លោក ហារ៉ាយុទ្ធ ដែលធ្លាប់មានរឿងចម្រូងចម្រាសជាមួយតារារ៉េប វណ្ណដា ពេលនេះបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកម្តងទៀតបន្ទាប់ពីលោក និងគណនីហ្វេកប៊ុកមួយឈ្មោះ Jee Mey បានផ្ទុះសង្គ្រាមពាក្យសម្តីឌឺដងផ្លែផ្កាដាក់គ្នា។ រឿងនេះកាន់តែរីករាលខ្លាំងបន្ទាប់ពី ហារ៉ាយុទ្ធ ទប់កំហឹងលែងជាប់ថែមទាំងផ្លែផ្កាទៅដល់អាយដលម្ខាងទៀតគឺ វណ្ណដា ។
ដើមចមដំបូងនៃរឿងនេះបានកើតឡើងនៅក្នុងកម្មវិធីមួយដែល ហារ៉ាយុទ្ធ បានទៅគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស ច្រៀងក្នុងកម្មវិធី ហើយគណនីហ្វេកប៊ុកមានឈ្មោះថា Jee Mey បានបង្ហោះរូបភាពដោយក្នុងរូបភាពនោះជាប់រូបលោកព្រមទាំងដាក់ចំណងជើងថា «តោះយើង យីសហាស់ទល់មុខជ្រូកតូច»។ បន្ទាប់ពីគណនីនេះបង្ហោះរូបភាពខ្លួនអមជាមួយសម្តីស៊កសៀតពាក្យថាជ្រូកតូចនេះលោក ហារ៉ាយុទ្ធ បានបង្ហោះឡើងវិញភ្ជាប់ជាមួយសម្តីថា «ប្រដៅ fan ផងបើសិនជាថ្លៃថ្នូរ»។
ភ្លើងកម្តៅកាន់តែក្តៅងំ នៅក្នុង Story របស់លោក ហារ៉ាយុទ្ធ បានពួយមួយរយៗដាក់គណនី Jee Mey ព្រោះតែការមិនពេញចិត្តដែលបានបង្ហោះរូបលោក។ ចំណែកឯគណនី Jee Mey នេះបានអះអាងនៅលើអាខោនរបស់ខ្លួនដែរថា ការថតជាប់លោក ហារ៉ាយុទ្ធ គឺជារឿងចៃដន្យប៉ុណ្ណោះ។
ហារ៉ាយុទ្ធ បាននិយាយទៀតថា អ្នកនិយាយថារឿងហ្វេនមក bully អាយដល នោះលោកបានឆ្លើយតបថា ក្រែងអាយដលអ្នកថ្លៃថ្នូរចុះមិចមិនប្រដៅហ្វេនរឿងប៉ុណ្ណឹងៗដោយលោកថាគេធ្វើតារាប៉ុននេះដែលសម្តៅទៅកាន់វណ្ណដា គឺមាន fans club ហើយចេះណែនាំខ្លះទៅរឿងបញ្ចប់អស់ហើយប៉ុន្តែនៅតែដើរខាំគេមិនព្រមលែង។
ដោយភ្លើងកម្តៅកាន់តែខ្លាំង ហារ៉ាយុទ្ធ បានលើកឡើងទៀតថា មិនមែនស៊េរីធ្វើកម្មវិធីឱ្យហ្វេនចូលរួមអស់លុយនោះទេគួរតែយល់ហើយ គ្នាលោកធ្វើកម្មវិធីដែលសម្តៅដល់ ជី ដេវីត និង ទេព បូព្រឹក្ស លក់សំបុត្រយកតម្លៃធម្មតាម៉ាឱ្យហ្វេនសប្បាយបើចង់សប្បាយអាចមកបានព្រោះអត់ដែលមាន Concert ច្រើនចឹងហើយច្រណែនហ្វេនអត់មានកន្លែងសប្បាយអាចមកសប្បាយកន្លែងគ្នាលោកបាន ។
ការផ្ទុះសង្គ្រាមមពាក្យសម្តីរវាងហ្វេន វណ្ណដា និង ហ្វេន ជី ដេវីត តែងតែកើតមាននៅលើបណ្តាញសង្គមដែលហ្វេនៗទាំងសងខាងតែងតែឌឺដងពាក្យសម្តីទៅវិញទៅមកម្តងហើយម្តងទៀតមិនចេះចប់។ ការឈ្លោះគ្នាទាំងសាមីខ្លួន វណ្ណដា និង ជី ដេវីត បញ្ចប់ហើយនៅឡើយតែហ្វេនៗមួយចំនួនរករឿងគ្នាទៅវិញទៅមកនេះជាហេតុធ្វើឱ្យអាយដលរបស់ខ្លួនអាប់ឈ្មោះកិត្តិយសទៅជាមួយដែរ។ ដូច្នេះហ្វេនៗគួរគិតឱ្យល្អិតល្អន់មុននឹងធ្វើអ្វីមួយទៅព្រោះរាល់ការមានរឿងឈ្លោះទាស់ទែងជាមួយគ្នាមិនដែលមានផលល្អទេថែមទាំងដោយទៅទាំងអាយដលផងដែរ៕










