប់មានជិត ៥០% ប្រមាណ ១៤ ពាន់លានដុល្លារអាមេរិក នៅក្នុងបរិបទដែលប្រេងកំពុងស្ថិតក្រោមការរឹតបន្តឹងជាច្រើននៅក្នុងទីផ្សារអន្តរជាតិ។
យោងតាម Reuters កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់រុស្ស៊ី Rosneft បានប្រកាសពីប្រាក់ចំណេញសុទ្ធរបស់ខ្លួនក្នុងឆ្នាំ ២០២៣ បានកើនឡើង ៤៧.២% ដល់ ១,៣ ពាន់ពាន់លានរូប្លិ (ប្រមាណ ១៤ ពាន់លានដុល្លារអាមេរិក)។ ដោយក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងពង្រឹងសមត្ថភាពផលិតឧស្ម័នក្នុងបរិបទដែលប្រេងកំពុងស្ថិតក្រោមការរឹតបន្តឹងជាច្រើននៅក្នុងទីផ្សារអន្តរជាតិ។
ខណៈដែលលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងនឹងការនាំចេញថាមពលរបស់រុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយប្រភពចំណូលប្រេង និងឧស្ម័នសំខាន់ៗ បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទោះជាយ៉ាងណា ការដាក់ទណ្ឌកម្មរបស់លោកខាងលិច មិនបានធ្វើឱ្យទីផ្សារប្រេងរុស្ស៊ីធ្លាក់ចុះនោះទេ ផ្ទុយទៅវិញក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់រុស្ស៊ីបានទទួលប្រាក់ចំណេញសុទ្ធលើសពីការរំពឹងទុកទៅទៀត។
កាលពីឆ្នាំមុន ទិន្នផលប្រេង និងឧស្ម័នរបស់ Rosneft បានកើនឡើងរហូតដល់ ២៦៩.៨ លានតោន។ នាយកប្រតិបត្តិក្រុមហ៊ុន Rosneft លោក Igor Sechin បាននិយាយថា ការចំណាយផលិតកម្មរបស់ខ្លួនបានធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងការអនុវត្តការគ្រប់គ្រងការចំណាយដ៏តឹងរឹង។ ប្រាក់ចំណេញមុនពេលបង់ពន្ធ និងរំលោះបានកើនឡើង ១៧.៨% ដល់ ៣ ពាន់ពាន់លានរូប្លែ ហើយប្រាក់ចំណូលបានកើនឡើង ១.៣% ដល់ ៩.២ ពាន់ពាន់លានរូប្លិ៍។
ទោះជាយ៉ាងណាក៏ដោយ លោក Sechin បាននិយាយថា ការកើនឡើងអត្រាការប្រាក់ជាប់ៗគ្នារបស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីកាលពីឆ្នាំមុនក៏បានប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចុប្បន្នផងដែរ ដោយសារអត្រាការប្រាក់យោងនៅក្នុងប្រទេសនេះគឺ ១៦%។ លោកបានបន្តថា៖ «ដោយសារអត្រាការប្រាក់បានកើនឡើងជាបន្តបន្ទាប់ក្នុងឆមាសទីពីរនៃឆ្នាំនេះ ទើបឥឡូវក្រុមហ៊ុនត្រូវផ្តោតលើការកាត់បន្ថយសម្ពាធបំណុលវិញ»។ ដូច្នេះសម្រាប់ការចំណាយលើការប្រាក់របស់ Rosneft ក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុនបានកើនឡើង ១.៥ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕










