ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥។
ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load) ចំនួន ៥៥T ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២៥ ដោយបច្ចុប្បន្នស្ពាននេះ សាងសង់សម្រេចបាន៤០ភាគរយហើយ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន ២៨កន្លែងប្រវែង ១៧២១,៤៦ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។ ផ្លូវនេះគ្រោងចំណាយប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕










