ស្ទើរតែមិនគួរឱ្យជឿធ្លាប់តែឃើញពីភាពផ្អែមល្អែមនិងមិនដែលឃើញលោកបញ្ចេញអារម្មណ៍មានបញ្ហាល្អក់កករណាមួយក្នុងរង្វង់គ្រួសារស្រាប់តែតារាចម្រៀង យឿន ពិសី ចេញមកប្រកាសក្តែងៗផ្តាច់ទំនាក់ទំនងជាមួយភរិយាទាំងយប់។ ការបញ្ចប់ជីវិតគ្រួសារនេះ យឿន ពិសី មិនបានបញ្ចេញមូលហេតុនោះទេដោយលោកថាមិនចង់បំពុលសង្គមចំណែកឯកូនៗទាំងពីរលោកនឹងធានាចិញ្ចឹមនិងផ្ដល់អាហារកិច្ចដល់កូនលោកអាយុ១៨ឆ្នាំ។
យឿន ពិសី ម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ បានបង្ហោះសំណេរនៅលើបណ្តាញសង្គម នៅយប់ថ្ងៃទី២១ កុម្ភៈ ដោយបានរៀបរាប់ថា «ខ្ញុំបាទ យឿន ពិសី សូមជម្រាបជូនពុកម៉ែបងប្អូនដែលជា Fan គាំទ្ររូបខ្ញុំបាទទាំងអស់ឱ្យបានជ្រាបថា ចាប់ពីពេលនេះតទៅខ្ញុំបាទសូមបញ្ចប់ជីវិតគ្រួសារដែលមានឈ្មោះជាប្ដីប្រពន្ធជាមួយភរិយាខ្ញុំចាប់ពីពេលនេះតទៅ។ ចំពោះហេតុផលខ្ញុំសុំមិនបញ្ចេញបញ្ចូលអ្វីច្រើនទេ ព្រោះខ្ញុំមិនចង់បំពុលសង្គម ហើយខ្ញុំក៏មិនចង់ឱ្យសង្គមមួយនេះច្របូកច្របល់ដោយសាររឿងអស់ទាំងនេះទៀតដែរ»។
ការប្រកាសផ្តាច់ទំនាក់ទំនងជាមួយភរិយារៀបការបាន៣ឆ្នាំទទួលបានចំណងដៃកូនពីរនាក់ យឿន ពិសី នៅតែផ្តល់អាហារកិច្ចដល់កូនៗដដែលទោះបីលែងមានឈ្មោះជាប្តីប្រពន្ធ។ តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ីបាននិយាយថា «សម្រាប់កូនៗទាំងពីររបស់ខ្ញុំ ខ្ញុំនឹងធានាចិញ្ចឹមគាត់និងផ្ដល់អាហារកិច្ចជូនគាត់ចាប់ពីពេលនេះតទៅរហូតដល់គាត់មានអាយុ ១៨ ឆ្នាំ»។
យឿន ពិសី បន្ថែមទៀតថា លោកសង្ឃឹមថាគ្រប់យ៉ាងនិងរក្សាបាននូវសន្តិភាពផ្លូវចិត្តរៀងខ្លួនដោយគ្មានការដាក់សម្ពាធឬបិទសិទ្ធិឬតាមរំខានពីភាគីណាមួយទៀតឡើយ។ ខ្លឹមសារដែលលោកបង្ហោះនៅថ្ងៃនេះលោកសុំស្ងប់ស្ងាត់ចាប់ពីពេលនេះតទៅ ចំពោះរឿងគ្រួសារជីវិតជាប្ដីប្រពន្ធមួយនេះលោកសុំមិនបកស្រាយអ្វីច្រើនទៀតទេ» ។
ម្ចាស់ពានរូបនេះ និងអ្នកនាង ហេង កក្កដា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ ក្នុងរយៈពេល៣ឆ្នាំមកនេះអ្នកទាំងពីរទទួលបានចំណងដៃកូនពីរនាក់ ប្រុសមួយស្រីមួយ។
រយៈពេលប៉ុន្មានឆ្នាំមកនេះ យឿន ពិសី បានបង្ហាញពីជីវិតមានសុភមង្គលនៅក្នុងគ្រួសារទោះបីជាពេលខ្លះលោកបានត្អូញត្អែរខ្លះៗរឿងចំណូលបន្តិចក្តី។ មិនដែលបង្ហាញភាពរកាំរកូសស្រាប់តែចេញមកប្រកាសផ្តាច់ទំនាក់ទំនងជាមួយភរិយាតែម្តងធ្វើឱ្យអ្នកគាំទ្រលោកបានត្រឹមតែបង្ហាញការសោកស្តាយ៕










