ករណីការហាមឃាត់ និងអប់រំអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ដឹកភ្ញៀវចាក់ចម្រៀង និងពិសាស្រាបៀរតាមទីសាធារណៈ ត្រូវបានអ្នកលេងតាមបណ្តាញសង្គមមួយចំនួន សម្តែងការមិនពេញចិត្ត ទៅលើចំណាត់ការរបស់សមត្ថកិច្ច។
អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងដោយមិនពេញចិត្តផ្សេងៗគ្នាថា៖”ខ្ញុំយល់ថា Beer Bus គឺជាការច្នៃប្រឌិតមួយ ដែលទាក់ទាញភ្ញៀវទេសចរ។ ខ្ញុំមិនគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលសង្កាត់ចតុមុខ ក្នុងការបិទ ឬផ្អាក នូវដំណើរការ នៃរថយន្ត Beer Bus ទេ។
ដោយឡែកគណនីមួយទៀតបានលើកឡើងថា៖”គេធ្វើចឹង គេទាក់ទាញទេសចរណ៍ចង់ជិះ តែដល់រដ្ឋធ្វើចឹង ទេសចរណ៍មានអ្វីចាប់អារម្មណ៍ថ្មីៗ ទៅ មិនមែនមានតែប្រាសាទអង្គរ រងចាំទេសចរមកទស្សនានោះទេ។ ត្រូវមានអ្វីផ្សេងៗ ដែលលោកខាងលិច គេចង់សាក ចង់ដឹង។
ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖”ការប្រកបមុខរបរធ្វើអាជីវកម្ម លើវិស័យទេសចរណ៍ ដោយស្របច្បាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិតជាមានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការប្រកបមុខរបរ ដើម្បីបង្កើនជីវភាព និងទាក់ទាញទេសចរណ៍។ ប៉ុន្តែក្នុងករណីរាល់រថយន្ត ដែលធ្វើដំណើរតាមដងផ្លូវ គឺដែលមានការប្រើប្រាស់មធ្យោបាយ ជាពិសេសរថយន្ត ត្រូវតែមានការបញ្ជាក់ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការបង់ពន្ធផ្លូវ ស្លាកលេខ និងល្បឿន”។
ស្នងការ បានសង្កត់ធ្ងន់ថា៖ “ច្បាប់ បានអនុញ្ញាតទៅលើសហគ្រាសរបស់គាត់(បៀរ បាស) គឺអនុញ្ញាតធ្វើអាជីវកម្មនៅតំបន់អចល័ត ដែលជាទីតាំងប្រភេទអាជីវកម្ម បើកភោជនីយដ្ឋាន នៅក្នុងកន្លែងទេសសចរណ៍ ដើរកម្សាន្ត ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ជាងនេះ ដោយឃើញការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈ ដែលមានការចាក់ចម្រៀង ច្រៀងរាំ គងរំពង និងពិសាស្រាបៀរតាមផ្លូវសាធារណៈ គឺមានហានីភ័យ អាចបង្កបញ្ហាគ្រោះ ដោយប្រការណាមួយ ហើយក៏ជាកាយវិកាមិនសមរម្យ បង្កភាពរញ៉េរញ៉ៃ និងជាគំរូមិនល្អ នៅក្នុងសង្គម”៕










