សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បុគ្គលិករត់តុក្នុងភោជនីយដ្ឋានបានឈរស្រឡាំងកាំង នៅពេលភ្ញៀវឱ្យលុយធីបច្រើនខ្លាំងពេក ខណៈថ្លៃម្ហូបអាហាររបស់ភ្ញៀវអស់តិចតួចប៉ុណ្ណោះ ។ បុគ្គលិករត់តុរូបនេះញីភ្នែកចុះឡើង ព្រោះស្មានថា ភ្ញៀវសរសេរលើសលេខសូន្យមួយខ្ទង់ ប៉ុន្តែភ្ញៀវបានលើកឡើងនូវហេតុផលមួយនេះ ។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលិករត់តុនៅភោជនីយដ្ឋានមួយកន្លែងនៅរដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានជួបភ្ញៀវម្នាក់ចិត្តល្អ ។ បុគ្គលិករត់តុ និយាយថា ភ្ញៀវរូបនេះបានឱ្យលុយធីបដល់អ្នករត់តុ រហូតដល់១ម៉ឺនដុល្លារអាមេរិក ខណៈថ្លៃអាហាររបស់ភ្ញៀវអស់ត្រឹមតែ៣២.៤៣ដុល្លារអាមេរិក ប៉ុណ្ណោះ ។
ចំណែក Tim Sweeney គឺជានាយកគ្រប់គ្រងភោជនីយដ្ឋាន លើកឡើងថា កន្លងមក ខាងភោជនីយដ្ឋានមិនធ្លាប់ជួបភ្ញៀវ ដែលហ៊ានផ្តល់លុយធីបឱ្យយើងក្នុងទឹកប្រាក់យ៉ាងច្រើនបែបនេះទេ ។ ជាធម្មតា ភ្ញៀវភាគច្រើនឱ្យលុយធីបដល់បុគ្គលិកយើង ត្រឹមតែ១០០ដុល្លារអាមេរិក ។ ប៉ុន្តែសម្រាប់ភ្ញៀវម្នាក់នេះវិញ តម្លៃអាហាររបស់ភ្ញៀវអស់ត្រឹមតែ៣២.៤៣ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែភ្ញៀវបែរជាឱ្យលុយធីបច្រើនជាងតម្លៃអាហារ ។ ហេតុនេះ រូបគាត់ជានាយកគ្រប់គ្រងភោជនីយដ្ឋាន ក៏ប្រញាប់រត់ទៅជជែកជាមួយភ្ញៀវចិត្តល្អ ។
ភ្ញៀវចិត្តល្អដែលបានផ្តល់លុយធីបឱ្យបុគ្គលិករត់តុក្នុងភោជនីយដ្ឋាន ឈ្មោះ «Mark» បានប្រាប់ពីហេតុផលដែលគាត់ផ្តល់រង្វាន់ជាលុយធីបយ៉ាងច្រើននេះថា ៖ «វាជាការផ្តល់កិត្តិយសដល់មិត្តសម្លាញ់របស់ខ្ញុំម្នាក់ ដែលទើបតែទទួលមរណភាព» ។
រីឯបុគ្គលិករត់តុ ប្រាប់ថា ៖ «ភ្ញៀវចិត្តល្អរូបខាងលើបានធ្វើដំណើរមកទីក្រុងនេះ ដើម្បីចូលរួមពិធីបុណ្យសពមិត្តភក្តិរបស់គាត់ ។ ហេតុនេះ គាត់ចង់កាន់ទុក្ខមិត្តភក្តិម្នាក់ដែលទើបតែស្លាប់ ហើយប្រាក់នេះអាចធ្វើឱ្យមនុស្សជាច្រើនទៀតរីករាយ និងស្រស់ថ្លាក្នុងជីវិត» ។
ហាងភោជនីយដ្ឋាន ក៏បានបែងចែកលុយធីបចំនួន១ម៉ឺនដុល្លារអាមេរិក ទៅបុគ្គលិកក្នុងភោជនីយដ្ឋានចំនួន៩នាក់ ដែលពួកគេបានធ្វើការនៅថ្ងៃនោះ ។ ហេតុនេះ បុគ្គលិកម្នាក់ៗទទួលបានប្រាក់ចំនួន១.១០០ដុល្លារអាមេរិក ។
បុគ្គលិកភោជនីយដ្ឋានម្នាក់ឈ្មោះ Mulik និយាយថា នាងទើបតែបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Western Michigan ហើយនាងមានគម្រោងថា នឹងយកប្រាក់នេះ (លុយធីបពីភ្ញៀវ) ទៅសងគេវិញ ពីព្រោះនាងបានខ្ចីប្រាក់គេសម្រាប់ចំណាយក្នុងការសិក្សា ៕










