សហរដ្ឋអាមេរិក ៖ យោងតាមលទ្ធផលការស្រាវជ្រាវមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងកីឡា មកពីវិទ្យាស្ថានស្រាវជ្រាវជាច្រើននៅសហរដ្ឋអាមេរិក និងអឺរ៉ុបបង្ហាញថា ការហាត់ប្រាណចាប់ពី៣០នាទី ទៅ៤០នាទីក្នុង១ថ្ងៃ នឹងអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាព ដែលកើតឡើងដោយសារការអង្គុយធ្វើការរយៈពេលយូរ ។ ជាទូទៅ មនុស្សភាគច្រើនបានអង្គុយជាមធ្យម ស្មើនឹង១០ម៉ោងក្នុង១ថ្ងៃ ។
ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ និងកីឡាអង់គ្លេស បញ្ជាក់ថា បើយើងបានហាត់ប្រាណតិចតួច ឬបានក្រោកឈរឡើងដើម្បីផ្លាស់ប្តូរឥរិយាបថឱ្យបានទៀងទាត់ក្នុងអំឡុងពេលថ្ងៃ វានឹងអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាពបានខ្លះ ដោយសារការអង្គុយធ្វើការ ។ ប៉ុន្តែការហាត់ប្រាណដោយប្រើប្រាស់កម្លាំងជាមធ្យមក្នុងរយៈពេលយូរជាង៤០នាទី និងការហាត់ប្រាណខ្លាំងក្លាក្នុងរយៈពេល៣០នាទី វានឹងអាចកាត់បន្ថយផលប៉ះពាល់សុខភាពរាងកាយរបស់យើង ដោយសារការអង្គុយធ្វើការរហូតដល់១០ម៉ោងក្នុង១ថ្ងៃ ។
ពាក្យណែនាំនេះបានមកពីការវិភាគលទ្ធផលសាកល្បងមួយ ដែលទទួលបានពីការស្រាវជ្រាវនាពេលកន្លងមក ។ ការសាកល្បងទាំងនេះមានអ្នកស្ម័គ្រចិត្តចូលរួមរហូតដល់៤៤.៣៧០នាក់ មកពី៤ប្រទេស ហើយពួកគេម្នាក់ៗបានពាក់ឧបករណ៍វាស់កាយសម្បទាជាប់នឹងខ្លួនក្នុងអំឡុងពេលសាកល្បង ។
លទ្ធផលបង្ហាញថា អត្រាហានិភ័យនៃការស្លាប់នឹងកើនឡើងខ្ពស់ ប្រសិនបើយើងអង្គុយធ្វើការនៅស្ងៀមមួយកន្លែង និងពុំសូវបានក្រោកដើរ ។ ផ្ទុយពីនេះ អត្រាហានិភ័យនៃការស្លាប់នឹងមិនផ្លាស់ប្តូរទេ ករណីអ្នកនោះបានហាត់ប្រាណ ចាប់ពី៣០នាទី ទៅ៤០នាទីក្នុង១ថ្ងៃ បើទោះជាអ្នកនោះត្រូវអង្គុយធ្វើការរយៈពេលយូរស្ទើរពេញ១ថ្ងៃក្តី ។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា សម្រាប់ក្រុមមនុស្សដែលអង្គុយធ្វើការរយៈពេលយូរ ប៉ុន្តែពួកគេបានហាត់ប្រាណជារៀងរាល់ថ្ងៃ គឺអត្រាហានិភ័យនៃការស្លាប់នឹងស្ថិតក្នុងកម្រិតទាប ឬស្មើនឹងក្រុមមនុស្សដែលបានបញ្ចេញកម្លាំងពលកម្មជាប្រចាំ ។
សាស្ត្រាចារ្យម្នាក់ឈ្មោះ Emmanuel Stamatakis ជានិពន្ធនាយករបស់ទស្សនាវដ្តី BJSM ប្រាប់ថា ការហាត់ប្រាណដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព ដោយសារការអង្គុយធ្វើការរយៈពេលយូរ គឺយើងអាចធ្វើបានតាមវិធីជាច្រើន ដូចជា ៖ ការដើរលឿន, ការធាក់កង់, ការរៀបចំសួនច្បារ និងការដើរឡើង-ចុះកាំជណ្តើរឱ្យបានច្រើនដងក្នុង១ថ្ងៃ ។
ការណែនាំក្នុងការស្រាវជ្រាវនេះ គឺស្របតាមគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ ដែលអង្គការនេះបានណែនាំឱ្យមនុស្សគ្រប់គ្នាហាត់ប្រាណដោយប្រើកម្លាំងជាមធ្យម ចាប់ពី១៥០នាទី ដល់៣០០នាទីក្នុង១សប្តាហ៍ ឬហាត់ប្រាណប្រើកម្លាំងខ្លាំង ចាប់ពី៧៥នាទី ដល់១៥០នាទីក្នុង១សប្តាហ៍ ។ ហេតុនេះ ការហាត់ប្រាណនឹងអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាព ដោយសារការមិនចូលចិត្តធ្វើចលនារាងកាយរបស់មនុស្សសម័យថ្មី ៕










